ជាតិ
តំណាងអតីតបុគ្គលិក NagaWorld និងភាគីក្រុមហ៊ុន ជួបចរចាគ្នា៥លើក នៅតែគ្មានផ្លែផ្កា
28, Dec 2021 , 2:55 pm        
រូបភាព
កូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍កាលពីថ្ងៃទី២៤ធ្នូ ២០២១។ រូបដោយ ឡាយ សុភាវតី
កូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍កាលពីថ្ងៃទី២៤ធ្នូ ២០២១។ រូបដោយ ឡាយ សុភាវតី
ភ្នំពេញ៖ ការជួបចរចាគ្នាលើកទី៥ រវាងតំណាងអតីតបុគ្គលិកណាហ្គាវើលដ៍ និងតំណាងក្រុមហ៊ុន មិនមានលទ្ធផលផ្លែផ្កាឡើយ។ តំណាងអតីតបុគ្គលិកនៅតែបន្តទាមទារឲ្យក្រុមហ៊ុនទទួលយកពួកគេចូលធ្វើការវិញ ហើយភាគីក្រុមហ៊ុនមិនព្រម។


 
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលប្រជុំដោះស្រាយវិវាទការងារនៅក្រមហ៊ុនណាហ្គាវើលដ៍ ក្រោយពីជួបពិភាក្សាគ្នារវាងភាគីវិវាទទាំងពីរ កាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២១។ ក្នុងជំនួបចរចាគ្នា ជាមួយលោក Mike Ngai ជាតំណាងភាគីក្រុមហ៊ុននោះ ភាគីខាងលោកស្រី ឈឹម ស៊ីថរ និងលោកមេធាវី ហម ស៊ុនរិទ្ធិ ជាតំណាងអតីតនិយោជិតកម្មករ៣៥៧នាក់ មិនព្រមឯកភាពគ្នាក្នុងការទទួលសំណងបញ្ចប់កិច្ចសន្យា។ ភាគីទាំងពីរនៅតែមិនព្រមព្រមព្រៀងបញ្ចប់វិវាទ។ 
 
«ដោយភាគីអតីតបងប្អូនកម្មករនិយោជិតដែលនៅសេសសល់ពីការព្រមទទួលយកសំណងទូទាត់បញ្ចប់កិច្ចសន្យាតាមច្បាប់ នៅតែបន្តទាមទារឲ្យក្រុមហ៊ុនទទួលយកចូលធ្វើការវិញ ។ចំណែកឯភាគីក្រុមហ៊ុននៅតែរក្សាជំហរមិនទទួលយកចូលធ្វើការវិញទេ ដោយឯកភាពទូទាត់សំណងត្រឹមត្រូវតាមច្បាប់»។​ នេះបើតាមលិខិតប្រកាសព័ត៌មានរបស់ក្រសួងការងារ ដោយបញ្ជាក់ថា ក្រសួងនឹងបន្តព្យាយាមសម្របសម្រួលតាមនីតិវិធីបន្តទៀត។ ទន្ទឹមនឹងនេះ ក្រសួងអំពាវនាវឲ្យភាគីទាំងពីរសហការជាមួយក្រសួង និងសមត្ថកិច្ច ដើម្បីបញ្ចប់វិវាទនេះ ចៀសវាងខាតប្រយោជន៍ ព្រមទាំងរងផលវិបាកតាមច្បាប់ជាយថាហេតុទាំងពីរ។ 


 
គិតចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៨ ធ្នូនេះ មានរយៈពេល១១ថ្ងៃហើយ ដែលអតីតបុគ្គលិក រួមបុគ្គលិកដែលកំពុងបម្រើការងារក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុន។ ពួកគេនៅតែអះអាងថា បន្តធ្វើកូដកម្មរហូតដល់ភាគីក្រុមហ៊ុន យល់ព្រមទទួលឲ្យពួកគេប្រមាណ៣០០នាក់ចូលទៅបំពេញការងារវិញ។ 
 
កញ្ញា ហៃ សុភាព ដែលជាបុគ្គលិកបម្រើការងារក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ខ្លួនមិនចូលបំពេញការងារឡើយ ដោយចូលរួមធ្វើកូដកម្មជាមួយអតីតបុគ្គលិក ដើម្បីឲ្យភាគីក្រុមហ៊ុនទទួលមិត្តរួមការងារចូលបម្រើការងារវិញ។
 
«ទោះប្រើពេលយូរថ្ងៃយ៉ាងណាក្នុងការធ្វើកូដកម្ម ក៏ពួកខ្ញុំមិនរុញរាចិត្តឡើយ គឺនៅតែបន្ត រហូតព្រមទទួលគ្នាខ្ញុំឲ្យចូលធ្វើការវិញ ហើយបញ្ហាផ្សេងៗទៀតចាំជួបចរចាគ្នាដោះស្រាយបន្តទៀត»។ នេះបើតាមកញ្ញា សុភាព ដោយបន្ថែមថា ចាប់តាំងពីថ្ងៃធ្វើកូដកម្មរហូតដល់ឥឡូវ គឺមានក្រុមជនស្លៀកពាក់ស៊ីវិលឈរចាំឃ្លាំងមើល និងតាមដានក្រុមកញ្ញាជាប្រចាំ។ 


 
​ទោះ​ជា​ប៉ូលិស​តាម​ដាន​ផ្ទះ​របស់​សហជីព និង​រង់ចាំ​នៅ​ក្រៅ​ផ្ទះ​ក្តី ក៏ជំហររបស់កម្មករ នៅធ្វើកូដកម្មរហូតដល់ក្រុមហ៊ុនបំពេញតាមការទាមទារនិយោជិត។ នេះបើតាមលោកស្រី ឈឹម ស៊ីថរ ប្រធានសហជីពនៃបុគ្គលិកណាហ្គាវើល (LRSU) ដែលគាំទ្រសិទ្ធិការងារ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៤ធ្នូ ដោយច្រានចោលទាំងស្រុងដែលថា កូដកម្មនេះរៀបចំឡើងដោយជនបរទេស៕ 

Tag:
 វិវាទការងារ
  NagaWorld
© រក្សាសិទ្ធិដោយ thmeythmey.com