ជាតិ
សមត្ថកិច្ច បញ្ជូនបុគ្គលិកណាហ្គាវើលដ៍៦រូប ទៅតុលាការ ខណៈ៣រូបទៀត ត្រូវបានដោះលែង
03, Jan 2022 , 12:02 pm        
រូបភាព
សកម្មជនទាំង៦រូប ដែលត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២ មករា ២០២២។ (រូបពី លីកាដូ)
សកម្មជនទាំង៦រូប ដែលត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២ មករា ២០២២។ (រូបពី លីកាដូ)
ភ្នំពេញ៖ ​សមត្ថកិច្ច បានបញ្ជូនបុគ្គលិក៦រូប ដែលចូលរួមតវ៉ានឹងក្រុមហ៊ុនណាហ្គាវើលដ៍ ទៅតុលាការភ្នំពេញម្តងទៀត នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ ដើម្បីសាកសួរបន្ត។ ចំណែក បុគ្គលិក៣រូបទៀត ត្រូវបានសមត្ថកិច្ចដោះលែងវិញ។ ករណីនេះ សង្គមស៊ីវិលជាច្រើនបានថ្កោលទោស និងស្នើឲ្យដោះលែងជាបន្ទាន់។

 
 
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុងចំណោមអ្នកតវ៉ាទាំង៩រូប​ ដែលត្រូវចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ធ្នូ ឆ្នាំ២០២១ មាន៦នាក់ត្រូវសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ លោកថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម នៅព្រឹកថ្ងៃទី៣មករា ឆ្នាំ២០២២ យ៉ាងដូច្នេះថា៖ «មេដឹកនាំបាតុកម្មខុសច្បាប់ដែលយើងឃាត់ខ្លួនបាន នៅព្រឹកនេះ មាន៦នាក់ត្រូវបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត ហើយ៣នាក់ទៀត ត្រូវបានណែនាំអប់រំ ហើយដោះលែង»។ 
 
ប្រធានសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុនណាហ្គាកាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បានបញ្ជាក់ថា ការចាប់ខ្លួនក្រុមរបស់កញ្ញានៅយប់ថ្ងៃទី៣១ធ្នូ ឆ្នាំ២០២១ គឺមាន១០រូប រួមមាន មេដឹកនាំសហជីព និងបុគ្គលិក៩រូប និងម្នាក់ទៀត ជាប្ដីរបស់បុគ្គលិក ដែលចូលរួមតវ៉ាដែរ។ ប៉ុន្តែ លោក សាន សុខសីហា ឥតបានឆ្លើយតបអ្វីឡើយជាមួយសារព័ត៌មានថ្មីៗ ជុំវិញសំណួរពាក់ព័ន្ធនឹងបុរសដែលជាប្ដីរបស់បុគ្គលិកនោះ។  
 
ជុំវិញករណីនេះ លោក អំ សំអាត នាយករង​ទទួលបន្ទុក​​ឃ្លាំមើល​សិទ្ធិមនុស្សនៃអង្គការ​លីកាដូ បានបញ្ជាក់ថា ពួកគេទាំង៦នាក់នោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការម្ដងរួចមកហើយ កាលពីថ្ងៃទី២មករា ហើយនៅព្រឹកថ្ងៃទី៣មករានេះ គឺបញ្ជូនទៅសាកសួរម្ដងទៀត។ លោក មានប្រសាសន៍ថា៖«៤រូបទៀត យើងអត់ឃើញបញ្ជូនមកតុលាការទេ។ ដូច្នេះ យើងមិនដឹងថា ពួកគាត់ត្រូវបានដោះលែងឬយ៉ាងនោះទេ»។  
 
បុគ្គលិកណាហ្គាកាវើលដ៍ទាំង៦រូបនោះ រួមមាន អ្នកស្រី ឈឹម សុខន អ្នកស្រី ឃ្លាំង សុបិន្ត កញ្ញា សុន ស្រីពេជ្រ អ្នកស្រី រី សុវណ្ណឌី និង អ្នកស្រី ហៃ សុភាព ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញបញ្ជូនទៅកាន់តុលាការភ្នំពេញ។  
 
ពាក់ព័ន្ធនឹងការចាប់ខ្លួននេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១មករា បានចេញសេចក្ដីបំភ្លឺព័ត៌មានថា ការឃាត់ខ្លួនអ្នកទាំង៩នាក់នេះ ធ្វើឡើងតាមមាត្រា៤៩៤ និង មានត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ 
 
ក្រោយមានពីការចាប់ខ្លួនសកម្មជនខាងលើនេះ សង្គមស៊ីវិល និងមេសហជីព បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងស្នើឲ្យមានការដោះលែងពួកគេជាបន្តបន្ទាប់។ ក្រុមសង្គមស៊ីវិល សហជីពធំៗ និងបុគ្គលិកណាហ្គាកាវើលដ៍សុទ្ធតែអះអាងថា សកម្មភាពតវ៉ាធ្វើឡើងដោយសន្តិវិធី។ ប៉ុន្តែ អាជ្ញាធរចាត់ទុកថា ជាបាតុកម្មខុសច្បាប់។ 
 
ទោះបីមានការចាប់ខ្លួននិងហាមឃាត់ពីអាជ្ញាធរយ៉ាងណាក៏ដោយ កញ្ញា ឈឹម ស៊ីថរ អះអាងថា ក្រុមរបស់កញ្ញា នឹងនៅតែបន្តតវ៉ាដដែល។ កញ្ញាថ្លែងយ៉ាងដូច្នេះថា៖ «ថ្ងៃនេះបុគ្គលិកនឹងបន្តធ្វើកូដកម្មម៉ោង២រសៀលដល់ម៉ោង៦ល្ងាច»៕ 
 



Tag:
 វិវាទការងារ
  សិទ្ធិមនុស្ស
  ណាហ្គាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com