ជាតិ
សមត្ថកិច្ច ចាប់បុគ្គលិកណាហ្កាវើលដ៍១៥នាក់ទៀត ក្នុងនោះស្ត្រីមានផ្ទៃពោះម្នាក់
03, Jan 2022 , 5:30 pm        
រូបភាព
បុគ្គលិកណាហ្គាវើលដ៍ តវ៉ាកាលពីចេញតវ៉ាកាលពីថ្ងៃទី២៤ធ្នូ ២០២១។ រូបដោយ ឡាយ សុភាវតី
បុគ្គលិកណាហ្គាវើលដ៍ តវ៉ាកាលពីចេញតវ៉ាកាលពីថ្ងៃទី២៤ធ្នូ ២០២១។ រូបដោយ ឡាយ សុភាវតី
ភ្នំពេញ៖ នៅម៉ោងជាង២រសៀលថ្ងៃ៣មករា ឆ្នាំ២០២២នេះ បុគ្គលិកណាហ្កាវើលដ៍១៥នាក់បន្ថែមទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពួកគេប្រមូលផ្ដុំគ្នានៅក្បែរស្ថានទូតអូស្រ្តាលី។

  
 
ប្រធានសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុនណាហ្កាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា អ្នកទាំង១៥នាក់ដែលសមត្ថកិច្ចចាប់ខ្លួននោះ បុគ្គលិកប្រុសម្នាក់នាក់ ហើយស្រី្ត១៤នាក់ ដោយមានស្រី្តមានផ្ទៃពោះម្នាក់ផងដែរ។  មេសហជីពរូបនេះ ថ្លែងថា៖«ការចាប់ខ្លួនជាបន្តបន្ទាប់នេះ គឺជាការបន្ថែមបញ្ហាលើបញ្ហា គឺបញ្ឆេះកំហឹងបងប្អូនយើងបន្ថែម»។ កញ្ញា បង្ហាញជំហរថា ក្រុមខ្លួននៅតែបន្តតវ៉ា ទោះចាប់ខ្លួនជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ 
 
ពាក់ព័ន្ធនឹងការចាប់ខ្លួនបុគ្គលិកណាហ្កាវើលដ៍បន្ថែមនេះ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនទាន់ឆ្លើយតបនឹងសារព័ត៌មានថ្មីៗ  ដែលចោទសួរលោកតាមប្រព័ន្ធតេឡេក្រាមនោះទេ។ 
 
លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស (អង្គការសង់ត្រាល់) បានបង្ហាញការសោកស្ដាយយ៉ាងខ្លាំងចំពោះករណីនេះ។ លោកក៏យល់ដូចមេសហជីពខាងលើដែរថា ទង្វើររបស់សមត្ថកិច្ចក្នុងការចាប់ខ្លួនបុគ្គលិកណាហ្គាវើលដ៍ជាបន្តបន្ទាប់នេះ គឺធ្វើស្ថានការណ៍កាន់តែអាក្រក់ទៅៗ ខណៈពួកគេធ្វើកូដកម្មដោយសន្តិវិធី។ លោក មើលឃើញថា ទង្វើបែបនេះរបស់កងកម្លាំង នឹងបង្ហាញឲ្យសាធារណៈឃើញអំពើទង្វើអយុត្តិធម៌កាន់តែច្រើន ដោយសារកម្មករទាំងអស់មានសិទ្ធិក្នុងធ្វើកូដកម្មស្របតាមច្បាប់រដ្ឋធម្មនុញ។ 
 
លោក មានប្រសាសន៍ថា៖«អាជ្ញាធរគួរតែព្យាយាមស្វែងរកដំណោះស្រាយ ជាងជាចាប់ខ្លួន គំរាមកំហែងដល់កម្មករ»។ 
 
សូមរម្លឹកថា មានបុគ្គលិកណាហ្កាវើលដ៍៦នាក់រួចមកហើយ ដែលត្រូវឃាត់ខ្លួន និងបញ្ជូនទៅតុលាការ៕
 

Tag:
 វិវាទការងារ
  ណាហ្គាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com