ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ផ្ដាំទៅប្រមុខការទូតម៉ាឡេស៊ី កុំឱ្យព្រហើនពេក
21, Jan 2022 , 2:36 pm        
រូបភាព
សម្ដេច ហ៊ុន សែន ផ្ដាំទៅប្រមុខការទូតម៉ាឡេស៊ី កុំឱ្យព្រហើនពេក ចំពោះការប្រើប្រាស់សម្ដីមិនគប្បីមកលើសម្ដេច ដែលជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ។ សម្ដេច ផ្ដាំផ្ញើរសារនេះ តាមរយៈសន្ទនាការងារតាមប្រព័ន្ធទូរស័ព្ឌ ជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី នៅថ្ងៃទី២១ មករានេះ។

 
សម្ដេច ហ៊ុន សែន មិនពេញចិត្តចំពោះពាក្យសម្តីរបស់លោក Saifuddin Abdullah រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី ដែលរិះគន់លើដំណើរទស្សនកិច្ចរបស់សម្ដេច ទៅមីយ៉ាន់ម៉ា ក្នុងគោលបំណងរកដំណោះស្រាយបញ្ហាប្រទេសមួយនេះ ។ សម្ដេច បានបន្ថែមថា រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីរូបនេះ ក៏បានប្រព្រឹត្តទង្វើមិនត្រឹមត្រូវក្នុងក្របខណ្ឌអាស៊ាន។
 
សម្ដេច ហ៊ុន សែន បានផ្ដាំផ្ញើរសារតាមរយៈលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ថា៖«កុំឱ្យរដ្ឋមន្ត្រីការបរទេស(ម៉ាឡេស៊ី)នេះ ព្រហើនពេកដែលមានសំដីសំដៅមិនគប្បីចំពោះថ្នាក់ដឹកនាំអាស៊ាន ជាពិសេសប្រធានអាស៊ានតែម្ដង ដែលមិនសមជាភាសាការទូត ដូច្នេះហើយកុំឲ្យយកលក្ខណៈព្រហើនដែលលើកឡើងកន្លងទៅនេះ មិនដូចភាពជាក់ស្ដែងដែលអ្នកមួយចំនួន ដែលគេតាមដានការងារអាស៊ាន ឬធ្វើការងារអាស៊ាននេះ ហើយគាត់ខ្វះនូវការគួរសមទៀតផង» ។
 
រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah កាលពីថ្ងៃទី១៣ ខែមករា បានលើកឡើងថា សម្តេចហ៊ុន សែន គួរតែពិភាក្សាជាមួយមេដឹកនាំអាស៊ាន មុនដំណើរទស្សនកិច្ចទៅមីយ៉ាន់ម៉ាក្នុងនាមជាប្រធានផ្លាស់វេន។ ទន្ទឹមនេះ ប្រមុខការទូតម៉ាឡេស៊ីរូបនេះ បានចាត់ទុកទស្សនកិច្ចសម្តេច ហ៊ុន សែន នៅមីយ៉ាន់ម៉ា មិនទទួលបានជោគជ័យឡើយ។
 
«មនុស្សមួយចំនួន បានយល់ថា សម្តេច ហ៊ុន សែន មិនគួរធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាឡើយ ដោយសារទស្សនកិច្ចនោះ ត្រូវបានយល់ថា ជាការទទួលស្គាល់របបសឹក»។ នេះបើតាមលោក Saifuddin។
 
ចំពោះបញ្ហាមីយ៉ាន់ម៉ានេះ សម្ដេច ហ៊ុន សែន បានអះអាងថា សម្ដេចជាអ្នកដាំដើមឈើ មិនមែនទៅកាប់ឈើនោះទេ ហើយអ្នកមិនគាំទ្រសម្ដេចនោះ ហាក់គិតថាដាំដើមឈើតែមួយថ្ងៃ ឬពីថ្ងៃ ហើយចង់បានផ្លែផ្កាភ្លាមៗ ដែលវាមិនអាចទៅរួចឡើយ។ 
 
«ដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា គឺដើម្បីជំរុញដោះស្រាយស្ថានភាពទាល់ច្រក ដើម្បីរកច្រកចេញ ហើយជាពិសេសស្ថានភាពនៅមីយ៉ាន់ម៉ាពីមុនហើយនិងស្ថានភាពនៅពេលនេះ គឺមិនដូចគ្នាទេ ដោយសារនៅមីយ៉ាន់ម៉ា ពីមុនមានរដ្ឋាភិបាលតែមួយ ប៉ុន្តែបច្ចុប្បន្ននេះ គឺថាអាចមានរដ្ឋាភិបាល២ឯណោះ។ នេះជាការបញ្ជាក់រសប់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលបានបន្ថែមថា ក្នុងកាលៈទេសៈនេះ កម្ពុជា ធ្វើក៏ខុស ហើយមិនធ្វើក៏ខុស ។ ប៉ុន្តែគោលដៅសំខាន់របស់សម្ដេច គឺទម្លាយភាពទាល់ច្រកពាក់ព័ន្ធនឹងសភាពការណ៏នៅមីយ៉ាន់ម៉ា ដែលមានលក្ខណៈស្មុគស្មាញនេះ។
 
ត្រង់ចំណុចសម្ដេច ហ៊ុន សែន បានប្រាប់លោក វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ីថា អ្វីដែលមីយ៉ាន់ម៉ា ត្រូវការពេលនេះ គឺដំណោះស្រាយដែលមានលក្ខណៈពេញលេញ ហើយមានពេលវេលាយូរអង្វែង។ ដូច្នេះសម្ដេច សង្កត់ធ្ងន់ថា សម្ដេចទៅទស្សនកិច្ចមីយ៉ាន់ម៉ា មិនមែនបង្កើតភាពស្មុគស្មាញនោះទេ ប៉ុន្តែវាជាការរកមធ្យោបាយដោះស្រាយភាពទាល់ច្រកនេះ ដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ា ។
 
ចំពោះដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ានេះ សម្ដេច ហ៊ុន សែន និងមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានសម្រេចបទឈប់បាញ់នៅមីយ៉ាន់ម៉ា រយៈពេល៥ខែ រហូតដល់ចុងខែកម្ភៈ ឬដល់ចុងឆ្នាំ២០២២។ 
 
ភាគីទាំងពីរគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ រួមមានប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន តំណាងមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមការងារថ្នាក់ជាតិដើម្បីសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌និងគ្រប់គ្រងគ្រោះមហន្តរាយ សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា និងភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធ។ ការធ្វើបែបនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ជាពិសេសប្រជាជនដែលកំពុងត្រូវការជំនួយបំផុត។
 
 
បន្ថែមពីនេះ សម្ដេច បានលើកជាគំនិតនៅក្នុងការបង្កើតជាយន្តការ អាស៊ាន-ត្រយការ ដើម្បីឱ្យមានការចូលរួមជួយដល់មីយ៉ាន់ម៉ា ។ ជាពិសេសគំនិតផ្ដួចផ្ដើមរបស់ឥណ្ឌូណេស៊ី ដែលចង់បង្កើតក្រុមអ្នកសង្កេតការណ៍ ដោយប្រើប្រាស់មន្ត្រីស្ថានទូតរបស់បណ្ដាប្រទេសអាស៊ានប្រចាំនៅទីក្រុងយ៉ាំងហ្គូន នៃប្រទេសមីយ៉ាន់ម៉ានេះ ។ គំនិតទាំងអស់នេះ នឹងត្រូវលើកយកទៅពិភាក្សាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ខាងមុខ ។
 
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក វីដូដូ ចាត់ទុកគំនិតសម្ដេចលើកឡើងនេះ មានអត្ថប្រយោជន៍ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា រួមទាំងការបន្តអនុវត្តគោលការណ៍ទាំង ៥ ដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានសម្រេចជាឯកច្ឆន្ទរួចហើយនេះហ្វេសប៊ុកសម្ដេច ហ៊ុន សែន បានស្រង់សម្តីប្រធានាធិបតីឥណ្ឌូនេស៊ី ដូច្នេះថា៖« ឥណ្ឌូណេស៊ីពិតជាគាំទ្រដល់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការងារនេះ។ រីឯចំណុចផ្ដួចផ្ដើមផ្សេងទៀតដូចជា អាស៊ាន-ត្រយការ និងយន្តការផ្សេងទៀតនេះ គឺយើងនឹងពិភាក្សាឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបពិភាក្សាគ្នា ដើម្បីរកមធ្យោបាយក្នុងការជំរុញការងារទៅមុខទៀត»៕

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com