ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានអាស៊ាន ផ្តាំទៅមីយ៉ាន់ម៉ា៖ បើចង់វ៉ៃគ្នា សូមអញ្ជើញចុះ!
07, Feb 2022 , 11:29 pm        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ នៅក្រុងក្រចេះ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ នៅក្រុងក្រចេះ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។
សង្គ្រាម នឹងនៅតែអូសបន្លាយ បើប្រជាជនមីយ៉ាន់ម៉ា ប្រកាន់ជំហរមិនព្រមចរចាជាមួយពួកយោធា ដែលកំពុងកាន់អំណាច។ នេះជាសាររបស់មេដឹកនាំកម្ពុជា ជូនទៅប្រជាជនមីយ៉ាន់ម៉ា។



តាំងពីដើមមក ប្រជាជនមីយ៉ាន់ម៉ា ដែលប្រឆាំងនឹងរបបយោធា មិនស្វាគមន៍បន្តិចសោះឡើយ នៅពេលនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ ចូលខ្លួនជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរថា ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា គន្លឹះសំខាន់ គឺត្រូវជជែកជាមួយពួកយោធាមីយ៉ាន់ម៉ា ដែលកំពុងគ្រប់គ្រងមីយ៉ាន់ម៉ា។ 
 
ដោយសារប្រកាន់ជំហរបែបនេះហើយ ទើបមេដឹកនាំកម្ពុជា បានទៅជួបលោកឧត្តមសេនីយ៍  មីន អ៊ុងឡាំង មេយោធាកំពូលរបស់មីយ៉ាន់ដោយផ្ទាល់ដល់មីយ៉ាន់ម៉ា ហើយក្រោយមក ថែមទាំងបានជជែកគ្នាតាមប្រព័ន្ធវីអូដេអូថែមទៀត។ ទាំងការជជែកដោយផ្ទាល់ ទាំងការជជែកតាមប្រព័ន្ធវីដេអូ ចំណុចសំខាន់១ ដែលមេដឹកនាំកម្ពុជា ស្នើទៅមេយោធាមីយ៉ាន់ម៉ា គឺបញ្ឈប់ការបាញ់គ្នា និងការប្រើអំពើហិង្សា។ យ៉ាងណាក៏ដោយ គេ នៅតែឃើញមានការផ្ទុះអាវុធនៅមីយ៉ាន់ម៉ាដដែល។ 
 
ចំពោះប្រជាជនមីយ៉ាន់ម៉ា ពេលពួកគេ ឃើញមេដឹកនាំកម្ពុជា និងពួកយោមីយ៉ាន់ម៉ា មានទំនាក់ទំនងជាមួយគ្នា ពួកគេ ក៏យល់ថា មេដឹកនាំកម្ពុជា ហាក់ចង់ទទួលស្គាល់ភាពស្របច្បាប់របស់ពួកយោធាមីយ៉ាន់ម៉ា។ មកដល់ពេលនេះ ប្រជាជនមីយ៉ាន់ម៉ាខ្លះ មិនទាន់ឈប់ជេរប្រទេចមេដឹកនាំកម្ពុជានោះទេ។ 

មេដឹកនាំកម្ពុជា មើលឃើញថា ការបិទទ្វារសម្រាប់ពួកយោធា ពោលគឺ ការមិនចង់មានការចរចាជាមួយពួកយោធា គឺមិនអាចដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាបានឡើយ។ ប្រមុខរដ្ឋាភិបាលកម្ពុជា មើលឃើញទៀតថា បើគ្រប់ភាគីនៅមីយ៉ាន់ម៉ា មិនចាចរជាមួយគ្នា ការវាយប្រហារគ្នាដោយអាវុធ នឹងមិនត្រូវបានបញ្ឈប់នោះទេ។  
 
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ក្នុងក្រុងក្រចេះ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារជូនគ្រប់ភាគីនៅមីយ៉ាន់ម៉ាយ៉ាងដូច្នេះថា៖«បើអ្នកឯង ចង់ទាត់ចោលពួកយោធា អ្នកឯង ធ្វើសង្គ្រាម៥០ឆ្នាំថែមទៀត សូមអញ្ជើញចុះ។ បើចង់វ៉ៃគ្នា សូមអ្នកអញ្ជើញវៃចុះ»។ 
 
សម្តេចនាយករដ្ឋមន្រ្តី ចោទសួរថា តើអ្នកឯង មានលទ្ធភាពផ្តួលរំលំពួកយោធាឬទេ ហើយអ្នកឯង មានយោធាប៉ុន្មាននាក់ ដើម្បីច្បាំងជាមួយពួកយោធាប្រមាណកន្លះលាននាក់ ដែលកំពុងកាន់អំណាច? ប្រធានអាស៊ានឆ្នាំ២០២២រូបនេះ លើកឡើងថា វិធីសាស្រ្ត ដែលខ្លួនប្រើដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា គឺត្រូវពន្លត់ភ្លើងសង្រ្គាមជាមុនសិន ហើយចាំគិតពីដំណើរការប្រជាធិបតេយ្យ និងបញ្ហាផ្សេងទៀតតាមក្រោយ។ 
 
ថ្វីបើរដ្ឋាភិបាលកម្ពុជា ចាប់ដៃគូជាមួយពួកយោធាមីយ៉ាន់ម៉ាក្តី តែទីបំផុត រដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន បានសម្រេចិត្តមិនអញ្ជើញរដ្ឋមន្រ្តីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា ឲ្យចូលរួមប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឡើយ ក្រោយវាយតម្លៃថា ពួកយោធាមីយ៉ាន់ម៉ា អនុវត្តបានតិចតួចពេកនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ាន។
 
កិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច រួមមាន ទី១ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា ត្រូវបញ្ឈប់ជាបន្ទាន់ ហើយភាគីទាំងអស់ ត្រូវរក្សាភាពអត់ធ្មត់ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយស្ថាបនា ដើម្បីជាប្រយោជន៍ប្រជាជន ទី៣ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន ទី៤ អាស៊ាន ផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌អាស៊ាន ទី៥ បេសកជនពិសេស និងប្រតិភូ ត្រូវធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធ។
 
កាលពីអំឡុងខែមេសា ឆ្នាំ២០២១ មេដឹកនាំប្រទេសក្នុងអាស៊ាន បានប្រជុំគ្នានៅឥណ្ឌូណេស៊ី ដើម្បីរួមគ្នារកដំណោះស្រាយនៅមីយ៉ាន់ម៉ា ដោយកិច្ចប្រជុំនោះ ក៏មានវត្តមានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ផងដែរ។ តាមរយៈកិច្ចប្រជុំនាពេលនោះ មេដឹកនាំប្រទេសក្នុងអាស៊ាន បានសម្រេចដាក់ចេញកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនេះ ដើម្បីយកទៅដោះស្រាយជម្លោះនៅមីយ៉ាន់ម៉ា។

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងប្រព្រឹត្តរយៈពេល២ថ្ងៃជាប់គ្នា គឺថ្ងៃទី១៦ និងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅកម្ពុជា។ ដូចកាលពីព្រុយណេធ្វើជាប្រធានអាស៊ានឆ្នាំ២០២១ដែរ កម្ពុជា បានអញ្ជើញតំណាងរបស់ពួកយោធាមីយ៉ានម៉ាត្រឹមកម្រិតមិនមែននយោបាយប៉ុណ្ណោះ ឲ្យចូលរួមប្រជុំជំនួស។ កាលនោះ របបយោធាមីយ៉ាន់ម៉ា ពុំបានបញ្ជូនតំណាង ទៅចូលរួមប្រជុំតាមការអញ្ជើញរបស់ព្រុយណេឡើយ។
 
សូមរម្លឹកពីសាវតារថា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារ និងដណ្តើមអំណាចបានទាំងស្រុងពីអ្នកស្រី អ៊ុងសាន ស៊ូជី ដែលជាមេដឹកនាំមីយ៉ាន់ម៉ា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ អ្នកស្រី អ៊ុងសាន ស៊ូជី ដែលមានតួនាទីផ្លូវការជាទីប្រឹក្សារដ្ឋ តែគេ ចាត់ទុកជាមេដឹកនាំកំពូលរបស់មីយ៉ាន់ម៉ា ក្នុងការបំពេញការងារជាក់ស្តែង ត្រូវបានលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ចាប់អ្នកស្រី ដាក់ពន្ធនាគារជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតក្នុងជួររដ្ឋាភិបាលរបស់អ្នកស្រី។
 
គិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ មានប្រជាជន១៥១៩នាក់ ដោយមានទាំងកុមារផង ត្រូវបានសម្លាប់ក្នុងព្រឹត្តិការណ៍ធ្វើបាតុកកម្មប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ខណៈ១១៩៨០នាក់ កំពុងជាប់ឃុំ។ នេះបើផ្អែកតាមរបាយការណ៍ពីសមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយមីយ៉ាន់ម៉ា (Assistance Association of Political Prisoners)។
 
មានមូលហេតុធំៗ២យ៉ាង នៃការឈានដល់ការធ្វើរដ្ឋប្រហារ គឺទី១ ពួកយោធាមីយ៉ាន់ម៉ា យល់ថា ការបោះឆ្នោត មានការលួចបន្លំ ហើយទី២ ពួកយោធា ខឹងនឹងរដ្ឋាភិបាលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ដែលឈ្នះឆ្នោតសម្រាប់អាណត្តិថ្មី មិនព្រមពិនិត្យលទ្ធផលបោះឆ្នោតឡើងវិញ ដែលពួកគេ បានស្នើសុំ។ របបយោធាមីយ៉ាន់ម៉ា អះអាងថា នឹងរៀបចំការបោះឆ្នោតឡើងវិញ នៅខែសីហា ឆ្នាំ២០២៣។
 
មីយ៉ាន់ម៉ា ទើបតែមានពន្លឺប្រជាធិបតេយ្យរយៈពេលខ្លី ក្នុងអំឡុងនៃការដឹកនាំរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ហើយត្រូវរលត់ទៅវិញ បន្ទាប់ពីពួកយោធា ធ្វើរដ្ឋប្រហារ។ ការធ្វើរដ្ឋប្រហារនេះ បាននាំឲ្យមីយ៉ាន់ម៉ា វិលទៅរករបបយោធាសាជាថ្មី៕
 

Tag:
 កម្ពុជា
  វិបត្តិមីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com