ជាតិ
សេដ្ឋកិច្ច
កម្ពុជាកំពុងសិក្សាគម្រោងស្ដារព្រែក និងអូរ ពីឃុំព្រែកអំបិល ខេត្តកណ្តាល ដល់ខេត្តកែប លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងថ្លែងប្រាប់អ្នកសារព័ត៌មាន។
× ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងសិក្សាអំពីលទ្ធភាព ស្តារ និងជីកអូរ-ព្រែក ពីឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ឆ្ពោះទៅមាត់សមុទ្រក្នុងភូមិសាស្រ្តខេត្តកែប។ នេះបើតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ដោយបញ្ជាក់ថា ការសិក្សានេះគឺដើម្បីបង្កើតកំពង់ផែ ដែលអាចឲ្យនាវាដឹកទំនិញធំៗ ចរាចរណ៍ទៅមកបានរវាងទន្លេ និងសមុទ្រ ។
លោក ស៊ុន ចាន់ថុល រំពឹងថា កម្ពុជានឹងអាចមានច្រកសេដ្ឋកិច្ចថ្មីមួយទៀតក្នុងការដោះដូរទំនិញសម្រាប់កម្ពុជា និងអន្តរជាតិតាមផ្លូវទឹក ខណៈក្រសួងកំពុងសិក្សាពីគម្រោង ស្តារព្រែក និងអូរ បឹង រួមទាំងប្រព័ន្ធធារាសាស្រ្តផ្សេងៗ ពីទន្លេបាសាក់ ត្រង់ចំណុចឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ឆ្ពោះទៅកាន់មាត់សមុទ្រនៃខេត្តកែប។
«ការសិក្សាដំបូងបំផុតរបស់យើងបានបង្ហាញថា យើងអាចមានលទ្ធភាពក្នុងការស្តារព្រែក អូរ និងប្រព័ន្ធធារាសាស្ត្ររបស់យើង ហើយជីកបន្ថែមប្រហែលពី៥ទៅ៧គីឡូម៉ែត្រទៀត ដើម្បីទឹកនេះធ្លាយទៅដល់ខេត្តកែប តែម្តង»។ លោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់អ្នកសារព័ត៌មានបែបនេះ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណងTS១១ របស់កំពង់ផែស្វយ័តភ្នំពេញ នាថ្ងៃទី២៥ មេសា។
បើតាមលោករដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន គម្រោងស្តារព្រែក និងអូរ នៃទន្លេបាសាក់ ចាប់ពីព្រែកអំបិល ដល់ខេត្តកែបនេះ គឺមានប្រវែង១៦៨គីឡូម៉ែត្រ។ លោកបន្តនិយាយដូច្នេះ៖ «នៅក្នុង១៦៨គីឡូម៉ែត្រនោះ មាន១១៥គីឡូម៉ែត្រ គឺជាផ្លូវទឹកដែលអាចធ្វើដំណើរបានទាំងខែប្រាំងនិងខែវស្សា។ ២៨គីឡូម៉ែត្រ គឺជាប្រព័ន្ធធារាសាស្ត្រ។ អ៊ីចឹង! យើងត្រូវការប្រវែងពី៥ទៅ៧គីឡូម៉ែត្រ នៅខាងចុង[នៃទន្លេ] ដែលធ្លាយទៅទឹកសមុទ្រយើង។
បច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាគម្រោងខាងលើនេះឱ្យបានគ្រប់ជ្រុងជ្រាយ ដោយផ្តោតលើការប្រើប្រាស់កញ្ចប់ថវិកា រួមទាំងផលប៉ះពាល់ផ្សេងៗនៃការអនុវត្តគម្រោង។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការសិក្សានេះ មានការឯកភាពពី សម្តេច ហ៊ុន សែន រួចហើយ។
កាលពីថ្ងៃទី២២មេសា ឆ្នាំ២០២២ ក្រសួងបានប្រកាសថា ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) បានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព (Feasibilty Study) នៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់។ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ នឹងធ្វើឱ្យប្រសើរឡើងនូវ ការដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្ម៕
© រក្សាសិទ្ធិដោយ thmeythmey.com