ជាតិ
សេដ្ឋកិច្ច
កម្ពុជា រំពឹងទទួលបានទេសចរអន្តរជាតិ ១លាននាក់ ក្នុងឆ្នាំ២០២២
21, May 2022 , 11:29 pm        
រូបភាព
លោកស្រី អេនជេលីណា ជោលី (Angelina Jolie) និងក្រុមការងារ_មកទស្សនាប្រាសាទអង្គវត្តកាលពីខែកុម្ភៈ ឆ្នាំ២០២២(ស្ត្រីស្លៀកសម្លៀកបំពាក់ និងពាក់ម៉ាសពណ៌ស)។រូប៖ក្រសួងទេសចរណ៍
លោកស្រី អេនជេលីណា ជោលី (Angelina Jolie) និងក្រុមការងារ_មកទស្សនាប្រាសាទអង្គវត្តកាលពីខែកុម្ភៈ ឆ្នាំ២០២២(ស្ត្រីស្លៀកសម្លៀកបំពាក់ និងពាក់ម៉ាសពណ៌ស)។រូប៖ក្រសួងទេសចរណ៍
ដោយ:
ភ្នំពេញ៖ កម្ពុជា​រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ១លាននាក់ នៅក្នុងឆ្នាំ២០២២ ខណៈរយៈពេល៤ខែមកនេះ​ មានទេសចរអន្តរជាតិជាង២៤នាក់ បានមកកម្សាន្តនៅកម្ពុជា។

 
ពីខែមករាដល់ខែមេសា​ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ២៤១ ៤៨៥នាក់។ ចំនួននេះ គឺកើនដល់១៩១,៥ភាគរយ និងទេសចរផ្ទៃក្នុងកើនបាន១៦១,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២១។ យោងតាមទិន្នន័យនេះ ក្រសួងទេសចរណ៍វាយតម្លៃថា​  កំណើនភ្ញៀវទេសចរ នឹងអាចងើបឡើងលឿនយ៉ាប់ឆាប់ ចាប់ពីខែសីហា តទៅ។ 
 
សម្រាប់ឆ្នាំ២០២២ ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងទទួលភ្ញៀវទេសចរសរុបប្រមាណ១០លាននាក់។ ក្នុងនោះ ទេសចរអន្តរជាតិមានពី៨០ម៉ឺនទៅ១លាននាក់ និងទេសចរផ្ទៃក្នុងមានចំនួន៩លាននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍នាថ្ងៃទី១៨ឧសភា​ ដោយបញ្ជាក់ថា ភ្ញៀវទេសអន្តរជាតិអាទិភាពរបស់កម្ពុជា គឺមានជនជាតិវៀតណាម ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ចិន កូរ៉េខាងត្បូង ជប៉ុន អាម៉រិក បារាំង និងអង់គ្លេស។ 
 
បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប​ សុភ័ក វិស័យទេសចរណ៍កម្ពុជានឹងវិលមកសភាពដូចវិញមុនពេលមានវិបត្តិកូវីដ-១៩នៅក្នុងឆ្នាំ២០២៥ ដោយនៅឆ្នាំ២០២៣ កម្ពុជារំពឹងទទួលបានទេសចរផ្ទៃក្នុង១១លាននាក់ និងទទួលបានទេសចរអន្តរជាតិ​ចំនួន៧លាននាក់នៅក្នុងឆ្នាំ២០២៥។​
 
ក្តីរំពឹង បានកើតឡើងបន្ទាប់ពី កម្ពុជាសម្រេចបើកទទួលទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងពេញពេញចាប់តាំងខែវិច្ឆិកា ឆ្នាំ២០២១មក ខណៈចលនាទេសចរផ្ទៃក្នុងគឺមានការកើនឡើងយ៉ាងផុសផុល។​
 
លោក តុប សុភ័ក បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) នាព្រឹកថ្ងៃទី២១ឧសភាថា៖ «ចំណុចសំខាន់ គឺយើងឃើញស្ថានភាពនៃចលនាទេសចរក្នុងយើងមានការផុសផុល ហើយការផុសផុលធ្វើឱ្យមានកំណើនទេសចរក្នុងស្រុក​ប្រមាណ២៥-៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍»។ លោក បញ្ជាក់ថា៖ « ចំនួននេះ អាចចាត់ទុកបានថា ជាចំនួនមួយដ៏ច្រើន ហើយក៏វាស្មើនឹងចំនួននៃភ្ញៀវទេសចរក្នុងស្រុក មុនពេលមានវិបត្តិកូវីដ-១៩ ផងដែរ»។
 
តាមអ្វីដែលអ្នកនាំពាក្យក្រសួងទេសចរណ៍លើកឡើងខាងលើ ចរន្តនៃកំណើនទេសចរក្នុងស្រុក គឺមានការងើបឡើងវិញយ៉ាងលឿន។ ទន្ទឹមគ្នានេះ កំណើនទេសចរអន្តរជាតិក៏ងើបឡើងវិញជាសន្សឹមៗផងដែរ ពីព្រោះកម្ពុជា គឺរក្សាបានជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងបៃតងសម្រាប់ទេសចរគ្រប់ៗរូប រួមទាំងមានការបន្ធូរបន្ថយលក្ខខណ្ឌច្រើនដល់ទេសចរ៕
 

Tag:
 ទេសចរណ៍
  លោក តុប សុភ័ក
© រក្សាសិទ្ធិដោយ thmeythmey.com