ជាតិ
បោះឆ្នោត
អ្នកនាំពាក្យ បង្ហើបថា បក្សប្រជាជន បានអាសនៈឃុំ-សង្កាត់ច្រើនលើសលប់ តែមិនទាន់បង្ហាញតួលេខជាក់លាក់
07, Jun 2022 , 11:22 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅបោះឆ្នោត នៅការិយាល័យបោះឆ្នោតសាលាគរុកោសល្យ វិក្រឹតការក្រុង ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅបោះឆ្នោត នៅការិយាល័យបោះឆ្នោតសាលាគរុកោសល្យ វិក្រឹតការក្រុង ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
ដោយ៖ ទេពញាណ 

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងក្រៅផ្លូវការថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈឃុំ-សង្កាត់ច្រើនលើសលប់ ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ដែលទើបកន្លងទៅ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ចំពោះតួលេខពិតប្រាកដថា គណបក្សកាន់អំណាចនេះ ទទួលបានអាសនៈឃុំ-សង្កាត់ប៉ុន្មាននោះ លោក មិនទាន់ហ៊ានបញ្ចេញឡើយ ខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់ប្រកាស។

 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ លោក សុខ ឥសាន ថ្លែងដូច្នេះថា៖«ខ្ញុំ គ្រាន់តែដឹងជារួមថា គណបក្សប្រជាជន ឈ្នះលើសលប់ ក្នុងចំណោម១៦៥២ឃុំ-សង្កាត់ហ្នឹង។ អត់ទាន់និយាយបានថា [អាសនៈ ដែលបាន] មានប៉ុន្មានភាគរយ ឬប៉ុន្មានតួលេខទេ»។  
 
ឃុំ-សង្កាត់ទាំង១៦៥២នៅទូទាំងប្រទេស មានបេក្ខជនសរុប១១៦២២នាក់មកពី១៧គណបក្ស ដែលឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់អាណត្តិទី៥នេះ។ ក្នុងចំណោមគណបក្សទាំង១៧ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀនទេ ដែលបានដាក់បេក្ខជនច្រើនជាងគេ។ គណបក្សប្រជាជនកម្ពុជា ដាក់បេក្ខជននៅគ្រប់ឃុំ-សង្កាត់ទាំង១៦៥២ ឯគណបក្សភ្លើងទៀន ដាក់បេក្ខជនបាន១៦២៣ឃុំ-សង្កាត់។ 
 
របាយការណ៍គ.ជ.ប បានឲ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋជាង៩,២លាននាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានជាង៧,៣លាននាក់ ដែលបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥។ ចំនួនជាង៧,៣លាននាក់នេះ ស្មើនឹងជាង៨០ភាគរយ។ 
 
ទីភ្នាក់ងារសារព័ត៌មាន អេភី (AP) ចុះផ្សាយកាលពីថ្ងៃទី៦ ខែមិថុនា ដោយផ្អែកលើតួលេខពីគ.ជ.ប ថា គណបក្សប្រជាជនកម្ពុជា ទទួលសន្លឹកឆ្នោតចំនួន៥,៣លាន ខណៈគណបក្សភ្លើងទៀន ទទួលបានសន្លឹកឆ្នោតចំនួន១,៦លាន។ តាមរយៈតួលេខនៃសន្លឹកឆ្នោតនេះ ទីភ្នាក់ងារសារព័ត៌មាន AP រកឃើញថា ក្នុងចំណោមអាសនៈឃុំ-សង្កាត់សរុបចំនួន១១៦២២ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធាន ទទួលបានអាសនៈចំនួន៩៣៣៨ ហើយគណបក្សភ្លើងទៀន ដែលមានលោក ទាវ វណ្ណុល ជាប្រធាន ទទួលបានអាសនៈចំនួន២១១៩ ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ 
 
លោក សុខ ឥសាន បំភ្លឺថា តួលេខខាងលើ ដែលផ្សាយដោយសារព័ត៌មាន AP គឺជាតួលេខក្រៅផ្លូវការ ដោយមិនទាន់អាចយកជាការបានឡើយ ដរាបណា មិនទាន់មានការប្រកាសជាផ្លូវការពីគ.ជ.ប។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ មានប្រសាសន៍ដូច្នេះថា៖«ទោះបីយើងគិត ក៏គិតផ្ទៃក្នុងយើង យើង អត់ទាន់ប្រកាសផ្សាយទេ ព្រោះអាហ្នឹង វាខុសច្បាប់។ បើគ.ជ.ប មិនទាន់ប្រកាសទេ យើង ក៏អត់ទាន់និយាយមុនគេដែរ»។
 
ក្រោយបោះឆ្នោតរួចហើយ គណបក្សខ្លះ ចេញសេចក្តីថ្លែងការណ៍សរសើរពីដំណើរការប្រព្រឹត្តទៅនៃការបោះឆ្នោត ខណៈគណបក្សខ្លះទៀត បានចេញសេចក្តីថ្លែងការណ៍រិះគន់ និងបង្ហាញការមើលឃើញថា ដំណើរការបោះឆ្នោត មិនទាន់មានលក្ខណៈល្អប្រសើរគ្រប់ជ្រុងជ្រោយនោះទេ៕   
 

Tag:
 គណបក្សប្រជាជនកម្ពុជា
  សុខ ឥសាន
  អាសនៈ
  បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com