ជាតិ
អាងត្រពាំងថ្ម ជាកន្លែងកម្សាន្ត សម្បូរដោយធនធានធម្មជាតិ និងជីវចម្រុះនៅខេត្តបន្ទាយមានជ័យ
02, Jul 2022 , 7:00 pm        
រូបភាព
ដោយ:
បន្ទាយមានជ័យ៖ អាងត្រាំងថ្ម ទីតាំងសម្បូរដោយធនធានធម្មជាតិ ដែលអាចបម្រើដល់វិស័យទេសចរណ៍និងជាប្រភពចំណូលសម្រាប់ពលរដ្ឋនៅជុំវិញតំបន់នេះ។ អាងត្រាំថ្ម កំពុងដើរតួរនាទីសំខាន់សម្រាប់ផ្តល់ជាជម្រកដល់ត្រីមេពូជទឹកសាបច្រើនប្រភេទ នៅក្នុងខេត្តបន្ទាយមានជ័យ។


សហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍អាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ មានផ្ទៃដីសរុប ១២៦០៥០​ហិកតា ដែលមានបណ្ដាយ១៥គីឡូម៉ែត្រ និងមានទទឹង ១១គីឡូម៉ែត្រ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ 
 
លោក​ តក់ ប៊ុយ អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិ ទេសចរណ៍អាងត្រពាំងថ្ម បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា បច្ចុប្បន្ន អាងត្រពាំងថ្ម បាន​ក្លាយជាទីតាំងសក្ដានុពលមួយ សម្រាប់សហគមន៍នៅក្នុងឃុំប៉ាយចារ នឹងអាចរកចំណូលសម្រាប់ផ្គត់ផ្គងគ្រួសារ​ ដោយផ្អែកលើរបរនេសាទ។ មួយវិញទៀត ​ពលរដ្ឋនៅក្នុងតំបន់អាចអាស្រ័យផល​ពីវិស័យទេសចរណ៍ពីអាងត្រពាំងថ្មផងដែរ។ 

 
លោក តក់ ប៊ុយ អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិ ទេសចរណ៍អាងត្រពាំងថ្ម
លោក តក់ ប៉ុយលើកឡើងដូច្នេះ៖ « យើងនៅពេលនេះ មានប៉មកម្ពស់១៦ម៉ែត្រ សម្រាប់មើលសត្វ មានផែថ្មីឱ្យអ្នកទស្សនាអាចឈគយគន់ទេសភាពមាត់អាង និងផ្ដិតយលរូបភាពស្អាតៗទាំងពេលព្រឹកល្ងាច។ ទាំងប៉ម និងផែទើបធ្វើរួចរាល់ និងបានដាក់ឱ្យប្រើចាប់ពីថ្ងៃ១កក្កដា ក្នុងកម្មវិធីទិវាមច្ឆជាតិឆ្នាំ២០២២»។
 
ទន្ទឹមនេះលោកក៏សង្ឃឹមថា ប៉មទើបនឹងដាក់ឱ្យប្រើប្រាស់អាចដើរតួនាទីសំខាន់ សម្រាប់ការឃ្លាំមើលបទល្មើសនេសាទ​នៅក្នុងដែនការពារទៀតផង។ 
 
លោក ឌី សីង ជាពលរដ្ឋរស់នៅក្នុងអាងត្រពាំងថ្មបានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ ថា ពលរដ្ឋភាគច្រើនរស់នៅក្នុងតំបន់ និងនៅជុំវិញអាងនេះ ប្រកបរបរនេសាទដើម្បីចិញ្ចឹមជីវិត។ លោកបានបង្ហើបថា អ្នកនេសាទនៅក្នុងតំបន់នេះ អាចរកចំណូលផ្គត់ផ្គង់គ្រួសារបានគួរសម ដោយពឹងលើការនេសាទត្រីចេញពីអាងត្រពាំងថ្ម។ 

 
លោក ឌី សីង ជាពលរដ្ឋរស់នៅក្នុងអាងត្រពាំងថ្ម
« អ្នកនៅទីនេះ ទោះគ្មានរបរអ្វីផ្សេងក្រៅពីនេសាទក៏រស់ដែរ ដោយសារមួយថ្ងៃៗ អ្នកនេសាទអាចរកត្រីបានច្រើន អាចចន្លោះពីដប់ម៉ឺនរៀល ទៅហាសិបម៉ឺនរៀល។ អ្នកអត់អង្ករហូប រកតែត្រីក្នុងអាងក៏រស់ដែរ។ ត្រីនៅទីនេះច្រើនណាស់ មិនដឹងប៉ុណ្ណាទេ អ្នកនេសាទរករាល់ថ្ងៃហើយនៅតែមាន»។ 
 
លោក លឿម សុភី ជាមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានប្រចាំនៅទីស្នាក់ការត្រពាំងថ្ម បានលើកឡើងថា  អាងត្រពាំងថ្មជាទីតាំងមួយដែលសម្បូរត្រី និងសត្វស្លាបតាមរដូវ។ ជាមួយគ្នានេះ តំបន់ខាងលើក៏ជាកន្លែងចុះចតរបស់សត្វក្រៀលនៅរដូវមិនបន្តពូជ បន្ទាប់ពីចាកចេញពីខេត្តព្រះវិហារ នៅរដូវពងកូន។ លោក សុភី លើកឡើងថា រុមឧទ្យានុរក្ស រួមជាមួយសហគមន៍ និងអង្គការដៃគូរប្រឹងប្រែងការពារ​តំបន់នេះ មិនទាន់បានល្អមួយរយភាគរយនៅឡើយ ដោយសារត្រូវការពេល និងការចូលរួមពីមជ្ឈដ្ឋានជុំវិញ ដើម្បីការការពារធនធានទាំងនោះ។ 

 
លោក លឿម សុភី ជាមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានប្រចាំនៅទីស្នាក់ការត្រពាំងថ្ម ប
លោក សុភីថា៖ « ធាតុពិតទៅសព្វថ្ងៃការការពាររបស់ពួកយើងមិនទាន់ជោគជ័យទាំងស្រុងឡើយ នោះដោយសារករណីនេសាទខុសច្បាប់នៅបន្តកើតមាន។ ពេលនេះ អាជ្ញាធរ រួមជាមួយសហគមន៍ ក្រសួងបរិស្ថាន និងអង្គការដៃគូ​ កំពុងខិតខំប្រឹងប្រែងផ្សព្វផ្សាយឱ្យពលរដ្ឋរស់នៅតំបន់ជុំវិញស្វែងយល់បន្ថែម ដើម្បីឱ្យគ្រប់គ្នាយល់ដឹង និងចេះថែរក្សា ធនធានដែលមាននៅក្នុងអាងត្រពាំងថ្ម ឱ្យនៅតែសម្បូរដូចបច្ចុប្បន្ន»៕  
 

Tag:
 ខេត្តបន្ទាយមានជ័យ
  អាងត្រពាំងថ្ម
  ធនធានធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com