អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រញ្ជួយដី៧,៦រ៉ិចទ័រនៅប៉ាពូអាស៊ីនូវែលហ្គីណេ សម្លាប់មនុស្ស៤នាក់
12, Sep 2022 , 10:59 am        
រូបភាព
ផ្លូវប្រេះបង្កដោយរញ្ជួយដីនៅប៉ាពូអាស៊ីនូវែលហ្គីណេ។ រូបថត Insider Paper
ផ្លូវប្រេះបង្កដោយរញ្ជួយដីនៅប៉ាពូអាស៊ីនូវែលហ្គីណេ។ រូបថត Insider Paper
មនុស្សយ៉ាងហោចណាស់៤នាក់ បានស្លាប់ និងមនុស្សមួយចំនួនបានរងរបួសដោយសារ គ្រោះរញ្ជួយ​ដីដ៏ខ្លាំងក្លាមួយកម្រិត៧,៦រ៉ិចទ័រដែលបានវាយប្រហារប៉ាពូអាស៊ីនូវែលហ្គីណេនៅថ្ងៃទី១១ ខែកញ្ញា។ ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក៏បានរងការខូចខាតយ៉ាងខ្លាំងផងដែរ។

 
ខណៈរដ្ឋាភិបាលប៉ាពូអាស៊ីនូវែលហ្គីណេមិនបានបង្ហាញពីព័ត៌មានរបស់អ្នកស្លាប់ក្នុងគ្រោះ រញ្ជួយដី​៧,៦រ៉ិចទ័រ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក អះអាងនៅថ្ងៃទី១១ ខែកញ្ញាថា មនុស្សយ៉ាងតិច៤នាក់ បាន​ស្លាប់ និង​៤​នាក់ផ្សេងទៀតបានរងរបួស។
 
យោងតាមការវាស់ស្ទង់របស់ភូគព្ភភូមិសាស្ត្រអាម៉េរិក​ ​គ្រោះរញ្ជួយដីនេះបានវាយប្រហារនៅជម្រៅ៦១ គីឡូម៉ែត្រ និងចម្ងាយប្រហែល៦៧គីឡូម៉ែត្រពីទីប្រជុំជនក្រុង Kainantu របស់កោះនេះ។ ក្នុង​របាយការណ៍មួយផ្សេងទៀតដែលបានបង្ហោះលើបណ្ដាញសង្គម Twitter ស្ថាប័ន OCHA បញ្ជាក់ថា មនុស្សម្នាក់បានស្លាប់ដោយសារការបាក់ដីនៅខណ្ឌ Rai Coast ក្រុង Madang ខណៈមនុស្ស៣នាក់ ទៀតស្លាប់នៅក្រុង Wau ខេត្ត Morobe។
 
របាយការណ៍ដដែលនោះបន្តថាបណ្តាញអគ្គិសនីក្នុងតំបន់ ខ្សែអ៊ីនធឺណិត និងផ្លូវហាយវេក្នុង តំបន់​ត្រូវ​បានខូចខាត ប៉ុន្តែអាកាសយានដ្ឋាននៅតែកំពុងដំណើរការ។
 
«ទីនេះមានការខូចខាតយ៉ាងច្រើន»។ សមាជិកសភាក្នុងស្រុកលោកស្រី Kessy Sawang បានប្រាប់​ទីភ្នាក់ងារ AFP បែបនេះរួចបន្តថា ការរអិលបាក់ដីបានកប់ និងបំផ្លាញផ្ទះប្រជាជននៅក្នុងភូមិ​មួយថែមទៀត។
 
ប្រព័ន្ធទំនាក់ទំនងនៅមានកម្រិតនៅក្នុងតំបន់ដែលរងគ្រោះមហន្តរាយ ហើយធនធានរដ្ឋាភិបាល​តិច​តួច ធ្វើឱ្យការវាយតម្លៃការខូចនិងកិច្ចខិតខំជួយសង្គ្រោះមានការលំបាក។ ក្រុមហ៊ុន​អាកាសចរណ៍​តូចៗ និងក្រុមអ្នកផ្សព្វផ្សាយសាសនា បានចូលរួមនៅក្នុងការជួយសង្គ្រោះអ្នករងរបួស​មួយ​ចំនួន​ដែរ។
 
ស្ថិតនៅលើវង់ភ្នំភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក ប៉ាពូអាស៊ីនូវែលហ្គីណេតែងបានរងគ្រោះ ដោយ​សារ​ការ​រញ្ជួយដីជាញឹកញាប់៕
 
 
 
 

Tag:
 រញ្ជួយដី
  ប៉ាពូអាស៊ីនូវែលហ្គីណេ
© រក្សាសិទ្ធិដោយ thmeythmey.com