អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌូណេស៊ីពិចារណាទិញប្រេងពីរុស្សី តែបារម្ភពីទណ្ឌកម្មអាម៉េរិក
12, Sep 2022 , 2:33 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ។ រូបថត AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ។ រូបថត AFP
ឥណ្ឌូណេស៊ីកំពុងពិចារណាទិញប្រេងពីរុស្សី ដើម្បីដោះស្រាយការកើនឡើងនៃតម្លៃប្រេងឥន្ធនៈក្នុងស្រុក។ ប៉ុន្តែការសម្រេចចិត្តទិញនៅមិនទាន់មាន ដោយសារតែហានិភ័យទទួលទណ្ឌកម្មពីអាម៉េរិក។

 
ស្របពេលដែលសង្គ្រាមរុស្សីអ៊ុយក្រែននៅតែបន្ត តម្លៃប្រេងឥន្ធនៈនៅទូទាំងពិភពលោកក៏នៅតែបន្តហក់ខ្ពស់ ដែលបណ្តាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអន្តរជាតិយ៉ាងខ្លាំង។ ឥណ្ឌូណេស៊ីវិញ ក៏ជួបបញ្ហានេះ ដោយតម្លៃប្រេងឥន្ធនៈក្នុងប្រទេសកើនរហូតដល់៣០ភាគរយបន្ទាប់ពីរដ្ឋាភិបាលកាត់បន្ថយការឧបត្ថម្ភធនលើវិស័យនេះដើម្បីបញ្ចៀសការចំណាយថវិកាជាតិហួសប្រមាណ។​
 
ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងស្វែងរកប្រទេសផ្គត់ផ្គង់ប្រេងដែលអាចលក់ឱ្យខ្លួនក្នុងតម្លៃទាប ដើម្បីឱ្យថ្លៃប្រេងឥន្ធនៈក្នុងស្រុកចុះទាបវិញ និងទប់ស្កាត់ការកើនឡើងខ្ពស់ជាបន្តទៀត។ ឥណ្ឌូណេស៊ី សម្លឹងឃើញប្រេងរបស់រុស្ស៊ីដែលមានតម្លៃថោក ខណៈចិន និងឥណ្ឌាក៏ទិញប្រេងពីរុស្ស៊ីដែរ។
 
ទាក់ទងនឹងបញ្ហានេះ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅថ្ងៃទី១២ ខែកញ្ញា ប្រាប់កាសែត Financial Times ថា លោកកំពុងពិចារណាទិញប្រេងពីរុស្សីដើម្បីទប់ទល់នឹងការកើនឡើងតម្លៃថាមពល។ 
 
«ពួកយើងកំពុងតាមដានរាល់ជម្រើសទាំងអស់ដែលមាន ប្រសិនបើប្រទេសណាមួយដាក់តម្លៃលក់សមរម្យឱ្យយើង»។ លោកចូកូ វីដូដូ និយាយបែបនេះនៅក្នុងពេលសម្ភាសន៍ ដែលជាចម្លើយតបនឹងសំនួរថា តើឥណ្ឌូណេស៊ីនឹងទិញប្រេងពីរុស្សីដែរឬទេ?
 
ជុំវិញបញ្ហានេះដែរ កាលពីខែសីហា រដ្ឋ​មន្ត្រី​​ទេសចរណ៍​ឥណ្ឌូណេស៊ី Sandiaga Uno បញ្ជាក់ថា ការរុស្សីលក់​ប្រេងឱ្យ​​ឥណ្ឌូណេស៊ី​ទាប​ជាង​អត្រា​ទីផ្សារ​អន្តរជាតិ៣០ភាគរយ។ យ៉ាងណាមិញ ការពិចារណាទិញប្រេងពីរុស្សីនេះនៅតែស្ថិតក្រោមការតាមដាននៅឡើយ ព្រោះតែទណ្ឌកម្មអាម៉េរិក។ នៅក្នុង​សេចក្តី​ណែនាំ​ថ្មី​មួយចេញនៅថ្ងៃទី៩ ខែកញ្ញា អាម៉េរិកគំរាមដាក់ទណ្ឌកម្មលើប្រទេសដែលទិញប្រេងរុស្ស៊ី និងប្រើប្រាស់សេវាកម្មលោកខាងលិចក្នុងប្រតិបត្តិការទិញលក់។
 
ខណៈពេលដែលខ្លួនក៏កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20នៅកោះបាលីក្នុងខែវិច្ឆិកាផងដែរ ឥណ្ឌូណេស៊ីទំនងជាមិនប្រថុយដើរផ្លូវបែបនេះឡើយ។
 
សូមបញ្ជាកថា ការកាត់បន្ថយការឧបត្ថម្ភប្រេងឥន្ធនៈ និងការបង្កើនតម្លៃប្រេងឥន្ធនៈរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីនៅដើមខែកញ្ញានេះបានធ្វើឱ្យប្រជាជនរាប់ពាន់នាក់ប្រមូលផ្តុំគ្នាតវ៉ានៅក្នុងរដ្ឋធានី និងទីក្រុងផ្សេងទៀតចំនួនបួនថ្ងៃជាប់គ្នាចាប់តាំងពីថ្ងៃទី៦ ដល់ថ្ងៃទី៩ខែកញ្ញា៕
 

Tag:
 ឥណ្ឌូណេស៊ី
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com