អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ព្រះសពម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី ២ តម្កល់នៅស្កុតឡែន មុនពិធីបុណ្យថ្នាក់ជាតិនៅក្រុងឡុងដ៍
12, Sep 2022 , 3:59 pm        
រូបភាព
ព្រះទីនាំងរថយន្ត ដឹកមញ្ជូសាមហាក្សត្រិយ៍អេលីហ្សាបែតទី២ នៅស្កុតឡែន។ រូបថត Xinhua
ព្រះទីនាំងរថយន្ត ដឹកមញ្ជូសាមហាក្សត្រិយ៍អេលីហ្សាបែតទី២ នៅស្កុតឡែន។ រូបថត Xinhua
ដោយ:
ប្រាំមួយម៉ោងចេញពីព្រះរាជដំណាក់ Balmoral ព្រះមញ្ជូសារបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី ២ នៅថ្ងៃទី១១ ខែកញ្ញា បានទៅដល់ទីក្រុង Edinburgh នៃទឹកដីស្កុតឡែនដើម្បីឱ្យប្រជាជនសម្តែងការគោរពជាលើកចុងក្រោយ មុនការរៀបចំពិធីបុណ្យថ្នាក់ជាតិនៅឯអង់គ្លេស។

 
ក្រោយសោយរាជ្យអស់រយៈពេល ៧០​​ ឆ្នាំជាស្តេចនៃចក្រភពអង់គ្លេស និង​ប្រមុខរដ្ឋនៃប្រទេសចំនួន ១៤ ទៀតនៅអាណាចក្រ Commonwealth ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី ២ បានយាងចូលទិវង្គតនៅថ្ងៃទី៨ ខែកញ្ញាក្នុងព្រះជន្ម៩៦ព្រះវស្សានាព្រះរាជដំណាក់ Balmoral ក្នុងទឹកដីស្កុតឡែន។ 
 
បន្ទាប់ពីត្រូវបានដង្ហែរយៈពេល៦ម៉ោងឆ្លងកាត់ប្រជាជនកាន់ទុក្ខរាប់ម៉ឺននាក់នៅតាមផ្លូវព្រះមញ្ជូសា ត្រូវតម្កល់នៅបន្ទប់រាជបល្ល័ង្កនាព្រះបរមរាជវាំង Holyroodhouse ក្នុងទីក្រុង Edinburgh រហូតដល់រសៀលថ្ងៃទី១២ ខែកញ្ញា។ បន្ទាប់មក ព្រះមញ្ជូសារបស់ព្រះអង្គនឹងត្រូវបានដង្ហែពីព្រះបរមរាជវាំង Holyroodhouse ទៅព្រះវិហារ St. Giles ។ 
 
នៅព្រះវិហារ St. Giles នឹងមានព្រះពិធីមួយនៅម៉ោង៣ល្ងាចដើម្បីតម្កល់មកុដរបស់ព្រះមហាក្សត្រស្កុតលែននៅលើព្រះមញ្ជូសាររបស់ព្រះមហាក្សត្រីយ៍អេលីហ្សាបែតទី២ ដែលនឹងចូលរួមដោយមហាក្សត្រឆាលស៍ទី៣ និងព្រះរាជវង្សានុវង្សដទៃទៀត។ ព្រះបរមសពទ្រង់នឹងបន្តតម្កល់នៅព្រះវិហារ St. Giles រយៈពេល២៤ម៉ោង ដើម្បីអនុញ្ញាតឱ្យប្រជាជនស្កុតលែនសម្តែងការគោរពជាចុងក្រោយ មុននឹងហោះទៅទីក្រុងឡុងដ៍នៅល្ងាចថ្ងៃទី១៣ ខែកញ្ញា។ 
 
ព្រះបរមសពរបស់ព្រះមហាក្សត្រីយ៍ ត្រូវតម្កល់ទៅព្រះវិហារ Westminster Abbey នៅទីក្រុងឡុងដ៍ដើម្បីរៀបចំពិធីបុណ្យព្រះសពនៅថ្ងៃទី១៩ ខែកញ្ញា។ 
 
ក្នុងការគោរពវិញ្ញាណក្ខន្ធព្រះមាតាកាលពីថ្ងៃទី៩ ខែកញ្ញា ព្រះមហាក្សត្រឆាលស៍ទី៣មានព្រះបន្ទូលថា ព្រះមាតាលោកបានចាប់ផ្តើមដំណើរដ៏អស្ចារ្យជាចុងក្រោយចូលរួមជាមួយព្រះអង្គម្ចាស់ ហ្វីលីព ដែលត្រូវជាព្រះស្វាមីបានចូលទិវង្គតកាលពីឆ្នាំមុនក្នុងព្រះជន្ម៩៩ព្រះវស្សា៕ 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com