អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រីអូស្ត្រាលីថា ការពិភាក្សាពីសាធារណរដ្ឋពេលនេះ ជារឿងមិនសមរម្យ
12, Sep 2022 , 9:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់ថូនី អាល់បានីស។ រូបថត AFP
នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់ថូនី អាល់បានីស។ រូបថត AFP
នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់ថូនី អាល់បានីស បានបញ្ជាក់នៅថ្ងៃទី១២ ខែកញ្ញាថា លោកអាចនឹងធ្វើ​ប្រជាមតិលើការផ្លាស់ប្ដូររបបដឹកនាំអូស្ត្រាលីទៅជាសាធារណរដ្ឋ ប្រសិនបើលោកជាប់ឆ្នោតជា​មេដឹកនាំអាណត្តិទីពីរ។ ប៉ុន្តែលោកបដិសេធពិភាក្សាពីការបោះបង់រាជានិយមនៅពេលនេះឡើយព្រោះជារឿងមិនសមរម្យ ខណៈម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២ (Elizabeth II) ទើបតែ​សោយ​ទិវង្គត។


 
ការសោយទិវង្គតរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរ ជារឿងសោកស្ដាយមួយចំនួនចក្រភព​អង់គ្លេស​ ក៏ដូចជាអាណាចក្រមួយចំនួនក្នុង Commonwealth ផងដែរ។ យ៉ាងណាមិញ ពេល​វេលា​នេះក៏ជាឱកាសដ៏ល្អមួយចំពោះប្រទេសមួយចំនួនដែលចង់ផ្ដាច់ខ្លួនពីរបបរាជានិយម ហើយក្រសោបរបបសាធារណរដ្ឋវិញ ដោយក្នុងនោះក៏មានអូស្ត្រាលីមួយដែរ ដែលចលនាសាធារណរដ្ឋ​បាន​កើនឡើងនាពេលថ្មីៗនេះ។
 
ឆ្លើយក្នុងកិច្ចសម្ភាសមួយជាមួយទូរទស្សន៍ ABC News Breakfast ចំពោះសំណួរទាក់ទងនឹង ការធ្វើ​ប្រជាមតិលើការកែប្រែទៅរបបសាធារណរដ្ឋក្នុងអាណត្តិទីពីរ នាយករដ្ឋមន្ត្រី អាន់ថូនី អាល់បានីស លើកឡើងថា ពេលនេះមិនមែនជាពេលដែលត្រូវឆ្លើយនឹងសំណួរមួយនេះឡើយ។
 
«វា​មិន​សម​ទេ​ឥឡូវ​នេះ…ដើម្បី​និយាយ​អំពី​ការ​ផ្លាស់ប្តូរ​រដ្ឋធម្មនុញ្ញ។ អ្វី​ដែល​សម​ស្រប​ពេល​នេះ​គឺ​ដើម្បី​រម្លឹកដល់​ការ​បម្រើ​រការងារបស់​ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២»។ លោក អាល់បានីស បញ្ជាក់​បែប​នេះ​រួចបន្តថា គោលបំណងក្នុងអាណត្តិរបស់លោកក្នុងពេលនេះ គឺទទួល​ស្គាល់​ជន​ជាតិ​ដើម​ភាគ​តិច​អូស្ត្រាលីនៅក្នុងរដ្ឋធម្មនុញ្ញដែលជាជំហានដំបូងបង្អស់​ក្នុង​ការ​ផ្លាស់ប្តូរប្រមុខរដ្ឋ។
 
មេដឹកនាំអូស្ត្រាលីរូបនេះក៏បន្តថា ផែនការសម្រាប់ថ្ងៃឈប់សម្រាកសាធារណៈសម្រាប់ការ​កាន់​ទុក្ខ​ម្ចាស់ក្សត្រីយ៍នៅថ្ងៃទី២២ ខែកញ្ញា ក៏ត្រូវបានដាក់ចេញផងដែរ។ លោកបានសម្រេច​លើថ្ងៃ​កាន់ទុក្ខ​នេះដោយបានពិគ្រោះយោបល់ជាមួយមេដឹកនាំរដ្ឋនិងដែនដីទាំងអស់ ព្រោះនេះជាព្រឹត្តិការណ៍​ដ៏​សំខាន់មួយដែលតម្រូវឱ្យមានការឆ្លើយតបឱ្យបានសមរម្យ។
 
លោក អាល់បានីស ក៏ប្រាប់ទូរទស្សន៍ ABC ទៀតថា ទោះបីជាការអនុវត្តតាមប្រពៃណីពេលខ្លះពិបាក​ក៏ដោយ ប៉ុន្តែប្រពៃណីក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីនឹងធ្វើដំណើរ​ទៅ​ទីក្រុងឡុងដ៍នៅថ្ងៃទី១៥ ខែកញ្ញាសម្រាប់ការចូលរួមពិធីបុណ្យសពរបស់ម្ចាស់ក្សត្រីយ៍។
 
គួរបញ្ជាក់ថា ចលនាងាកទៅសាធារណដ្ឋរបស់អូស្ត្រាលីបានបាត់បង់ឥទ្ធិពលទៅវិញបន្ទាប់ពីបរាជ័យ​នៃការបោះឆ្នោតប្រជាមតិឆ្នាំ១៩៩៩ ប៉ុន្តែការសោយទិសវង្គតរបស់ម្ចាស់ក្សត្រីអេលីហ្សាបែតទី២ បាន ជំរុញឱ្យមានការទាមទារនេះឡើងវិញ៕
 

Tag:
 អូស្ត្រាលី
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com