អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
UN៖ មនុស្ស៥០លាននាក់កំពុងជាប់ផុងក្នុងទាសភាពសម័យទំនើប
12, Sep 2022 , 11:29 pm        
រូបភាព
 អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១២ ខែកញ្ញាក្នុងរបាយការណ៍ថ្មីមួយ បានរាយការណ៍ថា មនុស្សចំនួន៥០លាននាក់ជុំវិញពិភពលោកកំពុងជាប់គាំងក្នុងការធ្វើការងារដោយបង្ខំ និងខ្លះត្រូវបានគេចាប់រៀបការដោយបង្ខំ។ UN អះអាងថា ស្ថានភាពរបស់ពួកគេបានប្រែកាន់តែអាក្រក់យ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។



ចំនួនមនុស្សដែលធ្លាប់ក្នុងស្ថានភាពទាសភាពសម័យទំនើបដូចជាការធ្វើការដោយបង្ខំ និងការរៀបការដោយបង្ខំបានកើនជាង១០​លាននាក់នៅចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយថ្ងៃទី១២ ខែកញ្ញា។ កន្លងមក អង្គការសហប្រជាជាតិ (UN)បានកំណត់គោលដៅលុបបំបាត់រាល់ទម្រង់នៃទាសភាពសម័យទំនើបនៅឆ្នាំនៅត្រឹមឆ្នាំ២០៣០។
 
នៅក្នុងរបាយការណ៍នេះ ទីភ្នាក់ងាររបស់ UN សម្រាប់ការងារ និងការធ្វើចំណាកស្រុក និងអង្គការ Walk Free Foundation រកឃើញថា នៅត្រឹមចុងឆ្នាំមុន មនុស្សជាង២៨លាននាក់បានធ្លាក់ចូលក្នុងការធ្វើការដោយបង្ខំ ខណៈដែលមនុស្សជាង២២លាននាក់ផ្សេងទៀតកំពុងរស់នៅក្នុងការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ។ នោះមានន័យថាស្ទើរតែម្នាក់ក្នុងចំណោមមនុស្ស១៥០នាក់នៅលើពិភពលោកកំពុងស្ថិតក្នុងស្ថានភាពទាសភាពសម័យទំនើប។ 
 
របាយ​ការណ៍ដដែលក៏បានបន្ថែមថា ក្នុងចំណោមមនុស្សដែលរស់នៅក្នុងស្ថានភាពទាសភាពសម័យទំនើប៥នាក់ មានម្នាក់ជាកុមារ។ កុមារទាំងនេះក៏បានទទួលរងនៅការរំលោភបំពាន​ផ្លូវ​ភេទផងដែរ។ 
 
«វាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលស្ថានភាពទាសភាពសម័យទំនើបមិនមានភាពប្រសើរឡើង»។ លោក Guy Ryder ប្រធានអង្គការពលកម្មអន្តរជាតិ (ILO) បាននិយាយបែបនេះក្នុងសេចក្តីថ្លែងការណ៍មួយ។​ 
 
បើតាមរបាយការណ៍ដដែល ទាសភាពសម័យទំនើបមានវត្តមាននៅស្ទើរគ្រប់ប្រទេសក្នុងពិភពលោក ដែលជាងពាក់កណ្តាលនៃទាសភាពសម័យទំនើបនេះជាការបង្ខំមនុស្សឱ្យធ្វើការដោយបង្ខំ និងមួយភាគបួនជាការបង្ខំឱ្យអាពាហ៍ពិពាហ៍ក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិត ឬប្រទេសដែលមានប្រាក់ចំណូលខ្ពស់។
 
របាយការណ៍បានរកឃើញដែរថា ចំនួនស្ត្រីនិងក្មេងស្រីដែលជាប់គាំងក្នុងអាពាហ៍ពិពាហ៍ដោយបង្ខំបានកើនឡើង៦,៦លាននាក់ចាប់តាំងពីសិក្សាចុងក្រោយក្នុងឆ្នាំ២០១៦ ខណៈចំនួនមនុស្សដែលត្រូវបានបង្ខំឱ្យធ្វើការបានកើនឡើងចំនួន២,៧លាននាក់ក្នុងរយៈពេលដូចគ្នានេះ។
 
របាយការណ៍ដដែលក៏បានចង្អុលបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង ដែលការិយាល័យសិទ្ធិមនុស្សរបស់ UN លើកឡើងពីការកើនឡើងនៃការបង្ខំឱ្យធ្វើការងារនៅក្រោមលក្ខខណ្ឌដ៏អាក្រក់នៅកូរ៉េខាងជើង។ របាយការណ៍នេះក៏បានគូសបញ្ជាក់ពីស្ថានភាពនៅចិនដែលទីភ្នាក់ងារ UNជាច្រើនបានព្រមានពីការប្រើមនុស្សដោយបង្ខំនៅក្នុងតំបន់ស៊ីនជាំង ទី​ដែលប្រទេសលោកខាងលិចចោទប្រកាន់ថាមានការឃុំខ្លួនជនជាតិវីហ្គ័រ ជាងមួយលាននាក់ និងជនជាតិភាគតិចមូស្លីមផ្សេងទៀត៕
 

Tag:
 UN
  ទាសភាព
© រក្សាសិទ្ធិដោយ thmeythmey.com