អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រីអាឌើន៖ នូវែលសេឡង់នឹងក្លាយជាសាធារណរដ្ឋ តែមិនមែនក្នុងពេលឆាប់ៗឡើយ
13, Sep 2022 , 10:35 am        
រូបភាព
នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីនដា អាឌើន។ រូបថត AFP
នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីនដា អាឌើន។ រូបថត AFP
នាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស៊ីនដា អាឌើន នៅថ្ងៃទី១២ ខែកញ្ញាបានលើកឡើងថា នូវែលសេឡង់​នឹងមិនចាត់វិធានការណាមួយក្នុងការក្លាយជាសាធារណរដ្ឋក្នុងរយៈពេលខ្លី បន្ទាប់ពីការ​សោយទិវង្គត​របស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរ (Elizabeth II) នោះឡើយ។ លោកស្រីបានលើក​ឡើង​ពី​តម្រូវ​ការផ្លាស់ប្តូរជាច្រើន មុននឹងឈានទៅដល់ដំណាក់កាលផ្លាស់ប្តូររបបនយោបាយ។

 
នូវែលសេឡង់ ជាប្រទេសមួយក្នុងចំណោមអាណាចក្រទាំង១៥ដែលមានស្ដេចចក្រភពអង់គ្លេសជា​ប្រមុខរដ្ឋ។ ​ទោះបីជាតួនាទីនេះត្រឹមជាការតំណាងនៅពិធីបុណ្យផ្សេងៗក៏ដោយ ប្រទេស​មួយចំនួន​ដូចជាអូស្ត្រាលីនិងនូវែលសេឡង់ជាដើម នៅតែមានការជជែកគ្នាអំពីការក្លាយខ្លួនជាសាធារណរដ្ឋ។
 
សម្រាប់នូវែលសេឡង់ នាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស៊ីនដា អាឌើន លើកឡើងក្នុង​សន្និសីទ​កាសែតមួយនៅថ្ងៃទី១២ ខែកញ្ញាថា​ លោកស្រីមើលឃើញការផ្លាស់ប្ដូរទៅជាសាធារណរដ្ឋ មិនមែន​ជា​ការបន្ទាន់នោះឡើយ ហើយការផ្លាស់ប្តូរនេះជារឿងដ៏ធំមួយដែលតម្រូវឱ្យចំណាយពេលជាច្រើន​ក្នុង​ការជជែកគ្នា។
 
«ខ្ញុំគិតថា នៅពេលមួយនូវែលសេឡង់នឹងឈានទៅដល់ជំហាននោះ (ការផ្លាស់ប្តូរទៅជាសាធារណរដ្ឋ​)។ ខ្ញុំជឿជាក់ថា វានឹងកើតឡើងក្នុងអំឡុងពេលខ្ញុំនៅមានជីវិតរស់នៅ»។ លោកស្រី អាឌើន សង្កត់​ធ្ងន់​បែបនេះ រួចបន្តថា រឿងនេះនឹងកើតឡើងក្នុងរយៈពេលខ្លីខាងមុខ ឬត្រូវបានលើក​យកក្នុង​របៀបវារៈ​ណាមួយឆាប់ៗនោះឡើយ។
 
បើតាមលោកស្រី អាឌើន នូវែលសេឡង់នកំណត់ថ្ងៃទី២៦ ខែកញ្ញាជាថ្ងៃឈប់សម្រាក​សាធារណៈ​សម្រាប់ការគោរពវិញ្ញាណក្ខន្ធរបស់ម្ចាស់ក្សត្រីយ៍។ អគ្គទេសាភិបាលនូវែសេឡង់ និងនាយករដ្ឋមន្ត្រី អាឌើន នឹងធ្វើដំណើរទៅទីក្រុងឡុងដ៍នៅថ្ងៃទី១៤ ខែកញ្ញា ដើម្បីចូលរួមពិធីបុណ្យសពដែរ។
 
ការចូលទិវគ្គតរបស់ម្ចាស់ក្សត្រីយ៍ចក្រភពអង់គ្លេសបានធ្វើឱ្យមានការវែកញែកគ្នាអំពីអនាគតរបស់​របបរាជានិយមនៅអូស្ត្រាលីដែរ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់ថូនី អាល់បានីស ដែលជា​អ្នក​គាំទ្រ​របប​សាធារណរដ្ឋបានលើកឡើងថា រដ្ឋាភិបាលរបស់លោក នឹងមិនស្វែងរកកា​រធ្វើ​ប្រជាមតិ​ក្នុង​ការ​កែប្រែ​ទៅជារបបសាធារណរដ្ឋក្នុងអាណត្តិរបស់លោកឡើយ ខណៈទង្វើនេះមិនសមរម្យឡើយនៅពេលបច្ចុប្បន្ន។
 

Tag:
 នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com