អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តើអ្វីជាប្រតិបត្តិការសេះដុះស្នែង និងស្ពានក្រុងឡុងដ៍ សម្រាប់ពិធីបុណ្យសពម្ចាស់ក្សត្រិយ៍?
13, Sep 2022 , 12:12 pm        
រូបភាព
ស្ដេចឆាលស៍ទី៣ ឈរអមមញ្ជូសាព្រះសពម្ចាស់ក្សត្រិយ៍អេលីហ្សាបែតទី២ នៅទីក្រុង Edinburgh។ រូបថត AFP
ស្ដេចឆាលស៍ទី៣ ឈរអមមញ្ជូសាព្រះសពម្ចាស់ក្សត្រិយ៍អេលីហ្សាបែតទី២ នៅទីក្រុង Edinburgh។ រូបថត AFP
ដោយ:
ម្ចាស់ក្សត្រិយ៍អេលីហ្សាបែតទី២ បានសោយព្រះទិវង្គតនៅថ្ងៃទី៨ ខែកញ្ញា។ ប៉ុន្តែផែនការរៀបចំព្រះរាជពិធីបុណ្យសព ត្រូវបានគ្រោងឡើងយ៉ាងល្អិតល្អន់ជាច្រើនឆ្នាំមកហើយ។ មិនថាសុគតនៅទីណាឡើយ ប្រតិបត្តិការពិសេស ឬកម្មវិធីបុណ្យសព ត្រូវបានត្រៀមទុកជាស្រេច ដើម្បីឱ្យដំណើរការពិធីទៅមុខដោយរលូន។

 
ជាទូទៅក្នុងចំណោមផែនការទាំងអស់ ប្រតិបត្តិការ Operation London Bridge ត្រូវបានស្គាល់ច្រើនជាងគេក្នុងករណីស្ដេចអង់គ្លេសបានសោយទិរង្គតនៅទីក្រុងដ៍នៃទឹកដីអង់គ្លេស។ ដោយសារព្រះមហាក្សត្រីយ៍អេលីហ្សាបែតទី២ បានចូលទិវង្គតនៅព្រះរាជដំណាក់ Balmoral ក្នុងទឹកដីស្កុតឡែន ប្រតិបត្តិ Operation Unicorn (ប្រតិបត្តិការសេះដុះស្នែង) ត្រូវយកមកអនុវត្តមុននឹងឈានដល់ផែនការ London bridge ។

ស្ពានក្រុងឡុងដ៍បាក់ហើយ (London Bridge is down)
 
ក្រោមផែនការ ព្រះសព ត្រូវដង្ហែតាមផ្លូវទៅតម្កល់នៅបន្ទប់រាជបល្ល័ង្កនារាជវាំង Holyrood house ក្នុងទីក្រុង Edinburgh រួចដង្ហែទៅព្រះវិហារ St. Giles ។ បន្ទាប់មក ព្រះសពទ្រង់នឹងតម្កល់នៅព្រះវិហារ St. Giles រយៈពេល២៤ម៉ោងដើម្បីអនុញ្ញាតឱ្យប្រជាជនស្កុតឡែនសម្តែងការគោរពជាចុងក្រោយ មុននឹងហោះទៅទីក្រុងឡុងដ៍។ 
 
បន្ទាប់ពី Operation Unicorn ត្រូវបានបញ្ចប់ ផែនការ London Bridge បានចាប់ផ្តើម។ និយាយឱ្យខ្លីទៅ Operation London Bridge គូសវាសពីរបៀបវារៈរយៈពេល១០ថ្ងៃក្នុងការរៀបចំព្រះរាជពិធីបុណ្យសម្រាប់ព្រះមហាក្សត្រីយ៍អេលីហ្សាបែតទី២។ ក្នុងករណីនេះ ប្រតិបត្តិការ Operation Unicorn ជាផែនការគាំទ្រប្រតិបត្តិការ Operation London Bridge ពីព្រោះផែនការ London Bridge រាប់បញ្ចូលតាំងពីថ្ងៃទី១បន្ទាប់ព្រះអង្គសោយទិវង្គតពោលគឺថ្ងៃទី៩ ខែកញ្ញា ដល់ថ្ងៃ១៨ ខែកញ្ញាដែលត្រូវជាថ្ងៃទី១០ មុនពិធីបុណ្យព្រះសពថ្នាក់ជាតិ។ 
 
ទាក់ទងផែនការ London Bridge នៅយប់ថ្ងៃទី១៣ ខែសីហា ព្រះសពរបស់ព្រះមហាក្សត្រីយ៍អេលីហ្សាបែតទី២នឹងទៅដល់ទីក្រុងឡុងដ៍ដោយមានព្រះទីនាំងរដ្ឋសម្រាប់ដឹកទៅរាជវាំង Buckingham ។ 
 
នៅថ្ងៃបន្ទាប់ មញ្ជូសារបស់ទ្រង់ដែលមានតម្កល់មកុដស្តេចចក្រភពអង់គ្លេស (Imperial State Crown) ពីលើជាមួយកម្រងផ្កាផងដែរនឹងត្រូវដឹកដោយរទេះកាំភ្លើង ទៅអាគារ Westminster Abbey ដែលនៅជាប់អាគារសភា។ អំឡុងពេលដង្ហែនេះ ព្រះរាជវង្សានុវង្សខ្លះនឹងយាងពីក្រោយមញ្ជូសាព្រះអង្គ ខណៈសមាជិករាជវង្សខ្លះទៀតនឹងយាងទៅសភា Westminster ដោយផ្ទាល់តែម្តងដែលជាទីព្រះសពព្រះមហាក្សត្រីយ៍អេលីហ្សាបែតទី២ តម្កល់ដើម្បីឱ្យសាធារណជនសម្តែងការគោរពរហូតដល់ថ្ងៃពិធីបុណ្យថ្នាក់ជាតិ។ 
 
ពិធីបុណ្យព្រះសពថ្នាក់ជាតិរបស់ព្រះមហាក្សត្រីយ៍អេលីហ្សាបែតទី២ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា នៅ Westminster Abbey ដែលត្រូវបានរំពឹងថាមេដឹកនាំជុំវិញពិភពលោកជាច្រើននឹងមានវត្តមាននៅទីនោះ។ ក្រោយពិធីបុណ្យសពបានបញ្ចប់ មញ្ជូសារបស់ទ្រង់នឹងត្រូវបានដង្ហែទៅរាជវាំងWindsor Castle ហើយនឹងដឹកយកទៅព្រះវិហារ St George’s Chapel ដែលជាទីរៀបចំពិធីបញ្ចុះសពនៅពេលក្រោយ។ 
 
ចំណែកមញ្ជូសាព្រះស្វាមីព្រះមហាក្សត្រីយ៍អេលីហ្សាបែតទី២ ព្រះអង្គម្ចាស់ហ្វីលីពដែលបានសោយទិវង្គតកាលពីខែមេសា ឆ្នាំ២០២១ នឹងត្រូវផ្លាស់ប្តូរពីកន្លែងបញ្ចុះសពនៅ Windsor Castle ទៅបញ្ចុះជាមួយព្រះមហាក្សត្រីយ៍អេលីហ្សាបែតទី២វិញ៕
 
 
 
 
 
 
 
 

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com