កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ Sevilla ដេញគ្រូចេញភ្លាមៗ ក្រោយចាញ់ Dortmund ៤-១
06, Oct 2022 , 11:29 am        
រូបភាព
 ក្រុម Sevilla បណ្តេញលោក Julen Lopetegui ចេញពីតំណែងអ្នកចាត់ការទូទៅភ្លាមៗ ក្រោយក្រុមបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើងក្រុមអាល្លឺម៉ង់ Borussia Dortmund ក្នុងជំនួបវគ្គសន្សំពិន្ទុពូល G នៃពានរង្វាន់ UEFA Champions League នៅរាត្រីថ្ងៃទី៥ ខែតុលា។



ក្រុមជើងឯក Europa League ៦សម័យ បានបន្តទម្រង់លេងដ៏រអាក់រអួលក្នុងការចាប់ផ្តើមរដូវកាលថ្មី ដោយ Sevilla រកបានជ័យជម្នះត្រឹមតែ ១ប្រកួតប៉ុណ្ណោះរាល់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ។ កីឡាករ Raphael Guerreiro, Jude Bellingham, Julian Brandt និង Karim Adeyemi ចែកគ្នារកបានម្នាក់ ១គ្រាប់ជួយឱ្យ Dortmund បំបាក់ Sevilla យ៉ាងចាស់ដៃ ចំណែក ១គ្រាប់ដែល Sevilla រកបានដោយ Youssef En-Nesyri។
 
ស្ថិតក្នុងពូល G ដែលមានក្រុមខ្លាំងដូចជា Man City ស្ថិតនៅកំពូលតារាងមាន៩ពិន្ទុពេញ និង​ Dortmund ឈរលេខ២មាន៦ពិន្ទុពីការប្រកួត៣លើកដូចគ្នា ក្រុម Sevilla រកបានត្រឹម ១ពិន្ទុប៉ុណ្ណោះ ឈរលេខ៣ ខណៈ Copenhagen ឈរលេខ៤ មាន ១ពិន្ទុដូចគ្នា។  Man City​ ឈ្នះ Copenhagen ៥-០ ក្នុងជំនួបលើកទី៣របស់ពួកគេ។
 
Chelsea បង្កើនក្តីសង្ឃឹមបន្តដំណើរក្នុង Champions league នៃពូល E ក្រោយដណ្តើមបាន ៣ពិន្ទុពីក្រុម AC Milan ក្នុងទឹកដី Stamford Bridge ដោយលទ្ធផល ៣-០។ នេះជាជ័យជម្នះដ៏សំខាន់ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Graham Potter ដែលជាគ្រូបង្វឹកថ្មី និងជាការប្រកួតទីបី។
 
៣គ្រាប់រកបានដោយកីឡាករ Wesley Fofana, Pierre Emerick Aubameyang និង Reece James ជួយពាំនាំជ័យជម្នះដ៏សំខាន់មកឱ្យ Chelsea។ Chelsea រកបាន៣ពិន្ទុបន្ថែម ហើយបច្ចុប្បន្នឡើងឈរលេខ២ ក្នុងពូល E មាន ៤ពិន្ទុឆ្លងកាត់ ៣ប្រកួត ឈរពីលើ AC Milan មាន៤ពិន្ទុដូចគ្នា ខណៈ FC Salzburg មាន ៥ពិន្ទុឈរកំពូលតារាង ចំណែក Dinamo Zagreb ស្ថិតនៅបាតតារាងមាន ៣ពិន្ទុ។
 
ចំណែក Juventus រកបាន៣ពិន្ទុលើកដំបូងក្នុងការប្រកួត UCL ថ្ងៃទី៥ និងជាការប្រកួតលើកទី៣ នេះ ដោយអរគុណគ្រាប់បាល់ Hat-trick ពីសំណាក់កីឡាករ Angel Di Marie ជួយ Juventus ឈ្នះ Maccabi Haifa មកពីអ៊ីស្រាអែលលទ្ធផល ៣-១។ ខណៈ Juventus រកបាន៣ពិន្ទុបន្ថែមក្តីសង្ឃឹមបន្តដំណើរការប្រកួតរវាងក្រុម Paris Saint Germain ទល់និង Benfica បញ្ចប់ទៅត្រឹមលទ្ធផលស្មើ ១-១ នាកីឡដ្ឋាន Estadio da Luz។
 
ខាងក្រោមនេះជាលទ្ធផលការប្រកួតក្រុមដទៃទៀតនាការប្រកួត ​UCL ថ្ងៃទី៥ ខែតុលា៖
 
FC Salzburg ឈ្នះ Dinamo Zagreb លទ្ធផល ១-០ ក្នុងពូល E
RB Leipzig ឈ្នះលើ Celtic លទ្ធផល ៣-១ និង Real Madrid ឈ្នះ Shakhtar Donetsk លទ្ធផល ២-១ ក្នុងពូល F។
Manchester City ឈ្នះលើ Copenhagen លទ្ធផល ៥-០ ពូល G៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com