អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី Tsai Ing-wen៖ តៃវ៉ាន់ មិនពឹងនរណាមកការពារខ្លួនឡើយ
06, Oct 2022 , 2:29 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen (ស្ដាំ) ក្នុងពេលត្រួតពិនិត្យទ័ព។ រូបថត AFP
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen (ស្ដាំ) ក្នុងពេលត្រួតពិនិត្យទ័ព។ រូបថត AFP
ដោយ៖ ហ៊ួយ ស៊ីវលី 
 
ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen នៅក្នុងវេទិកាមួយនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី៥ ខែតុលា និយាយថា តៃវ៉ាន់នឹងមិនពឹងពាក់នរណាមកការពារសន្តិសុខរបស់ខ្លួនឡើយ។ ប៉ុន្តែតៃវ៉ាន់ស្វាគមន៍ការប្តេជ្ញាចិត្តរបស់អាម៉េរិកចំពោះការអះអាងការពារសន្តិសុខកោះមួយនេះពីការឈ្លានពានរបស់ចិន។

 
ពីវេទិកាមួយនៅអាម៉េរិក ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បង្ហាញការអរគុណចំពោះរដ្ឋបាលលោក ចូ បៃដិន និងសភាអាម៉េរិកសម្រាប់ការបន្តប្តេជ្ញាចិត្តរបស់អាម៉េរិកចំពោះសន្តិសុខតៃវ៉ាន់ និងការព្រមលក់អាវុធឱ្យខ្លួននាពេលថ្មីៗនេះ។
 
យ៉ាងណាមិញ ក្នុងសុន្ទរកថាដែលបានថតទុកមុននេះលោកស្រីបន្តថា តៃវ៉ាន់នឹងមិនពឹងផ្អែកប្រទេសណាមួយ ដើម្បីមកការពារកោះមួយនេះទេ។ 
 
«ប៉ុន្តែពួកយើងនឹងមិនពឹងនរណាឡើយក្នុងការការពារសន្តិសុខជាតិរបស់យើង។» លោកស្រី Tsai បញ្ជាក់បែបនេះក្នុងសុន្ទរកថាដដែល។ 
 
លោកស្រីបន្ថែមថា នេះហើយជាមូលហេតុដែលតៃវ៉ាន់ប្តេជ្ញាចិត្តយ៉ាងមុតម៉ាំក្នុងការការពារសន្តិសុខ និងរក្សារបៀបរស់នៅបែបប្រជាធិបតេយ្យរបស់ខ្លួន។ លើសពីនេះ តៃវ៉ាន់ ក៏កំពុងបន្សាំយុទ្ធសាស្ត្រការពាររបស់ខ្លួនទៅនឹងការគំរាមកំហែងដែលកំពុងប្រឈមមុខ និងតែងតែផ្លាស់ប្តូរពីមួយទៅមួយផងដែរ។ 
 
ការអះអាងរបស់លោក បៃដិន ថានឹងបញ្ជូនកងទ័ពអាម៉េរិកទៅតៃវ៉ាន់ក្នុងករណីចិនឈ្លានពាន ជាការបង្ហាញជំហរច្បាស់លាស់ជាងមុនរបស់អាម៉េរិកក្នុងការគាំទ្រតៃវ៉ាន់ ដែលវាផ្ទុយពីគោល​នយោបាយ​យុទ្ធសាស្ត្រមិនច្បាស់លាស់របស់អាម៉េរិកដែលមានជាយូរមកហើយ បើទោះបីអ្នកនាំពាក្យរបស់សេតវិមានបញ្ជាក់ថាគោលនយោបាយ​ចំពោះតៃវ៉ាន់មិនផ្លាស់ប្តូរក្តី៕
 

Tag:
 តៃវ៉ាន់
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com