អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហ្វីលីពីន នឹងទិញប្រេងឥន្ធនៈពីរុស្សីដើម្បីបំពេញតម្រូវការរបស់ខ្លួន
06, Oct 2022 , 7:29 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr។ រូបថត AFP
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr។ រូបថត AFP
ដោយ៖ ហ៊ួយ ស៊ីវលី
 
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. នៅថ្ងៃទី៥ ខែតុលានិយាយថា ហ្វីលីពីនប្រហែលត្រូវងាកទៅរករុស្សី ដើម្បីបំពេញតម្រូវការប្រេងឥន្ធនៈរបស់ខ្លួន ខណៈតម្លៃថាមពលសកលលោកកំពុងបន្តកើនឡើង។

 
ហ្វីលីពីន ក៏ដូចជាប្រទេសផ្សេងទៀតជាច្រើនផងដែរកំពុងប្រឈមមុខនឹងការកើនឡើងអតិផរណា បង្កដោយសង្គ្រាមរុស្សី និងអ៊ុយក្រែន។​ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ដែលជារដ្ឋមន្ត្រីកសិកម្មផងនោះ និយាយថា ហ្វីលីពីនប្រហែលត្រូវងាកទៅរករុស្សី ដើម្បីបំពេញតម្រូវការប្រេងឥន្ធនៈ និងផ្គត់ផ្គង់ជីសម្រាប់ធ្វើកសិកម្ម។ 
 
«យើងដើរលើផ្លូវមួយដែលមានតុល្យភាព ដោយសារតែការពិតនៃបញ្ហាគឺមានមែន។ យើងប្រហែលត្រូវទាក់ទងជាមួយរុស្សីសម្រាប់ការទិញប្រេងឥន្ធនៈ និងជីសម្រាប់ធ្វើកសិកម្ម។» លោកនិយាយបែបនេះនៅក្នុងក្លិបសារពត៌មានបរទេសនៅទីក្រុងម៉ានីលនៅថ្ងៃទី៥ ខែតុលា។ 
 
ចាប់តាំងរងទណ្ឌកម្មពីលោកខាងលិច រុស្សីក៏បង្ខំលក់ប្រេងរបស់ខ្លួនក្នុងតម្លៃដ៏ថោក ដែលពីមុនតម្លៃប្រេងឆៅ Urals របស់រុស្សីមានតម្លៃ៣០ដុល្លារក្នុងមួយបារ៉ែល ប៉ុន្តែនៅចុងខែកញ្ញាតម្លៃបានធ្លាក់ត្រឹមជាង២០ដុល្លារតែប៉ុណ្ណោះក្នុងមួយបារ៉ែល។ ប្រទេសដែលទិញប្រេងជាច្រើនពីរុស្សីមានចិន និងឥណ្ឌា ដោយចំនួននៃការទិញពីប្រទេសទាំងពីរស្មើនឹងជាងពាក់កណ្តាលនៃប្រេងនាំចេញទាំងអស់របស់រុស្សី ហើយនៅពេលនេះ រុស្សីក្លាយជាអ្នកផ្គត់ផ្គង់ប្រេងធំជាងគេបំផុតរបស់ចិនថែមទៀត។ 
 
ចំពោះមុខអ្នកសារព័ត៌មានជាច្រើន លោក Marcos Jr ក៏បង្ហាញជំហរថា ហ្វីលីពីនចង់ដើរតួយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានសន្តិសុខក្នុងតំបន់ផងដែរ។ លោកបន្ថែមថា ហ្វីលីពីននឹងស្នើវិធីសាស្រ្តថ្មីមួយចំពោះវិបត្តិនយោបាយមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំអាស៊ាននៅខែវិច្ឆិកាខាងមុខ ដែលអាចពាក់ព័ន្ធនឹងការចូលរួមជាមួយរដ្ឋាភិបាលយោធាដោយផ្ទាល់។ 
 
វិបត្តិនយោបាយនៅមីយ៉ាន់ម៉ានៅតែជាបញ្ហាមួយដែលមិនទាន់មានដំណោះស្រាយណាមួយ។ របបយោធាមីយ៉ាន់ម៉ា មិនគោរពតាមកិច្ចព្រមព្រៀងទាំង៥ចំណុចដែលអាស៊ានដាក់ចេញនៅដើមឆ្នាំ២០២២ អនុវត្តទោសប្រហារជីវិតសកម្មជនចំនួន៤នាក់ បន្តកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ម្តងហើយម្តងទៀត ដែលមកទល់ពេលនេះលោកស្រីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារយ៉ាងតិច២៣ឆ្នាំរួចហើយ។ ទាំងអស់នេះអាចបង្ហាញថា របបសឹកមីយ៉ាន់ម៉ាហាក់ដូចជាមិនមានបំណងធ្វើឱ្យមីយ៉ាន់ម៉ាត្រឡប់ទៅស្ថានភាពដើមឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com