កីឡាអន្តរជាតិ
អន្តរជាតិ
UEL ៖ គ្រូ Man United ថា Ronaldo មិនសប្បាយចិត្តព្រោះមិនសូវបានលេង
06, Oct 2022 , 8:29 pm        
រូបភាព
Cristiano Ronaldo ខ្សែប្រយុទ្ធក្រុម Manchester United  មិនសប្បាយចិត្តឡើយ ព្រោះមិនសូវបានចូលលេងគ្រប់គ្រាន់។ នេះបើតាមការលើកឡើងរបស់លោក Erik ten Hag អ្នកចាត់ការទូទៅ បិសាចក្រហម ក្នុងសន្និសីតកាសែតមុនក្រុមប៉ះ Omonia Nicosia ក្នុងការប្រកួតវគ្គសន្សំពិន្ទុពូល E ពានរង្វាន់ Europa League នៅរាត្រីថ្ងៃទី៦ ខែតុលា។



Ronaldo វ័យ៣៧ ឆ្នាំ នារដូវកាលថ្មីនេះ ចាប់ផ្តើមបានត្រឹម ១ប្រកួតប៉ុណ្ណោះសម្រាប់ជម្រើស ១១នាក់ដំបូងនៅក្របខណ្ឌ Premier League និង ២ប្រកួតនៅក្របខណ្ឌអឺរ៉ុប Europa League សម្រាប់ Man United។ ក្នុងជំនួបដែល Man Utd ចាញ់ Manchester City លទ្ធផល ៦-៣ Ronaldo មិនត្រូវបានផ្លាស់ប្តូរឱ្យចូលលេងឡើង ហើយក្រោយចប់ការប្រកួតនោះលោក Ten Hag បាននិយាយប្រាប់អ្នកកាសែតថា ជាកំហុសនៃការសម្រេចចិត្តមួយដែលមិនគោរពដល់អាជីពរបស់ Ronaldo។
 
ទឹកមុខខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ បានបង្ហាញច្បាស់ៗពីភាពមិនពេញចិត្តក្រោយក្រុមចាញ់យ៉ាងអាម៉ាស់ ដោយឡែកមុនជំនួបទល់ក្រុម Omonia Nicosia ក្នុងព្រឹត្តិការណ៍ UEFA Europa League ប្រកួតទី៣ អ្នកចាត់ការសញ្ជាតិហូឡង់អះអាងថា Ronaldo មិនសប្បាយចិត្តក៏ព្រោះតែពេលវេលាលេងមិនគ្រប់គ្រាន់។
 
«គេមិនសប្បាយចិត្តព្រោះគេមិនបានលេងកាលពីថ្ងៃប៉ះ Man City ពិតណាស់គេចង់ទទួលបានពេលវេលាលេងពេញលេញ។ តែទោះជាយ៉ាងណាខ្ញុំនៅតែនិយាយដដែលថា គេហ្វឹកហាត់បានល្អ គេមានអារម្មណ៍ល្អ គេប្តេជ្ញាចិត្ត។»។ នេះជាការលើកឡើងរបស់លោក Ten Hag។​
 
សម្រាប់ Man Utd ដែលត្រូវប៉ះ Omonia Nicosia នៅជំនួបលើទី៣របស់ខ្លួន ស្ថិតនៅចំណាត់ថ្នាក់លេខ​២ក្នុងពូល E មាន៣ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Real Sociedad ដែលមាន ៦ពិន្ទុពេញ។ ក្រុម FC Sheriff ឈរលេខ៣ មាន ៣ពិន្ទុដូចគ្នា ខណៈ Omonia Nicosia នៅបាតតារាងគ្មានពិន្ទុរាប់។ 
 
ចំណែកការប្រកួតក្នុងពូល E នេះដែល Real Sociadad ត្រូវធ្វើដំណើរទៅទឹកដី FC Sheriff ដើម្បីតតាំងស្វែងរកពិន្ទុបន្ថែម​វេលាម៉ោង ១១:៤៥នាទីយប់។
 
ខាងក្រោមនេះជាការប្រកួតរបស់ក្រុមដទៃផ្សេងទៀតក្នុងពានរង្វាន់ Europa League រាត្រីថ្ងៃទី៦ ខែតុលានេះ៖
 
ពូល A 
ក្រុម FC Zurich ទទួល PSV Eindhoven ម៉ោង ១១:៤៥យប់ 
Arsenal ប៉ះ Bodoe/Glimt ម៉ោង ២យប់
ពូល B ក្រុម Fenerbahce ទទួល AEK Larnaca និង Rennes ទទួល Dynamo Kyiv ម៉ោង ២យប់
ពូល ​C ក្រុម HJK Helsinki ស្វាគមន៍ Ludogorets Razgrad ១១:៤៥យប់ និង Roma ទទួល Real Betis ២យប់
ពូល D ក្រុម Malmo FF ទទួល Union Berlin ១១:៤៥យប់ និង SC Braga ទទួល Union St. Gilloise ២យប់
ពូល F ក្រុម Sturm Graz ទទួល Lazio ១១:៤៥យប់ និង FC Midtjylland ទទួល Feyenoord ២យប់
ពូល G ក្រុម Freiburg ទទួល Nantes និង Olympiacos ទទួល Qarabag FK ២យប់
ពូល H ក្រុម FK Crvena Zvezda ទទួល Ferencvaros និង Monaco ទទួល Trapzonspor ២យប់៕
 
 
 
 
 
 
 
 
 
 

Tag:
 Erik ten Hag
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com