កីឡាអន្តរជាតិ
អន្តរជាតិ
Haaland បំបែកកំណត់ត្រាថ្មី ក្នុងនាមអ្នករកគ្រាប់បានច្រើនជាងចំនួនប្រកួតនៅ UCL
06, Oct 2022 , 5:28 pm        
រូបភាព
Erling Haaland ខ្សែប្រយុទ្ធ Manchester City បន្តបង្កើតកំណត់ត្រាថ្មីៗបន្ថែមទៀតក្នុងអាជី​ព ដោយក្លាយជាកីឡាករបាល់ទាត់ ដែលអាចរកគ្រាប់បាល់បានច្រើនជាងចំនួនការប្រកួតនៅ UEFA Champions League។ កំណត់ត្រានេះ កើតឡើងក្រោយខ្សែប្រយុទ្ធន័រវែស រកបានពីរគ្រាប់ជួយ Man City ឈ្នះ Copenhagen ៥-០ ក្នុងការប្រកួតអឺរ៉ុប វគ្គសន្សំពិន្ទុពូល G នៅថ្ងៃទី៥ ខែតុលា។



ស៊ុត២គ្រាប់ឱ្យ Man City បានធ្វើឱ្យខ្សែប្រយុទ្ធ Haaland ទើបមានវ័យ២២ឆ្នាំ ក្លាយជាកីឡាករដំបូងគេបង្អោះ រកបានដល់ទៅ ២៨គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹមតែ ២២លើកក្នុងក្របខណ្ឌកំពូលអឺរ៉ុប ដោយឈរពីលើអតីតកីឡាករ Rivaldo របស់ Barcelona ដែលរកបាន ២៧គ្រាប់ និង Luiz Suarez ដែលធ្វើបាន ២៦គ្រាប់ ត្រឹមការបង្ហាញខ្លួន ២២ប្រកួតដំបូងដូចគ្នា។
 
ត្រឹមតែរយៈពេល ជាង៣រដូវកាល Haaland បានប្រែក្លាយរូបគេទៅជាកីឡាករដ៏មានទេពកោសល្យម្នាក់ក្នុងការរកគ្រាប់បាល់ ឱ្យក្រុមនីមួយៗដែលរូបគេធ្លាប់បានលេងឱ្យ និងធ្វើបានកំណត់ត្រាជាច្រើន បើធៀបទៅនឹងកីឡាករជើងចាស់លំដាប់ពិភពលោកដូចជា Lionel Messi និង Cristiano Ronaldo ក្នុងក្របខណ្ឌ Champions League។
 
ជំនួបការប្រកួតក្នុងពូល G នាការប្រកួតទីបីនៃ UCL រដូវកាលថ្មីនេះ រកបានគ្រាប់បាល់រាល់ការបង្ហាញខ្លួនឱ្យ Man City នៅ Champions League ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំក៏រួមចំណែករកបានគ្រាប់បាល់ ២គ្រាប់ទល់ Copenhagen មុនត្រូវបានផ្តូរចេញក្នុងវគ្គទីពីរ។ រកបាន ២គ្រាប់ឱ្យ Man City Haaland រកបានគ្រាប់បាល់ទី ២៨របស់ខ្លួនក្នុង UCL ចាប់តាំងពីបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០១៩មក ដែលកាលនោះរូបគេរកគ្រាប់បាល់ Hat-Trick តែម្តង។ 
 
ខាងក្រោមនេះជាកំណត់ត្រាគ្រាប់បាល់ដែល Haaland ធ្វើបានក្នុង Champions League៖
 
  • លេងបាន ២២ប្រកួតក្នុង Champions League
  • រកបានគ្រាប់បាល់ ២៨គ្រាប់
  • តែងរកបាន ១គ្រាប់ត្រឹមរយៈពេល ៥៩នាទី និង ៣០វិនាទី (សរុប ២៨គ្រាប់ ក្នុងរយៈពេល ១,៦៦៧នាទី)
 
គ្រាប់បាល់តាមក្លិបដែល Haaland បានលេងឱ្យ៖

  • FC Salzburg ៦ប្រកួត រកបាន ៨គ្រាប់
  • Borussia Dortmund ១៣ប្រកួត រកបាន ១៥គ្រាប់
  • Man City ៣ប្រកួត រកបាន ៥គ្រាប់
 
Haaland ក្លាយជាកីឡាករដំបូងគេបង្អោះនៅ UCL ដែលរកបាន ២៥គ្រាប់ ត្រឹមការបង្ហាញខ្លួន ២០លើកក្នុង Champions League លើកីឡាករខ្លាំងដូចជា៖
 
  • Erling Haaland រកបាន ២៥គ្រាប់
  • Harry Kane រកបាន ១៥គ្រាប់
  • Kylian Mbappe រកបាន ១២គ្រាប់
  • Karim Benzema រកបាន ១២គ្រាប់
  • Robert Lewandowski រកបាន ១១គ្រាប់
  • Lionel Messi រកបាន ៨គ្រាប់
     
គ្រាប់បាល់ដែល Haaland រកបានភាគច្រើនដោយការស៊ុតជើងឆ្វេងចំនួន ២០លើក ជើងស្តាំចំនួន ៥លើក និងប្រើក្បាល ៣លើក មិនត្រឹមតែប៉ុណ្ណោះ Haaland ប្រើពេលត្រឹមតែ ​១៤ប្រកួតប៉ុណ្ណោះដើម្បីបំបែកកំណត់ត្រារបស់លោក Ole Gunnar Solskjaer ក្នុងនាមជាកីឡាករន័វែសដែលរកបានគ្រាប់បាល់ច្រើននៅក្នុង UCL៕
 
 
 
 
 
 
 

Tag:
 Erling Haaland
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com