អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី ចង់ឱ្យមហាសន្និបាតបោះឆ្នោតជាសម្ងាត់ជុំវិញការលេបទឹកដីអ៊ុយក្រែន
06, Oct 2022 , 9:29 pm        
រូបភាព
តំណាងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ Vassily Nebenzia ។ រូបថត Xinhua
តំណាងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ Vassily Nebenzia ។ រូបថត Xinhua
ដោយ:
រុស្ស៊ីកំពុងបញ្ចុះ​បញ្ចូលឱ្យមានការបោះឆ្នោតជាសម្ងាត់ជាជាងជាសាធារណៈ នៅពេលរដ្ឋសមាជិកអង្គការសហប្រជាជាតិ (UN) ទាំង១៩៣ ក្រោយបោះឆ្នោតអនុម័តសេចក្តីសម្រេចថ្កោលទោសរុស្ស៊ីជុំវិញការលេបទឹកដីអ៊ុយក្រែននៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuter នៅថ្ងៃទី៥ ខែតុលា។ សេចក្តីព្រាងនៃសេចក្តីសម្រេចដែលគាំទ្រដោយលោកខាងលិចនៅក្រុមប្រឹក្សាសន្តិសុខ UN ត្រូវបានរុស្ស៊ីបោះឆ្នោតវ៉េតូកាលពីសប្តាហ៍មុន។

 
ក្រោយរុស្ស៊ីប្រកាសជោគជ័យក្នុងប្រជាមតិរួបរួមតំបន់អ៊ុយក្រែនចំនួន៤ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN)នៅថ្ងៃទី៣០ ខែកញ្ញាបើកកិច្ចប្រជុំបោះឆ្នោតលើសេចក្តីព្រាងនៃសេចក្តីសម្រេចថ្កោលទោសទង្វើរុស្ស៊ី។ សេចក្តីព្រាងដែលចេញដោយអាម៉េរិក និងអាល់បានីនេះត្រូវបានគាំទ្រដោយរដ្ឋសមាជិកក្រុមប្រឹក្សា១០ប្រទេស ខណៈរុស្ស៊ីបោះឆ្នោតវ៉េតូ ហើយប្រេស៊ីល ចិន ហ្គាបុង និងឥណ្ឌាបោះឆ្នោតអនុបវាទ។ 
 
ដោយសារតែរុស្ស៊ីប្រើអំណាចវ៉េតូបែបនេះ មហាសន្និបាត UN នឹងត្រូវបើកកិច្ចប្រជុំជាបន្ទាន់ដោយស្វ័យប្រវត្តិក្នុងរយៈពេល១០ថ្ងៃដើម្បីអនុញ្ញាតឱ្យរដ្ឋសមាជិកបោះឆ្នោតលើការអនុម័តសេចក្តីព្រាងនោះ។ សមាជិកមហាសន្និបាតទាំង១៩៣រដ្ឋដែលរដ្ឋនីមួយៗមានមួយសំឡេង ហើយគ្មានសិទ្ធិវ៉េតូនៅថ្ងៃទី១០ ខែតុលានឹងត្រូវពិភាក្សាថាតើសេចក្តីព្រាងនោះនឹងត្រូវបានអនុម័តឬអត់។ រុស្ស៊ីកំពុងជំរុញឱ្យរដ្ឋទាំងនេះបោះឆ្នោតជាសម្ងាត់ទៅវិញ។ 
 
«នេះច្បាស់ណាស់គឺជាការវិវឌ្ឍដែលមានលក្ខណៈនយោបាយ និងបង្កឱ្យមានការបែកបាក់គ្នាកាន់តែខ្លាំងនៅមហាសន្និបាត ហើយនាំឱ្យរដ្ឋសមាជិកនានាកាន់តែដាច់ឆ្ងាយពីគ្នា»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៥ ខែតុលា ស្រង់លិខិតដែលអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN លោក Vassily Nebenzia ផ្ញើទៅបណ្តារដ្ឋ UN ។​ 
 
សេចក្តីព្រាងដែលនឹងត្រូវបោះឆ្នោតសម្រេចនៅមហាសន្និបាតនេះចាត់ទុកទង្វើរុស្ស៊ីជាការខុសច្បាប់​ និងប៉ុនប៉ងកែប្រែព្រំដែនអ៊ុយក្រែនដែលទទួលស្គាល់ដោយអន្តរជាតិ។ សេចក្តីព្រាងនេះដែរក៏អំពាវនាវឱ្យរដ្ឋ អង្គការអន្តរជាតិ និងទីភ្នាក់ងារទាំងអស់កុំទទួលស្គាល់ការប្រកាសបញ្ចូលទឹកដីអ៊ុយក្រែនរបស់រុស្ស៊ី និងទទូចឱ្យរុស្ស៊ីដកទ័ពចេញពីទឹកដីអ៊ុយក្រែនទាំងស្រុងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ 
 
ចំណាត់ការនៅ UN ពាក់ព័ន្ធរុស្ស៊ីលេបដែនដីអ៊ុយក្រែនចំនួន ៤ តំបន់ដូចជា Donetsk, Luhansk, Zaporizhzhia និង Kherson ឆ្លុះបញ្ចាំងពីអ្វីដែលបានកើតឡើងក្នុងឆ្នាំ​ ២០១៤ បន្ទាប់ពីរុស្ស៊ីបញ្ចូលតំបន់គ្រីមេជាទឹកដីខ្លួន។ ពេលនោះ រុស្ស៊ីក៏បានបោះឆ្នោតវ៉េតូនៅក្រុមប្រឹក្សាសន្តិសុខដូចគ្នា បន្ទាប់មកមហាសន្និបាតក៏បានអនុម័តសេចក្តីសម្រេចមិនទទួលស្គាល់ការលេបទឹកដីនេះជាមួយការគាំទ្រ១០០សំឡេង ប្រឆាំង១១ សំឡេង និងអនុបវាទ៥៨សំឡេង ខណៈ២៥ប្រទេសទៀតមិនចូលរួម៕ 
 
 
 
 
 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com