អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មីយ៉ាន់ម៉ា កាត់ទោសអ្នកផលិតភាពយន្តជនជាតិជប៉ុនឱ្យជាប់ពន្ធនាគារ១០ឆ្នាំ
06, Oct 2022 , 6:29 pm        
រូបភាព
របប​យោធា​មី​យ៉ាន់​ម៉ា​បាន​កាត់ទោស​អ្នកផលិត​ភាពយន្តជនជាតិជប៉ុនម្នាក់ជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ​ពី​បទ​លើកទឹកចិត្ត​ឱ្យ​មានការ​ប្រឆាំង​នឹង​យោធា និង​បំពាន​ច្បាប់​គមនាគមន៍​អេ​ឡិច​ត្រូ​និក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៦ ខែតុលា។



ចាប់តាំងពីរដ្ឋប្រហារផ្ដួលរលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈឆ្នាំមុន មីយ៉ាន់ម៉ា ស្ថិតក្នុងភាពចលាចលជាខ្លាំងខណៈពលរដ្ឋធ្វើការតវ៉ាប្រឆាំងជាហូរហែរ។ ការតវ៉ានេះក៏បានបង្កឱ្យមានការបង្ក្រាបដោយយោធា ដែលបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់។ របបយោធាក៏កាត់ទោសមនុស្សជាច្រើនផងដែរ។
 
បុរសជនជាតិជប៉ុនឈ្មោះ Toru Kubota ត្រូវបានកាត់ទោសដោយតុលាការមីយ៉ាន់ម៉ានៅក្នុងពន្ធនាគារ Inseinទីក្រុងយ៉ាំងហ្គោន នៅថ្ងៃទី៥ ខែតុលា ពាក់ព័ន្ធនឹងការលើកទឹកចិត្ត​ឱ្យ​​ប្រឆាំង​នឹង​យោធា និង​បំពាន​ច្បាប់​គមនាគមន៍អេ​ឡិច​ត្រូ​និក។ ក្រៅតែពីករណីទាំង២នេះ អ្នកការទូតនៅស្ថានទូតជប៉ុនប្រចាំមីយ៉ាន់ម៉ាក៏បានបញ្ជាក់ថា អ្នកផលិតខ្សែភាពយន្តរូបនេះក៏កំពុងប្រឈមនឹងបទល្មើសបំពានច្បាប់អន្តោប្រវេសន៍ផងដែរ។ 
 
លោក Kubota ដែលមានអាយុ ២៦ ឆ្នាំត្រូវបានឃុំខ្លួនក្នុងខែកក្កដាកន្លងទៅរួមជាមួយពលរដ្ឋមីយ៉ាន់ម៉ាពីរនាក់ ក្នុងការការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាលនៅទីក្រុងយ៉ាំងហ្គោន។ ដំបូងឡើយលោក Kubota ត្រូវបានចោទប្រកាន់ពីបទលើកទឹកចិត្តឱ្យមានការប្រឆាំងប្រឆាំងនឹងយោធា និងការរំលោភលើច្បាប់អន្តោប្រវេសន៍។ ការចោទប្រកាន់ អាចឱ្យលោកជាប់ពន្ធនាគារអតិបរមារយៈពេល៣ឆ្នាំ។ 
 
បើតាមប្រភពការទូតដដែលបានបន្ថែមថា សវនាការបន្ទាប់សម្រាប់ការកាត់ទោសពីរំលោភលើច្បាប់អន្តោប្រវេសន៍នឹងធ្វើឡើងនៅថ្ងៃទី១២ ខែតុលាសប្តាហ៍ក្រោយ។
យោងតាមប្រវត្តិរូបនៅលើ FilmFreeway លោក Kubota ធ្លាប់បានផលិតភាពយន្តឯកសារស្តីពីជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាមីយ៉ាន់ម៉ា ជនភៀសខ្លួន និងបញ្ហាជនជាតិភាគតិចផ្សេងទៀតនៅមីយ៉ាន់ម៉ា។ 
 
ទីក្រុងតូក្យូ ជាអ្នកផ្តល់ជំនួយយ៉ាងសំខាន់ដល់មីយ៉ាន់ម៉ានិងមានទំនាក់ទំនងយូរអង្វែងជាមួយយោធាមីយ៉ាន់ម៉ា។ យ៉ាងណាមិញ នៅខែកញ្ញា ក្រសួងការពារជាតិជប៉ុនបានប្រកាសថា ខ្លួននឹងបញ្ឈប់កម្មវិធីហ្វឹកហ្វឺនសម្រាប់សមាជិកនៃយោធាមីយ៉ាន់ម៉ាចាប់ពីឆ្នាំក្រោយជុំវិញការប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ ចាប់តាំងពីឆ្នាំ២០១៥ ជប៉ុនបានទទួលសមាជិកយោធាមីយ៉ាន់ម៉ាជាង ៣០នាក់ដែលជានិស្សិត។
 
គួរបញ្ជាក់ថា លោក Kubota ជាអ្នកកាសែតបរទេសទី ៥ ហើយដែលត្រូវបានឃុំខ្លួននៅមីយ៉ាន់ម៉ា បន្ទាប់ពីពលរដ្ឋអាម៉េរិក២នាក់លោក Nathan Maung លោក Danny Fenster លោក Robert Bociaga ជនជាតិប៉ូឡូញ និងលោក Yuki Kitazumi ជនជាតិជប៉ុន ត្រូវបានចាប់ខ្លួន រួចដោះលែង និងបណ្ដេញចេញពីមីយ៉ាន់ម៉ាវិញ៕
 

Tag:
 មីយ៉ាន់ម៉ា
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com