អន្តរជាតិ
មន្រ្តីអាកាសចរណ៍កូរ៉េខាងជើងថា មីស៊ីលខ្លួន មិនបង្កការគំរាមកំហែងសុវត្ថិភាពក្នុងតំបន់ឡើយ
09, Oct 2022 , 9:59 am        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
មន្រ្តីអាកាសចរណ៍កូរ៉េខាងជើងមួយរូប ដែលមិនបានបញ្ចេញឈ្មោះ នៅថ្ងៃទី៨ ខែតុលា បាននិយាយការពារថា ការបាញ់មីស៊ីលនាពេលកន្លងមក គ្រាន់ជាសកម្មភាពការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងរបស់អាម៉េរិកប៉ុណ្ណោះ ហើយវាក៏មិនប៉ះពាល់សុវត្ថិភាពប្រទេសជិតខាង ឬក្នុងតំបន់ឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃទី៨ ខែតុលា។

 
ត្រឹមរយៈពេល ១២ថ្ងៃប៉ុណ្ណោះ កូរ៉េខាងជើង បានបាញ់មីស៊ីលរហូតដល់ ៦លើក ដោយក្នុងនោះរួមទាំងការបាញ់មីស៊ីលបាលីស្ទិកចម្ងាយមធ្យមរំលងជប៉ុនថែមទៀត។ បញ្ហានេះ ត្រូវបានសហគមន៍អន្តរជាតិ រួមទាំងក្រុមប្រឹក្សាអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAOC) រិះគន់យ៉ាងខ្លាំង។ 
 
ជាការឆ្លើយតប មន្រ្តីអាកាសចរណ៍កូរ៉េខាងជើងមួយរូប ដែលមិនបានបញ្ចេញឈ្មោះ បានលើកឡើងថា ការសាកល្បងមីស៊ីលខ្លួនជាសកម្មភាពធម្មតា និងការពារពីការគំរាមកំហែងរបស់អាម៉េរិកដោយផ្ទាល់។ 
 
«ការសាកល្បងមីស៊ីលរបស់យើង គឺធម្មតា និងរៀបចំគម្រោងលើចំណាត់ការការពារខ្លួន ដើម្បីការពារសន្តិសុខប្រទេស រួមទាំងសន្តិភាពក្នុងតំបន់ពីការគំរាមហែងរបស់អាម៉េរិកដោយផ្ទាល់»។ មន្រ្តីកូរ៉េខាងជើង បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA។ 
 
បើតាមមន្រ្តីរូបនោះ ការសាកល្បងមីស៊ីលមិនបង្កការគំរាមកំហែង ឬប៉ះពាល់សុវត្ថិភាពអាកាសចរណ៍ស៊ីវិល ក៏ដូចជាសុវត្ថិភាពប្រទេសជិតខាង ឬក្នុងតំបន់ឡើយ។ 
 
ក្នុងថ្ងៃដដែល ក្រសួងការពារជាតិកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត ដោយអះអាងថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់លើសមយុទ្ធយោធារវាងអាម៉េរិក និងកូរ៉េខាងត្បូង ដោយមានការចូលរួមពីនាវាដឹកយន្តហោះចម្បាំងអាម៉េរិក USS Ronald Reagan។
 
សូមបញ្ជាក់ថា មួយរយៈចុងក្រោយ ឧបទ្វីបកូរ៉េ មានភាពតានតឹងយ៉ាងខ្លាំង ខណៈរដ្ឋបាលកូរ៉េខាងត្បូងថ្មី ដែលដឹកនាំដោយលោក យូន សុកយ៉ល បានបង្ហាញជំហរយ៉ាងមុតមាំចំពោះកូរ៉េខាងជើង៕ 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com