អន្តរជាតិ
ក្មេងជំទង់ហុងកុង៥នាក់ត្រូវបានកាត់ទោសក្រោមច្បាប់សន្តិសុខជាតិ
09, Oct 2022 , 11:59 am        
រូបភាព
ដោយ៖ ហ៊ួយ ស៊ីវលី
 
ក្មេងជំទង់ហុងកុង៥នាក់ត្រូវបានកាត់ទោសឱ្យជាប់គុក៣ឆ្នាំនៅក្នុងមណ្ឌលឃុំឃាំងសម្រាប់មនុស្សវ័យក្មេង ក្រោមបទចោទប្រកាន់ញុះញង់ឱ្យមានបដិត្តន៍ប្រដាប់អាវុធ។ នេះគឺជាលើកទី១ ដែលច្បាប់សន្តិសុខជាតិត្រូវបានប្រើប្រាស់ក្នុងការកាត់ទោសអនីតិជននៅហុងកុង។

 
តុលាការហុងកុង នៅថ្ងៃទី៨ ខែតុលា បានសម្រេចកាត់ទោសក្មេងជំទង់៥នាក់ដែលខ្លះមានអាយុចន្លោះពី១៥ទៅ១៨ឆ្នាំ ក្រោមច្បាប់សន្តិសុខជាតិ ដែលអនុវត្តចាប់ពីឆ្នាំ២០២០។ អ្នកទាំង៥នាក់ជាសមាជិកក្រុម Returning Valiant ដែលជាក្រុមគាំទ្រឯករាជ្យហុងកុង។ ពួកគេសារភាពនៅក្នុងតុលាការថា ពួកគេបានញុះញង់អ្នកដទៃឱ្យផ្តួលរលំអំណាចរដ្ឋ។ នេះបើតាមទីភ្នាក់ងារពត៌មាន Reuters។
 
យោងតាមទីភ្នាក់ងារពត៌មានដដែល ចៅក្រម Kwok Wai-kin បញ្ជាក់ថា ជនជាប់ចោទទាំង៥បានជំរុញឱ្យមានបដិវត្តន៍បង្ហូរឈាម ដើម្បីផ្តួលរលំរដ្ឋាភិបាលចិននៅតាមដងផ្លូវ និងនៅលើបណ្តាញសង្គមដូចជា Instagram និង Facebook ជាដើម។ លោក Wai-kin ហៅ ការញុះញង់របស់បុគ្គលទាំង៥ ជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ។ ប៉ុន្តែ ដោយសារតែអាយុ និងភាពមិនទាន់ពេញវ័យរបស់ពួកគេ តុលាការកាត់ទោសពួកគេឱ្យទៅនៅក្នុងមណ្ឌលឃុំឃាំងសម្រាប់មនុស្សវ័យក្មេងជំនួសការដាក់នៅក្នុងគុក។
 
«ទោះបីជាមានមនុស្សតែម្នាក់ត្រូវបានញុះញង់ពីពួកគេក៏ដោយ ស្ថិរភាពសង្គមនៃទីក្រុងហុងកុង និងសុវត្ថិភាពរបស់អ្នករស់នៅទីនេះអាចនឹងមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។» លោកចៅក្រមប្រកាសបែបនេះ។
 
យោងតាមការស្រាវជ្រាវចេញផ្សាយដោយ ChinaFile ដែលជាដៃគូជាមួយសាកលវិទ្យាល័យ Georgetown ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា មនុស្សយ៉ាងហោចណាស់ចំនួន១១០នាក់ត្រូវបានចាប់ខ្លួនក្រោមច្បាប់សន្តិសុខជាតិ។ អ្នកដែលត្រូវបានចាប់ខ្លួនរួមមានបាតុករ សកម្មជន និងអតីតសមាជិកសភាបក្សប្រឆាំង៕

Tag:
 ចិន
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com