អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីល២គ្រាប់ទៀតដែលជាលើកទី៧ក្នុងពេលជាង២សប្ដាហ៍
09, Oct 2022 , 1:29 pm        
រូបភាព
កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីក២គ្រាប់បន្ថែមទៀតនៅព្រឹកថ្ងៃទី៩ ខែតុលា។ នេះគឺជាការបាញ់មីស៊ីលលើកទី៧ហើយបើគិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា ពេលដែលភាពតានតឹងរវាងកូរ៉េខាងជើង និងអាម៉េរិកព្រមទាំងកូរ៉េខាងត្បូង និងជប៉ុនហាក់ងើបឡើងវិញ។


 
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Toshiro Ino បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៩ ខែតុលា ថា មីស៊ីលទាំងពីរគ្រាប់ដែលកូរ៉េខាងជើងបានបាញ់បានឈានដល់កម្ពស់១០០គីឡូម៉ែត្រ ហើយហោះចម្ងាយ៣៥០គីឡូម៉ែត្រ។ មីស៊ីលទីមួយបានបាញ់នៅប្រហែលម៉ោង១និង៤៧ នាទីព្រឹកម៉ោងនៅកូរ៉េខាងជើង ខណៈមីស៊ីលទីពីរបាញ់នៅប្រហែល ៦ នាទីបន្ទាប់។
 
យ៉ាងណាមិញ លោក Ino បានបញ្ជាក់ថា មីស៊ីលបាលីស្ទីកទាំងពីរនោះបានធ្លាក់ចេញក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុនហើយអាជ្ញាធរកំពុងតែត្រួតពិនិត្យមើលប្រភេទមីស៊ីលដែលបាញ់រួមទាំងលទ្ធភាពដែលមីស៊ីលទាំងនោះអាចបាញ់ចេញពីនាវាមុជទឹក។ លោក Ino សង្កត់ធ្ងន់ថា ក្រុងតូក្យូ នឹងមិនអត់ធ្មត់ចំពោះសកម្មភាពដដែលៗរបស់កូរ៉េខាងជើងនោះឡើយ។
ជុំវិញការបាញ់មីស៊ីលលើកចុងក្រោយនេះ យោធាអាម៉េរិកបានបញ្ជាក់ថា ពួកគេកំពុងតែពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងដៃគូ។ សម្រាប់យោធាអាម៉េរិក ការបាញ់នេះ បង្ហាញពីផលប៉ះពាល់ដល់ស្ថិរភាពនៃកម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។
 
ទោះបីជាយ៉ាងណាក៏ដោយ អាម៉េរិកអះអាងថា ការតេស្តសាកល្បងនេះមិនបានបង្កជាការគំរាមកំហែងអ្វីដល់កងកម្លាំងអាម៉េរិកក្នុងតំបន់ និងសម្ព័ន្ធមិត្តរបស់អាម៉េរិកនោះឡើយ។
«ការប្តេជ្ញាចិត្តរបស់អាម៉េរិកចំពោះវិស័យការពារជាតិនៃសាធារណរដ្ឋកូរ៉េ និងជប៉ុននៅតែរក្សាភាពរឹងមាំ»។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាម៉េរិកដែលមានមូលដ្ឋាននៅកោះហាវ៉ៃ។
 
ចំណែកឯយោធាកូរ៉េខាងត្បូងវិញបានរិះគន់ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនេះ ជាការបង្កហេតុដ៏ធ្ងន់ធ្ងរដែលបង្កភាពអសន្តិភាពដល់តំបន់។ ក្នុងសេចក្ដីថ្លែងការដដែលនេះ ក្រុងសេអ៊ូលអះអាងថា មីស៊ីលបានបាញ់ចេញពីតំបន់ Muncheon ដែលស្ថិតនៅឆ្នេរខាងកើតរបស់កូរ៉េខាងជើង។ 
 
គួរបញ្ជាក់ថា កូរ៉េខាងជើងបានបន្តការសាកល្បងមីស៊ីលឥតឈប់ដើម្បីប្រឆាំងនឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ហើយបាននិយាយនៅថ្ងៃទី៨ ខែតុលាថា ការធ្វើតេស្ត មីស៊ីលរបស់ខ្លួនគឺដើម្បីការពារខ្លួនប្រឆាំងនឹងការគម្រាមកំហែងដោយយោធាផ្ទាល់របស់អាម៉េរិក ហើយមិនបានធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពរបស់ប្រទេសជិតខាង និងតំបន់នោះឡើយ៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com