អន្តរជាតិ
អ្នកមុជទឹករុស្ស៊ីពិនិត្យការខូចខាតស្ពានភ្ជាប់ពីគ្រីមៀទៅរុស្ស៊ី ក្រោយរងការបំផ្ទុះយ៉ាងខ្លាំង
09, Oct 2022 , 4:59 pm        
រូបភាព
អ្នកមុជទឹករុស្ស៊ីបានចាប់ផ្ដើមការងារត្រួតពិនិត្យដើម្បីមើលការខូចខាតស្ពាន និងផ្លូវដែកដែលភ្ជាប់តំបន់គ្រីមេទៅរុស្ស៊ី ក្រោយរងការការបំផ្ទុះដ៏ខ្លាំងក្លាមួយនៅថ្ងៃទី៨ ខែតុលា។ ស្ពាន Kerch ជាផ្លូវមួយដ៏សំខាន់របស់កងកម្លាំងរុស្ស៊ីដែលប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែននៅតំបន់ភាគខាងត្បូង។

 
ការបំផ្ទុះនៅថ្ងៃទី៨ ខែតុលានៅលើស្ពានគ្រីមៀដែលឆ្លងកាត់ច្រកសមុទ្រ Kerch ដ៏សំខាន់មួយជំរុញឱ្យរុស្ស៊ីចាប់ផ្ដើមត្រួតពិនិត្យមើលការខូចខាតជាបន្ទាន់។ ទីភ្នាក់ងារព័ត៌មានរុស្ស៊ីបានស្រង់សម្ដីឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Marat Khusnullin ដែលនិយាយថា អ្នកមុជទឹកបានចាប់ផ្ដើមប្រតិបត្តិការត្រួតពិនិត្យចាប់ពីម៉ោង៦ព្រឹក ហើយរំពឹងថានឹងបញ្ចប់ត្រឹមថ្ងៃនេះផងដែរ។
«ស្ថានភាពគឺអាចគ្រប់គ្រងបាន។ វាមិនល្អទេ ប៉ុន្តែក៏មិនអាក្រក់ណាស់ណាដែរ»។ អភិបាលរុស្ស៊ីនៃតំបន់គ្រីមៀលោក Sergei Aksyonov បានប្រាប់អ្នកសារព័ត៌មានបែបនេះរួចបន្តថា រុស្ស៊ីចង់សងសឹកទៅវិញចំពោះការបំផ្ទុះនេះ។ 
 
លោក Aksyonov បន្តថា តំបន់គ្រីមៀមានប្រេងសាំងដែលអាចប្រើបានមួយខែ និងស្បៀងអាហារដែលអាចឱ្យប្រជាជនតំបន់នោះហូបចុកបានលើសពីពីរខែ។ ទន្ទឹមនេះ ក្រសួងការពារជាតិរុស្ស៊ីលើកឡើងថា កងកម្លាំងរបស់ខ្លួននៅភាគខាងត្បូងអ៊ុយក្រែន អាចនឹងត្រូវបានផ្គត់ផ្គង់យ៉ាងពេញលេញតាមរយៈផ្លូវគោក និងផ្លូវសមុទ្រដែលមានស្រាប់។
 
ស្ពាន Kerch ជាសរសៃឈាមដ៏សំខាន់សម្រាប់កងកម្លាំងរុស្ស៊ីដែលគ្រប់គ្រងភាគច្រើននៃតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែន និងសម្រាប់កំពង់ផែកងទ័ពជើងទឹករុស្ស៊ីនៅទីក្រុង Sevastopol។ វាមិនទាន់ច្បាស់នៅឡើយទេថាការបំផ្ទុះនេះជាការវាយប្រហារដោយចេតនា ឬយ៉ាងណា ប៉ុន្តែការខូចខាតដល់រចនាសម្ព័ន្ធដ៏ខ្ពស់បែបនេះបានកើតឡើងចំពេលដែលរុស្ស៊ីបានបរាជ័យក្នុងសមរភូមិជាច្រើនដងជាមួយអ៊ុយក្រែន។
 
បើតាមមន្ត្រីរុស្ស៊ី មនុស្សបីនាក់ត្រូវបានសម្លាប់ដែលប្រហែលជាអ្នកបើកបររថយន្តធ្វើដំណើរជិតរថយន្តដឹកទំនិញដែលបានផ្ទុះនោះ។
 
ខណៈមិនមានអ្នកចេញមុខទទួលខុសត្រូវ អ៊ុយក្រែនឯណោះបានបង្ហាញពីការរីករាយ។ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានលើកឡើងថា អ៊ុយក្រែនកំពុងមើលឃើញការចាប់ផ្តើមនៃដំណើរការអវិជ្ជមានទ្រង់ទ្រាយធំនៅរុស្ស៊ី និងអះអាងថា ការផ្ទុះនេះបណ្ដាលមកពីផ្ទៃក្នុងរុស្ស៊ី៕

© រក្សាសិទ្ធិដោយ thmeythmey.com