អន្តរជាតិ
អាម៉េរិកថា ហុងកុងនឹងបំផ្លាញកេរ្តិ៍ឈ្មោះខ្លួនឯង បើមិនធ្វើអ្វីសោះចំពោះនាវាកម្សាន្តមហាសេដ្ឋីរុស្សី
09, Oct 2022 , 6:59 pm        
រូបភាព
នាវាកម្សាន្តដែលជឿថា ជាកម្មសិទ្ធិរបស់មហាសេដ្ឋីរុស្ស៊ី Alexey Mordashov ចូលចតនៅហុងកុង។ រូបថត CNN
នាវាកម្សាន្តដែលជឿថា ជាកម្មសិទ្ធិរបស់មហាសេដ្ឋីរុស្ស៊ី Alexey Mordashov ចូលចតនៅហុងកុង។ រូបថត CNN
ដោយ៖ ហ៊ួយ ស៊ីវលី
 
អាម៉េរិកព្រមានហុងកុងនៅថ្ងៃទី៨ ខែតុលាថា ទីក្រុងនេះនឹងអាចបំផ្លាញកេរិ៍ឈ្មោះខ្លួនឯងក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយ បើផ្តល់ជម្រកដល់នាវាមួយដែលមានទំនាក់ទំនងជាមួយវិមានក្រេមឡាំង និងត្រូវបានដាក់ទណ្ឌកម្មដោយលោកខាងលិច។ ការព្រមាននេះធ្វើឡើង ក្រោយពីហុងកុងប្រកាសថានឹងមិនធ្វើសកម្មភាពអ្វីប្រឆាំងនឹងនាវាឯកជនខ្នាតយក្សរបស់មហាសេដ្ឋីរុស្ស៊ីឡើយ។

 
នាវាដ៏ធំ និងទំនើបមួយមានតម្លៃជា ៥០០លានដុល្លារ ដែលជារបស់មហាសេដ្ឋីរុស្សីលោក Alexei Mordashov បានទៅដល់ដែនទឹកហុងកុងតាំងពីថ្ងៃទី៥ ខែតុលា។ ម្ចាស់នាវានេះជាមហាសេដ្ឋីម្នាក់ក្នុងចំណោមមហាសេដ្ឋីទាំងអស់ជិតស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ហើយត្រូវជាប់ឈ្មោះក្នុងបញ្ជីទណ្ឌកម្មដាក់ដោយលោកខាងលិចផងដែរ បន្ទាប់ពីសង្រ្គាមអ៊ុយក្រែនចាប់ផ្តើម។
 
ទាក់ទងនឹងនាវានេះ អ្នកនាំពាក្យនៃនាយកដ្ឋានសមុទ្រហុងកុងប្រាប់កាសែត Financial Times នៅថ្ងៃទី៧ ខែតុលាថា រដ្ឋាភិបាលហុងកុងអនុវត្តទណ្ឌកម្មរបស់UN ប៉ុន្តែខ្លួននឹងមិនអនុវត្ត ឬមិនមានសិទ្ធិអំណាចផ្លូវច្បាប់ណាមួយ ដើម្បីចាត់វិធានការដាក់ទណ្ឌកម្មឯកតោភាគីដោយប្រទេស ឬប្លុកណាមួយលើនាវានេះបានទេ។ 
 
យ៉ាងណាមិញ អាម៉េរិកមានប្រតិកម្មដោយព្រមានហុងកុងថា មជ្ឈមណ្ឌលហិរញ្ញវត្ថុនេះនឹងអាចប្រឈមនឹងការបំផ្លាញមុខមាត់ខ្លួនឯង បើសម្រេចចិត្តថាមិនធ្វើអ្វីសោះចំពោះនាវាមួយនេះ។
 
«កេរ្តិ៍ឈ្មោះរបស់ហុងកុងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ គឺអាស្រ័យទៅលើការប្រកាន់ខ្ជាប់នូវច្បាប់ និងស្តង់ដារអន្តរជាតិ។ ការប្រើប្រាស់ហុងកុងជាជម្រកសុវត្ថិភាពដោយបុគ្គលដែលគេចចេញពីទណ្ឌកម្ម នឹងត្រូវបានចោទសួរ ពីតម្លាភាពនៃបរិយាកាសក្នុងការធ្វើអាជីវកម្មនៅហុងកុង។» អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកម្នាក់ប្រាប់ទីភ្នាក់ងារពត៌មាន AFP បែបនេះនៅថ្ងៃទី៨ ខែតុលា។ 
 
ក្រោយសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង នាវាដែលជាកម្មសិទ្ធិរបស់អ្នកដែលជិតស្និទ្ធនឹងលោក ពូទីន បានក្លាយជាគោលដៅសម្រាប់ប្រទេសលោកខាងលិចតាមប្រមាញ់ដាក់ទណ្ឌកម្ម។ កាលពីខែមិនា អ៊ីតាលីបានរឹបអូសនាវា Lady M ដែលនាវានោះក៏ជារបស់លោក Mordashov ក្រោមហេតុផលថាវាជាទណ្ឌកម្មរបស់សហភាពអឺរ៉ុប៕
 

Tag:
 អាម៉េរិក
  ហុងកុង
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com