កីឡាអន្តរជាតិ
អន្តរជាតិ
បុគ្គលិករដ្ឋាភិបាលកាតា តម្រូវឱ្យធ្វើការពីផ្ទះអំឡុងពេល World Cup
10, Oct 2022 , 10:23 am        
រូបភាព
បុគ្គលិករដ្ឋាភិបាលកាតា នឹងត្រូវធ្វើការពីផ្ទះអំឡុងពេលការប្រកួត FIFA World Cup ឆ្នាំ ២០២២។ តាមសាលារៀននានាក្នុងទីក្រុងដូហា នឹងត្រូវបិទ ២សប្តាហ៍មុនការប្រកួត ខណៈដែលប្រទេសនេះត្រៀមទទួលភ្ញៀវទេសចរណ៍ដ៏ច្រើនសន្ធឹកសន្ធាប់។



កាតាគឺជាប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ាទីមួយដែលទទួលសិទ្ធិរៀបចំការប្រកួត World Cup ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។
 
សម្រាប់ព្រឹត្តិការណ៍ World Cup អ្នករៀបចំកម្មវិធីប្រកួតក្នុងប្រទេសកាតារំពឹងថានឹងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាការប្រកួតចំនួនជាង ១,២លាននាក់ ឬក៏ស្មើនឹងពាក់កណ្តាលនៃចំនួនប្រជាជនសរុបនៃប្រទេសកាតា ស្របពេលប្រទេសនេះ កំពុងមានបញ្ហាព្រឈមនឹងកត្តាដឹកជញ្ជូន និងបញ្ហាសន្តិសុខ។ ក្រោមហេតុផលនេះ រដ្ឋាភិបាលកាតាបានប្រកាសថា មន្ត្រីរដ្ឋាភិបាលជាង ៨០ភាគរយអាចនឹងត្រូវធ្វើការពីផ្ទះចាបើពីថ្ងៃទី១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៩ ខែធ្នូ។ 
 
សាលារៀនរដ្ឋ និងឯកជនត្រូវកាត់បន្ថយពេលវេលាសិក្សា ដោយតម្រូវឱ្យមានថ្នាក់រៀនតែមួយព្រឹកតែប៉ុណ្ណោះ ចន្លោះពីថ្ងៃទី១​ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ហើយនឹងត្រូវបិទអំឡុងពេលការប្រកួត World Cup រហូតដល់ថ្ងៃទី២២ ខធ្នូ ទើបត្រូវបើកវិញ។ 
 
បើតាមអ្នកនាំពាក្យរដ្ឋាភិបាលកាតា ការរៀបចំនេះគឺដើម្បីផលប្រយោជន៍សាធារណៈ តាមការរៀបចំរបស់រដ្ឋាភិបាលក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍។
«ដោយគិតគូដល់ផលប្រយោជន៍សាធរណៈ និងស្របតាមការរៀបចំរបស់រដ្ឋាភិបាលក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។»។ នេះបើតាមសម្តីលោក Mohammed Al Hajri អ្នកនាំពាក្យរដ្ឋាភិបាលកាតា។
 
គួររំលឹកថា World Cup 2022 ក្រុមចំនួន ៣២នឹងប្រមូលផ្តុំគ្នាប្រកួតប្រជែងនៅតាមកីឡដ្ឋានចំនួន ៨ ៕
 
 
 

Tag:
 Qatar World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com