អន្តរជាតិ
មេដឹកនាំកូរ៉េខាងជើង ចុះពិនិត្យសមយុទ្ធយោធាអង្គភាពនុយក្លេអ៊ែរយុទ្ធសាស្រ្ត
10, Oct 2022 , 11:09 am        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ត្រួតពិនិត្យសមយុទ្ធបាញ់មីស៊ីល។ រូបថត KCNA
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ត្រួតពិនិត្យសមយុទ្ធបាញ់មីស៊ីល។ រូបថត KCNA
ដោយ៖ ហ៊ួយ ស៊ីវលី

 មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានត្រួតពិនិត្យសមយុទ្ធយោធាដែលធ្វើឡើងដោយអង្គភាពប្រតិបត្តិការនុយក្លេអ៊ែរយុទ្ធសាស្ត្រ។ បើតាមទីភ្នាក់ងារពត៌មាន KCNA សមយុទ្ធយោធានេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃសមត្ថភាពវាយប្រហាររបស់អាវុធនុយក្លេអ៊ែរ និងសមត្ថភាពកម្លាសត្រូវ និងដើម្បីឆ្លើយតបទៅនឹងសមយុទ្ធទ័ពជើងទឹកទ្រង់ទ្រាយធំរបស់អាម៉េរិក និងកូរ៉េខាងត្បូងដែលទើបបញ្ចប់។

 
យោងតាមទីភ្នាក់ងារពត៌មាន KCNA នៅថ្ងៃទី១០ ខែតុលា អង្គភាពប្រតិបត្តិការយុទ្ធសាស្ត្រនុយក្លេអ៊ែរបានធ្វើសមយុទ្ធពីថ្ងៃទី២៥ ខែកញ្ញាដល់ថ្ងៃទី៩ ខែតុលា ជាការឆ្លើយតបមួយដែលកូរ៉េខាងជើងអះអាងថា ជារឿងមិនអាចជៀសបានចំពោះការធ្វើសមយុទ្ធទ័ពជើងទឹកទ្រង់ទ្រាយធំរបស់អាម៉េរិក និងកូរ៉េខាងត្បូង ដែលរួមមាននាវាផ្ទុកយន្តហោះ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាដើម។
 
ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ត្រួតពិនិត្យសមយុទ្ធនេះ។ ក្នុងសមយុទ្ធនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីក៧លើក បើគិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា។ ក្នុងចំណោមមីស៊ីលទាំងអស់មានមីស៊ីលមួយហោះរំលងជប៉ុនថែមទៀតផង។ កូរ៉េខាងជើងអះអាងថា មីស៊ីលទាំងនេះប្រើសម្រាប់កំណត់គោលដៅលើអាកាសយានដ្ឋាន និងកំពង់ផែសំខាន់ៗរបស់សត្រូវ។ នេះបើតាមទីភ្នាក់ងារពត៌មាន KCNA ដដែល។
 
ទាក់ទងនឹងសមយុទ្ធនេះ លោក គីម និយាយថា កូរ៉េខាងជើងមិនចាំបាច់មានកិច្ចសន្ទនាជាមួយសត្រូវនោះទេ ហើយក៏គ្មានអ្វីនិយាយដែរ។
 
«ប្រសិទ្ធភាព និងសមត្ថភាពប្រយុទ្ធជាក់ស្តែងនៃកម្លាំងប្រយុទ្ធនុយក្លេអ៊ែរបស់យើងត្រូវបានបង្ហាញ ដែលវាជាការត្រៀមខ្លួនរួចរាល់ក្នុងការវាយលុក និងកម្ទេចគោលដៅគ្រប់ពេលវេលាទីលើតាំងណាមួយ។ ទោះបីជាសត្រូវរបស់យើងនៅតែបន្តចង់ឱ្យមានការសន្ទនា និងការចរចាណាមួយក៏ដោយ យើងនឹងមិនមានអ្វីត្រូវនិយាយ ហើយក៏មិនគិតថាត្រូវការធ្វើដូច្នេះដែរ។» នេះជាសម្តីរបស់លោក គីម ដកស្រង់ដោយ KCNA។
 
តាមពិតទៅអ្វីដែលអាម៉េរិក និងកូរ៉េខាងត្បូងបារម្ភខ្លាំងជាង គឺការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ បើតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រដ្ឋកូរ៉េខាងត្បូង កូរ៉េខាងជើងអាចសាកល្បងនុយក្លេអ៊ែរលើកទី៧ ចាប់ពីថ្ងៃទី១៦ ខែតុលាដល់ថ្ងៃទី៧ ខែវិច្ឆិកា។ 
 
នៅរយៈពេលចុងក្រោយ​ លោក គីម បានអំពាវនាវឱ្យមានកិច្ចខំប្រឹងប្រែងទ្វេដងសម្រាប់ការអភិវឌ្ឍអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ ដែលអាចផ្ទុកដោយក្បាលគ្រាប់តូចជាង និងស្រាលជាងមុន។ ទីក្រុងព្យុងយ៉ាងក៏ទើបអនុម័តច្បាប់ថ្មីមួយកាលពីខែកញ្ញា ដែលអនុញ្ញាតឱ្យវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរនៅពេលណាក៏បាន ហើយបិទផ្លូវរាល់ការចរចាណាមួយទាក់ទងការរំសាយអាវុធនុយក្លេអ៊ែរ៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com