កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo រកបានគ្រាប់ទី៧០០ក្នុងអាជីព ក្រោយជួយ Man Utd ឈ្នះ Everton ២-១
10, Oct 2022 , 11:49 am        
រូបភាព
Cristiano Ronaldo រកបានគ្រាប់បាល់ទី៧០០ក្នុងអាជីពសម្រាប់ក្លិប ក្រោយស៊ុតបញ្ចូលទីមួយគ្រាប់ជួយក្រុម​ Manchester United ឈ្នះ Everton ២-១ ក្នុងការប្រកួត Premier League នៅថ្ងៃទី៨ ខែតុលា។



គ្រាប់បាល់ទី១៤៤ របស់ Ronaldo សម្រាប់ Man Utd ធ្វើបាននៅនាទី៤៤ បន្ទាប់ពី Antony ស៊ុតតាមស្មើ Everton នៅនាទី១៥។ Everton រកបានគ្រាប់នាំមុខមុននៅ៥នាទីដំបូងនៃវគ្គទីមួយ ដែលធ្វើបានដោយ Alex Iwobi។


 
គិតមកទល់ពេលនេះ Ronaldo ដែលមានវ័យ៣៧ទៅហើយ អាចរកគ្រាប់ស៊ុតបញ្ចូលទីសរុប៧០០គ្រាប់ក្នុងអាជីពកីឡាករបាល់ទាត់សម្រាប់ក្លិប។ ទាំង៧០០គ្រាប់ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ធ្វើបានសម្រាប់ Real Madrid ច្រើនជាងគេចំនួន៤៥០គ្រាប់ក្នុងការបង្ហាញខ្លួន៤៣៨ប្រកួត Man Utd ចំនួន១៤០គ្រាប់ ក្នុងការបង្ហាញខ្លួន៣៤០ប្រកួត Juventus ចំនួន១០១គ្រាប់ ក្នុងការបង្ហាញខ្លួន១៣៤ប្រកួត និងក្លិបដំបូង Sporting Lisbon ចំនួន៥គ្រាប់ ក្នុងការបង្ហាញខ្លួន៣១ប្រកួត។
 
បើគិតទាំងក្លិប និងក្រុមជម្រើសជាតិព័រទុយហ្កាល់ Ronaldo កើនគ្រាប់ស៊ុតដល់ ៨១៧ គ្រាប់ហើយក្នុងអាជីព ដែលជាចំនួនច្រើនជាងគេក្នុងចំណោមកីឡាករនានា។
ជ័យជម្នះនៅជំនួបលីគកំពូលអង់គ្លេសសប្តាហ៍ទី៨ បានជួយបិសាចក្រហមកើនដល់១៥ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៥ តាមពីក្រោយក្រុមកំពូលតារាង Arsenal ចំនួន៩ពិន្ទុ។
 
កាំភ្លើងធំ នៅរក្សាចំណាត់ថ្នាក់កំពូលតារាងដដែលក្រោយឈ្នះ Liverpool ៣-២ នៅជំនួបសប្តាហ៍ទី៩របស់ពួកគេ។ ក្រុមការពារតំណែងជើងឯក Manchester City នៅលេខ២មាន២៣ពិន្ទុ តាមពីក្រោយដោយ Tottenham Hotspur មាន២០ពិន្ទុ និងក្រុមលេខ៤ Chelsea មាន១៦ពិន្ទុ។
Wolves, Leicester City និង Nottingham Forest នៅបាតតារាង៕
 

Tag:
 Premier League
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com