អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ពូទីន ចោទអ៊ុយក្រែននៅពីក្រោយបំផ្ទុះស្ពានភ្ជាប់ពីគ្រីមេទៅរុស្ស៊ី
10, Oct 2022 , 12:29 pm        
រូបភាព
ផ្នែកខូចខាតរបស់ស្ពាន Kerch ដែលភ្ជាប់រុស្ស៊ីទៅតំបន់គ្រីមេ។ រូបថត AFP
ផ្នែកខូចខាតរបស់ស្ពាន Kerch ដែលភ្ជាប់រុស្ស៊ីទៅតំបន់គ្រីមេ។ រូបថត AFP
ដោយ:
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៩ ខែតុលាចោទអ៊ុយក្រែនជាភេរវករនៅពីក្រោយការបំផ្ទុះនៅលើស្ពានឆ្លងច្រកសមុទ្រ Kerch ដែលភ្ជាប់តំបន់គ្រីមេទៅរុស្ស៊ី។ ផ្នែកខ្លះនៃស្ពាននេះដែលជាផ្លូវដឹកជញ្ជូនដ៏សម្រាប់កងកម្លាំងក្រុងមូស្គូនៅភាគខាងត្បូងអ៊ុយក្រែនបាក់កាលពីថ្ងៃទី៨ ខែតុលា បន្ទាប់ពីមានការបំផ្ទុះចេញពីរថយន្តដឹកទំនិញមួយ។

 
ក្រោយស៊ើបអង្កេត ប្រធានគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី លោក Alexander Bastrykin បង្ហាញការរកឃើញទៅប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៩ ខែតុលា។ លទ្ធផលស៊ើបអង្កេតនោះរកឃើញថា មានការបំផ្ទុះរថយន្ត ហើយបន្ទាប់មកក៏បង្កជាភ្លើងឆាបឆេះលើស្ពាន។ 
 
«គ្មានការសង្ស័យអ្វីទេ។ នេះជាភេរវកម្មដែលមានបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់»។ ប្រធានាធិបតីរុស្ស៊ី ថ្លែងក្នុងវីដេអូបែបនេះភ្លាមៗ ក្រោយជំនួបជាមួយលោក Bastrykin
ដែលចេញផ្សាយដោយវិមានក្រេមឡាំងលើបណ្តាញTelegram ។ បើតាមមេដឹកនាំរុស្ស៊ី ហេតុការណ៍បំផ្ទុះនេះត្រូវបានគ្រោងឡើង អនុវត្ត និងបញ្ជាដោយសេវាសន្តិសុខអ៊ុយក្រែន។
 
ក្នុងជំនួបជាមួយលោក ពូទីន ប្រធានគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីលោក Bastrykin លើកឡើងថានោះជាភេរវកម្មដែលប្រព្រឹត្តដោយសេវាសន្តិសុខអ៊ុយក្រែន ព្រមទាំងការរួមដៃពីពលរដ្ឋរុស្ស៊ី និងជនបរទេសផងដែរ។​ បន្ថែមពីនេះ រថយន្តដឹកទំនិញដែលផ្ទុះនោះបានធ្វើដំណើរឆ្លងកាត់ប៊ុលហ្គារី ហ្សកហ្ស៊ី អាមេនី អូសេទីខាងជើងរបស់ហ្ស៊កហ្ស៊ី និងតំបន់រុស្ស៊ី Krasnodar មុននឹងទៅដល់ស្ពាន Kerch។  
 
យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនានាចេញផ្សាយថា ការវាយប្រហារនេះមិនបំផ្លិចបំផ្លាញស្ពានទាំងស្រុងឡើង គ្រាន់តែរងការខូចខាតប៉ុណ្ណោះ។ ទន្ទឹមនេះ អ្នកនាំពាក្យលោក ពូទីន ក៏បានឆ្លើយសំណួររបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA ដែរថា ភេរវកម្មនេះមិនស្ថិតក្រោមលក្ខខណ្ឌដែលក្រុងមូស្គូត្រូវប្រើអាវុធនុយក្លេអ៊ែរដើម្បីឆ្លើយតបនោះទេ។ 
 
សូមបញ្ជាក់ថា ការវាយប្រហារស្ពានដ៏សំខាន់តែមួយរបស់រុស្ស៊ីដែលតភ្ជាប់ទៅតំបន់គ្រីមេត្រូវបានមើលឃើញថាជាបរាជ័យមួយសម្រាប់ក្រុងមូស្គូ ដោយសារតែបង្អាក់ការផ្គត់ផ្គង់ដល់ទ័ពរុស្ស៊ីដែលកំពុងត្រូវការសម្រាប់ប្រយុទ្ធនៅភាគខាងត្បូងអ៊ុយក្រែន។ បើកឱ្យប្រើក្នុងឆ្នាំ២០១៨ ស្ពានឆ្លងច្រកសមុទ្រ Kerch នេះត្រូវបានមើលឃើញថាជាជ័យជម្នះមួយរបស់ក្រុងមូស្គូទាំងផ្នែកវិស្វកម្ម និងនយោបាយក្នុងការគ្រប់គ្រងឧបទ្វីបគ្រីមេដែលលេបបានពីអ៊ុយក្រែននៅឆ្នាំ២០១៤ជារៀងរហូត៕ 
 
 
 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com