អន្តរជាតិ
ថៃ ដកទិដ្ឋាការអ្នកសារព័ត៌មានCNNពីររូប ក្រោយចូលថតទីតាំងបាញ់ប្រហារនៅកន្លែងថែកុមារ
10, Oct 2022 , 3:09 pm        
រូបភាព
ការិយាល័យអន្តោប្រវេសន៍ថៃ នៅថ្ងៃទី៩ ខែតុលា បានដកទិដ្ឋាការរបស់អ្នកយកព័ត៌មាន CNN ពីររូប បន្ទាប់ពីបានចូលទៅខាងក្នុងអាគារកើតហេតុនៃការបាញ់ប្រហារនៅក្នុងមណ្ឌលថែទាំកុមារកាលពីចុងសប្ដាហ៍មុន។ អ្នកទាំងពីរ ចូលមកថៃដោយប្រើទិដ្ឋាការទេសចរណ៍។



ស្នងការរងនៃការិយាល័យអន្តោប្រវេសន៍ថៃ លោកឧត្តមសេនីយ៍ទោ Archayon Kraithong នៅថ្ងៃទី៩ ខែតុលា បានលើកឡើងថា ទិដ្ឋាការរបស់សមាជិកក្រុមទូរទស្សន៍ CNN ឈ្មោះ Anna Marguerite Coren ភេទស្រី អាយុ ៤៧​ឆ្នាំ សញ្ជាតិ​អូស្ត្រាលី និង​ម្នាក់ទៀតជាអ្នកថតរូប Daniel John Hodge ភេទប្រុស អាយុ ៣៤​ឆ្នាំ ជា​ជនជាតិ​អង់គ្លេស ត្រូវបានដក។ អ្នកទាំងពីរ រងការរិះគន់ខ្លាំងក្រោយចូលទៅដល់ខាងក្នុងទីតាំងកើតហេតុក្នុងមណ្ឌលថែកុមារក្នុងខេត្ត Nong Bua Lamphu។ 
 
«​ពួកគេ​ចូល​មកថៃ​តាម​ទិដ្ឋាការ​ទេសចរដែល​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើការ​នៅទីនេះ​ឡើយ។ លោកឧត្តមសេនីយ៍ទោ Archayon ដែលជា​អ្នកនាំពាក្យ​ប៉ូលិស​​ថៃផងដែរ ​បាន​អះអាង​បែបនេះ។ 
 
អ្នក​ទាំង​ពីរ​បាន​មក​ដល់ថៃ ​នៅថ្ងៃទី៦ ខែតុលា ហើយទទួលបានការអនុញ្ញាតឱ្យនៅក្នុងទឹកដីថៃរហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ក្នុងនាមជាភ្ញៀវទេសចរ។ នេះបើតាមការចុះផ្សាយរបស់ការសែតបាងកកប៉ុស្តិ៍។
 
បើតាមអគ្គស្នងការរងនគរបាលជាតិថៃ លោកឧត្តមសេនីយ៍ Surachate Hakparn ក្រោយកើតហេតុ កន្លែងថែកុមារនោះ​ត្រូវ​​សមត្ថកិច្ច​បិទ​ភ្លាមៗដើម្បី​ប្រមូល​ព័ស្តុតាង។ ប៉ុន្តែអ្នកយកព័ត៌មានរបស់ CNN ទាំងពីររូបនោះទៅយកព័ត៌មាន ដោយអះអាងថា ទទួលបានការអនុញ្ញាតពីមន្រ្តីសុខាភិបាលនៅនឹងកន្លែង។ នៅពេលចេញ អ្នកទាំងពីរ ក៏ផ្លោះរបង ព្រោះទីតាំងកើតហេតុត្រូវបានបិទ។
 
លោកឧត្តមសេនីយ៍ Hakparn អះអាងថាអ្នកយកព័ត៌មាន CNN ទាំងពីរនោះពួកគេ​គ្មាន​ចេតនា​រំលោភបំពាន​លើ​ទ្រព្យសម្បត្តិ​រដ្ឋ ឬ​បំពាន​បទបញ្ជា​រដ្ឋ ឬ​ពាក់ព័ន្ធ​នឹង​ព័ស្តុតាង​ណាមួយ​ឡើយ​។
 
ក្រោយសារព័ត៌មាន CNN ចុះផ្សាយពីព្រឹត្តិការណ៍បាញ់ប្រហារនៅថៃ ក្លិបអ្នកសារព័ត៌មានបរទេសរបស់ថៃ (FCCT) និងសមាគមអ្នកកាសែតថៃ (TJA) បានរិះគន់ទូរទស្សន៍ CNN ចំពោះការចុះផ្សាយរូបភាព និងវីដេអូក្នុងមណ្ឌលថែទាំ។ FCCT អះអាងថា ខ្លួនព្រួយបារម្ភពីការលេចចេញរូបភាពមិនសមរម្យក្នុងការស្លាប់ដែលវាជាទង្វើមិនគោរពដល់អ្នកស្លាប់ និងគ្រួសារសព។ 
 
យ៉ាងណាមិញ លោក Mike McCarthy អនុប្រធានប្រតិបត្តិ និងជាអ្នកគ្រប់គ្រងទូទៅរបស់សារព័ត៌មានអន្តរជាតិ CNN បានឆ្លើយតបថា ក្រុមការងាររបស់ CNN បានសុំការអនុញ្ញាតពីមន្ត្រីថៃហើយ មុនចូលទៅថតយករូបភាពក្នុងមជ្ឈមណ្ឌលថែទាំកុមារ ហើយពួកគេ​មិន​ដែល​មាន​ចេតនា​បំពាន​ច្បាប់​ថៃ​ទេ។
 
ទោះជាយ៉ាងណា អាជ្ញាធរថៃ ក៏សម្រេចប្ដឹងអ្នកទាំងពីរចំពោះការចូលតំបន់ហាមឃាត់។ លោក Surachate វិញ អះអាងថា អ្នកទាំងពីរ ក៏នឹងរងបទចោទមួយចំនួនទៀតដែរ៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com