កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ការពារជើងឯក អ៊ីតាលី ជួបអង់គ្លេសម្តងទៀត ក្នុងវគ្គជម្រុះពានរង្វាន់ Euro 2024
10, Oct 2022 , 4:49 pm        
រូបភាព
អ៊ីតាលីម្ចាស់ជើងឯក Euro 2020 នឹងត្រូវជួបអង់គ្លេសជាថ្មីម្តងទៀតក្នុងការប្រកួតវគ្គជម្រុះក្នុងពូលនៃព្រឹត្តិការណ៍​ UEFA Euro 2024​ ក្រោយការចាប់ឆ្នោតរើសពូលក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ថ្ងៃទី៩ ខែតុលា។ អង់គ្លេស បានចាញ់អ៊ីតាលីក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប ដែលធ្វើនៅឆ្នាំ២០២១ ដោយបាល់កាត់ក្តី១១ម៉ែត្រ។

 
ក្រុមជម្រើសជាតិអ៊ីតាលីដែ​លបានយកឈ្នះអង់គ្លេសវគ្គផ្តាច់ព្រ័ត្រ ដោយការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៣-២ នាកីឡដ្ឋាន Wembley ហើយគ្រងជើងឯក Euro 2020 ដែលធ្វើនៅឆ្នាំ២០២១ ក៏ត្រូវលេងទល់ក្រុមម៉ាសេដ្វានខាងជើង ដែលជាក្រុមបានទម្លាក់អ៊ីតាលីពីក្តីស្រម៉ៃឡើងទៅលេង World Cup 2022 នៅប្រទេសកាតា។ អ៊ុយក្រែន និងម៉ាលតាក៏ស្ថិតក្នុងពូល C ជាមួយអ៊ីតាលីនេះដែរ។
 
បើតាមលោក ​Roberto Mancini ដែលជាគ្រូបង្វឹកអ៊ីតាលីប្រាប់ទៅអ្នកកាសែតថា លោកបានដឹងរួចហើយថាក្រុមលោកចុងក្រោយនឹងត្រូវស្ថិតក្នុងពូលជាមួយបារាំង ឬក៏អង់គ្លេស។ «ខ្ញុំពិតជាដឹងច្បាស់ថាយើងចុងក្រោយនឹងត្រូវចាប់ក្នុងពូលជាមួយ អង់គ្លេស និងបារាំង ប៉ុន្តែវាជារឿងដ៏ល្អ។ វាមិនមែនការប្រកួតដែលធម្មតាឡើយ ប៉ុន្តែយើងក៏នៅតែត្រូវលេង។»។ លោក Mancini និយាយបែបនេះ។
 
ជំនួបពូល B អាចចាត់ទុកថាជាពូលដែលប្រកួតប្រជែងខ្លាំង និងលំបាក ដែលអតីតម្ចាស់ជើងឯក Euro 1988 ហូឡង់ ស្ថិតនៅក្នុងពូលជាមួយក្រុមម្ចាស់ការពារជើងឯក World Cup បារាំង ព្រមទាំងគ្រិកជើងឯក Euro 2004 , អៀរឡង់ និង ហ្ស៊ីប្រាល់តា។
 
ក្រុមជម្រើសជាតិចំនួន ៥៣ ដែលជាសមាជិកនៃសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប UEFA មានវត្តមានក្នុងការចាប់ឆ្នោតរើសពូលប្រកួតវគ្គជម្រុះ ខណៈដែលអាល្លឺម៉ង់ជាម្ចាស់ផ្ទះត្រៀមរៀបចំព្រឹត្តិការណ៍នេះ។ រុស្ស៊ីមិនត្រូវបានរាប់បញ្ជូលក្នុងការប្រកួត ក្រោយពួកគេរងទណ្ឌកម្មពីសំណាក់ UEFA ក៏ដូចជាសហព័ន្ធបាល់ទាត់ពិភពលោក FIFA ផងដែរ។ 
 
ណែកបេឡារុស ដែលគាំទ្ររុស្ស៊ីវាយប្រហារប្រទេសអ៊ុយក្រែន មានវត្តមានស្ថិតក្នុងការប្រកួត។ បេឡារុសស្ថិតនៅក្នុងពូល ​I ដែលមានស្វីស​, រូម៉ានី, កូសូវូ និងអង់ដូរ៉ា។ 
ន័រវែសដែលមានខ្សែប្រយុទ្ធ Erling Haaland ជាកីឡាករកំពុងរកគ្រាប់បាល់ច្រើនជាងគេនៅ Premier League រដូវកាលនេះ នឹងត្រូវជួបតទល់ជាមួយក្រុមជើងឯក Euro ៣សម័យ អេស្ប៉ាញ, ស្កុតឡែន, ហ្សកហ្ស៊ី និងហ្ស៊ីប ក្នុងពូល A។
 
សូមជម្រាបថាការប្រកួតជម្រុះតាមពូលនេះ នឹងចាប់ផ្តើមប្រកួតចាប់ពីខែមីនា រហូតដល់ខែវិច្ឆិការ ក្នុងឆ្នាំ ២០២៣ និងវគ្គ Play-Off នឹងធ្វើឡើងនៅខែមីនា ឆ្នាំ ២០២៤។ ឯក្រុមដែលស្ថិតនៅលំដាប់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ នឹងឡើងទៅកាន់ការប្រកួតជុំចុងក្រោយនៅប្រទេសអាល្លឺម៉ង់ដោយស្វ័យប្រវត្តិ ខណៈដែល៣កៅអីនៅសល់នឹងត្រូវប្រកួត Play-Off ក្នុងឆ្នាំ ២០២៤៕
 
 
 
 

Tag:
 UEFA Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com