អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រសួងការបរទេសចិន៖ តៃវ៉ាន់គ្មានប្រធានាធិបតីទេ ហើយក៏មិនអាចប្រកាសឯករាជ្យដែរ
10, Oct 2022 , 9:29 pm        
រូបភាព
មេដឹកនាំតៃវ៉ាន់ Tsai Ing-wen ។ រូបថត AFP
មេដឹកនាំតៃវ៉ាន់ Tsai Ing-wen ។ រូបថត AFP
ដោយ:
ថ្លែងនៅទិវាជាតិលើកទី១១១ នាថ្ងៃទី១០ ខែតុលា ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បញ្ជាក់ថាសង្រ្គាមរវាងចិន និងតៃវ៉ាន់មិនមែនជាជម្រើសទេ ហើយលោកស្រីក៏បានលើកឡើងជាថ្មីពីឆន្ទៈចង់ចរចាជាមួយក្រុងប៉េកាំងផងដែរ។ ប៉ុន្តែ ក្រសួងការបរទេសចិនក៏បានច្រានចោលបំណងរបស់ក្រុងតៃប៉ិភ្លាមៗ ដោយអះអាងថា តៃវ៉ាន់មិនមែនជាប្រទេសឯករាជ្យ ហើយគ្មានប្រធានាធិបតីដឹកនាំឡើយ។

 
កោះតៃវ៉ាន់ដែលរងសម្ពាធពីចិនទាំងវិស័យយោធា នយោបាយ និងសេដ្ឋកិច្ចជាច្រើនឆ្នាំមកហើយប្រារព្ធទិវាជាតិលើកទី១១១ នៅថ្ងៃទី១០ ខែតុលា។ ទិវានេះ ជាការរំឭកដល់ការងើបបះបោរប្រឆាំងការដឹកនាំរបស់រាជវង្សឆេង។​
 
បើទោះត្រូវចិនគំរាមបង្រួបបង្រួម និងបង្កើនការគំរាមមិនឱ្យប្រកាសឯករាជ្យដោយធ្វើសមយុទ្ធមិនធ្លាប់មានកាលពីខែសីហា ក៏ដូចជាបញ្ជូនយន្តហោះចូលដែនអាកាស និងឆ្លងដែនពុះខណ្ឌទឹកដីនៅច្រកសមុទ្រតៃវ៉ាន់ជាបន្តបន្ទាប់ក៏ដោយ ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen អះអាងថា សង្រ្គាមរវាងតៃវ៉ាន់ និងចិនមិនមែនជាជម្រើសទេ។ 
 
«ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ទៅអាជ្ញាធរក្រុងប៉េកាំងថា ការប្រឈមអាវុធដាក់គ្នាប្រាកដណាស់មិនមែនជាជម្រើសសម្រាប់ភាគីយើងទាំងពីរទេ។ មានតែការគោរពការប្តេជ្ញារបស់ប្រជាជនតៃវ៉ាន់ចំពោះអធិបតេយ្យភាព ប្រជាធិបតេយ្យ និងសេរីភាពប៉ុណ្ណោះ ទើបអាចជាមូលដ្ឋានគ្រឹះសម្រាប់បន្តទំនាក់ទំនងស្ថាបនាឡើងវិញនៅច្រកសមុទ្រតៃវ៉ាន់»។ មេដឹកនាំតៃវ៉ាន់ថ្លែងបែបនេះនៅក្រៅការិយាល័យប្រធានាធិបតីដោយបញ្ជាក់ថា មិនមានវិធីអ្វីផ្សេងដើម្បីសម្របសម្រួលក្រៅពីនេះទេ។ 
 
យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning ឆ្លើយតបភ្លាមៗថា តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីចិន មិនមែនជារដ្ឋឯករាជ្យ ហើយក៏គ្មានប្រធានាធិបតីដែរ។ ក្រុងប៉េកាំងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតរបស់លោកស្រីTsai Ing-wen ឡើយ ហើយចាត់ទុកលោកស្រីជាជនផ្តាច់ខ្លួនទៀតផង។ 
 
«មូលហេតុនៃភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់បច្ចុប្បន្នគឺដោយសារការបះបោរដ៏រឹងចចេសរបស់បក្សប្រជាធិបតេយ្យជឿនលឿនដែលចង់បានជ័យជម្នះ និងឯករាជ្យតៃវ៉ាន់»។ លោកស្រី Mao លើកឡើងបែបនេះដោយសំដៅលើបក្សកាន់អំណាចតៃវ៉ាន់របស់លោកស្រី Tsai Ing-wen។ 
 
បន្ថែមពីលើនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនសង្កត់ធ្ងន់ថា ក្រុងប៉េកាំងនឹងគ្មានថ្ងៃអនុញ្ញាតឱ្យតៃវ៉ាន់ដកខ្លួនស្វែងរកឯករាជ្យឡើយ ហើយនឹងរកឱកាសបង្រួបបង្រួមដោយសន្តិវិធី៕ 
 
 
 
 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com