អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រកាស​រំលាយ​សភា ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​បោះឆ្នោតមុនអាណត្តិ
10, Oct 2022 , 5:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Ismail Sabri Yaakob នៅថ្ងៃទី១០ ខែតុលា ប្រកាសរំលាយសភា​ ដែលជាការបើកផ្លូវសម្រាប់ការបោះឆ្នោតជាសកលនៅមុនដំណាច់ឆ្នាំនេះ។



ក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិនៅម៉ោង ៣ រសៀល នៅថ្ងៃទី១០ ខែតុលា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob លើកឡើងថា លោកបានស្វែងរកការយល់ព្រមពីព្រះមហាក្សត្រនៅថ្ងៃទី៩ ខែតុលា ដើម្បីរំលាយសភា ហើយសំណើនេះក៏ត្រូវបានអនុម័តហើយផងដែរ។ 
 
«ខ្ញុំលើកទឹកចិត្តឱ្យរដ្ឋាភិបាលរដ្ឋទាំងអស់ លើកលែងតែរដ្ឋាភិបាលនៃរដ្ឋ Sabah, Sarawak, Johor និង Melaka ឱ្យរំលាយសភារដ្ឋរៀងៗខ្លួននៅកាលបរិច្ឆេទដូចគ្នា ​ដោយត្រៀមខ្លួននឹងការបោះឆ្នោតទូទៅនៅកម្រិតសហព័ន្ធ ទោះបីជារដ្ឋមួយចំនួនបានសម្រេចចិត្តមិនរំលាយក៏ដោយ»។ លោក Ismail Sabri Yaakob បានលើកឡើងបែបនេះ។ 
 
លើសពីនេះ លោកក៏បានបន្ថែមថា​ លោកលើកទឹកចិត្តឱ្យមានការបោះឆ្នោតតាមរដ្ឋ និងជាតិនៅពេលតែមួយ ដើម្បីជៀសវាងការដាក់បន្ទុកលើពលរដ្ឋ ហើយដើម្បីធានាថា ដំណើរការលទ្ធិប្រជាធិបតេយ្យដំណើរការដោយរលូន និងកាត់បន្ថយការចំណាយ។ កាលបរិច្ឆេទ​កំណត់​សម្រាប់ថ្ងៃបោះឆ្នោត និង​បញ្ហា​ពាក់ព័ន្ធ​ផ្សេងទៀត​នឹងត្រូវ​កំណត់​ដោយ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត។
 
មុនការប្រកាសរំលាយសភានេះ រដ្ឋាភិបាលរបស់លោក Ismail Sabri បានបង្ហាញកញ្ចប់ថវិកាជាង ៨០,០៦ ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៣ ខណៈពិភពលោកជួបប្រទះបញ្ហាអាកាសធាតុ និងការរំពឹងទុកថាកំណើនសេដ្ឋកិច្ចពិភពលោកអាចមានភាពថមថយ។ នេះក៏ជាកញ្ចប់ថវិកាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ម៉ាឡេស៊ីផងដែរ។ 
 
ការបោះឆ្នោតម៉ាឡេស៊ីមិនទាន់ដល់ពេលកំណត់ឡើយរហូតដល់ខែកញ្ញា ឆ្នាំ២០២៣ ឯណោះ ប៉ុន្តែលោក Ismail Sabri បានរងសម្ពាធពីគណបក្សចម្រុះក្នុងសភា ដើម្បីឱ្យរៀបចំការបោះឆ្នោតមុនពេលកំណត់។ កាលពីថ្ងៃទី ៣០ ខែកញ្ញា ក្រុមប្រឹក្សាជាន់ខ្ពស់របស់គណបក្សជាតិអង្គការម៉ាឡេស៊ី (UMNO) បានលើកឡើងថា សភាត្រូវតែរំលាយក្នុងពេលឆាប់ៗនេះ ដើម្បីរៀបចំការបោះឆ្នោតលើកទី ១៥ នៅឆ្នាំនេះ។
 
ប្រធានគណបក្ស UMNO លោក Ahmad Zahid Hamidi ដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ចំនួន ៤៧ ករណីពីបទឧក្រិដ្ឋកម្មរំលោភលើទំនុកចិត្ត អំពើពុករលួយ និងការលាងលុយកខ្វក់ បានជំរុញយ៉ាងខ្លាំងក្នុងការជំរុញឱ្យមានការបោះឆ្នោតមុនអាណត្តិ។
 
យ៉ាងណាមិញ ការអំពាវនាវរបស់គណបក្ស UMNOឱ្យរៀបចំការបោះឆ្នោតឆាប់ៗនេះ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីក្រុមប្រឆាំង និងសមាជិកគណៈរដ្ឋមន្ត្រីផ្ទាល់របស់លោក Ismail Sabri ខណៈដែលនាយកដ្ឋានឧតុនិយមម៉ាឡេស៊ីបានព្រមានពីបញ្ហាទឹកជំនន់ដែលអាចកើតមានក្នុងខែវិច្ឆិកាខាងមុខ៕
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com