កីឡាអន្តរជាតិ
អន្តរជាតិ
Casillas ចេញមុខសុំទោស ក្រោយលុបការបង្ហោះលើ Twitter ថាខ្លួនជាខ្ទើយ
10, Oct 2022 , 10:29 pm        
រូបភាព
 Iker Casillas អតីតអ្នកចាំទី Real Madrid ថ្ងៃទី៩ ខែតុលា បានចេញមុខសុំទោសជាសាធារណៈក្រោយបានលុបការបង្ហោះលើបណ្តាញសង្គម Twitter ថារូបគេជាខ្ទើយ។ Casillas បានអះអាងថាគណនីរបស់គេត្រូវបានគេលួចចូលហើយក៏បង្ហោះបែបនោះ។



អតីតអ្នកចាំទីវ័យ ៤១ឆ្នាំ ដែលបានបង្ហាញខ្លួនឱ្យ Real Madrid ចំនួន៧២៥លើក បានបង្ហោះសារថាខ្លួនជាខ្ទើយ ដ៏គួរឱ្យភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម Twitter ដែលមានចំនួនអ្នកតាមដានប្រមាន ៩,៦លាននាក់។ ការបង្ហោះនោះបានធ្វើឱ្យមានការជជែកដេញដោលភ្លាមៗ ថាតើការបង្ហោះនោះជាការពិត ឬមិនពិត ឬក៏ជាការឆ្លើយតបនឹងពាក្យចចាមអារ៉ាមកាលពីពេលថ្មីៗនេះទាក់ទងនឹងជីវិតផ្ទាល់ខ្លួនរបស់ Casillas។
 
ការបង្ហោះនៅលើគណនីរបស់ Casillas នោះបានសរសេរថា «ខ្ញុំរំពឹងថាអ្នកនឹងគោរពខ្ញុំ ខ្ញុំជាខ្ទើយ។»។​ ក្រោយការបង្ហោះមិនដល់ប៉ុន្មានម៉ោងផងនោះ សារនោះក៏ត្រូវបានលុបចេញវិញ មុនពេល ​Casillas បានអះអាងថាគណនីរបស់គេ មានមនុស្សលួចចូល។ Casillas ក៏បានប្រកាសសុំទោសចំពោះការបង្ហោះទៅកាន់អ្នកតាម (follow)​ របស់ខ្លួន។
 
«គណនីត្រូវបានគេលួចចូល សំណាងល្អគ្រប់យ៉ាងត្រូវបានគ្រប់គ្រងមកវិញ ហើយខ្ញុំសុំទោសទៅកាន់អ្នកតាមដានគ្រប់គ្នា និងសុំទោសទៅកាន់សមាគមអ្នកស្រលាញ់ភេទដូចគ្នា LGBT។»។ Casillas បានបង្ហោះសុំទោសបែបនេះលើ Twitter។
 
យ៉ាងណាមិញក្រោយបង្ហោះនោះ អតីតអ្នកចាំទីវ័យ ៤២ឆ្នាំ ក៏រងការរិះគន់យ៉ាងខ្លាំងចំពោះការបង្ហោះដែលបានកើតឡើងគណនី Twitter របស់គេនោះពីសំណាក់អតីតកីឡាករល្បីៗមួយចំនួនដែលលេងស្ថិតក្នុងជំនាន់ជាមួយ Casillas ថាធ្វើឱ្យប៉ះពាល់ដល់សហគមមនុស្សស្រលាញ់ភេទដូចគ្នា LGBT+ ដែលធ្វើឱ្យប៉ះពាល់បាល់ទាត់ដូចគ្នា។
 
Iker Casillas បានចូលនិវត្តន៍ពីអាជីពកីឡាករបបាល់ទាត់ក្នុងខែ សីហាកាលឆ្នាំ ២០២០ ក្រោយពេលរូបគេមានបញ្ហាគាំងបេះដូង អំឡុងពេលរូបគេលេងនៅក្រុម FC Porto ហើយត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិមូលនិធិរបស់ Real Madrid ក្នុងឆ្នាំជាមួយគ្នានោះ៕
 
 
 

Tag:
 Iker Casillas
  Twitter
© រក្សាសិទ្ធិដោយ thmeythmey.com