អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បេឡារុសនិងរុស្ស៊ី ព្រមព្រៀងពង្រាយកងកម្លាំងនៅជាប់ព្រំដែនរដ្ឋណាតូ
10, Oct 2022 , 10:59 pm        
រូបភាព
ប្រធានាធិបតីបេឡារុស Alexander Lukashenko និងសមភាគីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ រូបថត AFP
ប្រធានាធិបតីបេឡារុស Alexander Lukashenko និងសមភាគីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ រូបថត AFP
ដោយ:
ថ្លែងក្នុងកិច្ចប្រជុំស្តីពីបញ្ហាសន្តិសុខនាទីក្រុងមីនស្កិ៍ ប្រធានាធិបតីបេឡារុស Alexander Lukashenko លើកឡើងថា បេឡារុស​ និងរុស្ស៊ីព្រមព្រៀងគ្នាពង្រាយកងកម្លាំងរួមក្នុងតំបន់មួយដើម្បីឆ្លើយតបនឹងភាពតានតឹងនៅព្រំដែនខាងលិចប្រទេសលោក។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋបេឡារុស Belta នៅថ្ងៃទី១០ ខែតុលា។

 
«ដោយសារតែស្ថានភាពនៅព្រំដែនខាងលិចនៃរដ្ឋសហភាពកាន់តែអាក្រក់ទៅ យើងបានព្រមព្រៀងពង្រាយក្រុមកងកម្លាំងតំបន់របស់សហព័ន្ធរុស្ស៊ី និងបេឡារុស»។ ប្រធានាធិបតីបេឡារុស Alexander Lukashenko ថ្លែងបែបនេះនៅថ្ងៃទី១០ ខែតុលាដោយបន្ថែមថា ចំណាត់ការនេះអនុវត្តតាមឯកសាររបស់ប្រទេសទាំងពីរដែលចែងថាបើសិនកម្រិតការគំរាមឈានដល់បច្ចុប្បន្ន រដ្ឋសហភាពអាចចាប់ផ្តើមប្រើកងកម្លាំងរួមបាន។ 
 
កងកម្លាំងតំបន់នេះ ចង់សំដៅដល់កម្លាំងចំណុះយន្តការសន្តិសុខឈ្មោះ រដ្ឋសហភាព (Union State) ដែលមានរុស្ស៊ី និងបេឡារុសជាសមាជិកប៉ុណ្ណោះ ហើយបង្កើតនៅឆ្នាំ១៩៩។ ពាក់ព័ន្ធលើវិស័យយោធានៃប្រទេសទាំងពីរ រដ្ឋសហភាពមានក្រុមកម្លាំងក្នុងតំបន់រួមគ្នាមួយដើម្បីប្រើជាយុទ្ធសាស្រ្តការពារសន្តិសុខរបស់រដ្ឋសហភាពពីការគំរាមពីប្រទេសណាមួយ។
 
ចំពោះភាពតានតឹងនៅព្រំដែនខាងលិច បេឡារុសនេះទំនងសំដៅលើកងកម្លាំងសម្ព័ន្ធយោធាណាតូដែលតាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនមកបានបង្កើនកងកម្លាំងពង្រាយនៅប៉ូឡូញ ឡេតូនី និងលីទុយអានីដើម្បីការពាររដ្ឋសមាជិកពីការវាយប្រហារ។  
 
បើទោះជាមិនរំពឹងកងកម្លាំងច្រើនពីរុស្ស៊ីក៏ដោយ មេដឹកនាំបេឡារុសនិយាយថានឹងអាចមានច្រើនជាង១ពាន់នាក់ ហើយកងកម្លាំងបេឡារុសនឹងជាស្នូលនៃក្រុមកងកម្លាំងដែលត្រូវពង្រាយនោះ។ បើតាមលោក Alexander ការបង្កើតក្រុមកម្លាំងនេះចាប់ផ្តើមពីរថ្ងៃហើយ ក្រោយលោកចេញបញ្ជា៕ 
 
 
 
 
 
 

Tag:
 រុស្ស៊ី
  បេឡារុស
© រក្សាសិទ្ធិដោយ thmeythmey.com