កីឡាអន្តរជាតិ
អន្តរជាតិ
Khaby Lame តារា TikTok ដ៏ល្បី ក្លាយជាទូតសុច្ឆន្ទៈ World Cup 2022 នៅកាតា​
11, Oct 2022 , 8:29 am        
រូបភាព
 ​Khaby Lame តារា TikTok ដ៏ល្បីល្បាញ ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈ FIFA World Cup Qatar 2022 នៅប្រទេសកាតា។ តំណែងនេះ ត្រូវបានធនាគារជាតិកាតា ​(QNB) ដែលជាធនាគារដ៏ធំជាងគេបង្អស់ក្នុងតំបន់មជ្ឈឹមប៉ូពា៍ និង​​​​​​​​​​​​​​​​អាហ្វ្រិក ជាអ្នកប្រកាសតែងតាំង។



Khaby Lame ត្រូវបានគេស្គាល់ថាជាបុគ្គលម្នាក់​ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម TikTok ដែលរូបគេបានបង្ហោះជាវីដេអូបែប កាយវិការនិងទឹកមុខកំប្លែងស្ងួត។ Khaby មានចំនួនអ្នកប្រើបណ្តាញសង្គម TikTok តាមដាន (follow) រហូតដល់ទៅ ១៥០លាននាក់។ Khaby សញ្ជាតិសេណេហ្កាល់ ចាប់ផ្តើមល្បីខ្លាំងលើបណ្តាញអ៊ិនធឺណិតក្រោយរូបគេបានបាត់បង់ការងារជាកម្មកររោងចក្រមួយកន្លែងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ កាលឆ្នាំ ២០២០។
 
ភាគច្រើននៃវីដេអូទាំងនោះត្រូវបានគេស្គាល់ឈ្មោះថា«How to»ជាវីដេអូពន្យល់ជាភាសាកាយវិការងាយៗ អំពីសកម្មភាពជាទូទៅប្រចាំថ្ងៃ ដោយមិននិយាយសូម្បីតែមួយមាត់។ ​មកដល់ពេលនេះតារា TikTok សេណេហ្កាល់រូបនេះ អាចរកបានប្រាក់ចំណូលរហូតដល់ទៅ ៧៤ម៉ឺនដុល្លារពីការផុសវីដេអូលើ TikTok មួយលើកៗ ក្នុងរយៈចុងក្រោយនេះ។ 
 
Khaby បច្ចុប្បន្នរស់នៅក្នុងប្រទេសអ៊ីតាលី ហើយកាលពីពេលថ្មីៗនេះបានបង្ហាញខ្លួនក្នុងវីដេអូមួយដែលមានឈ្មោះថា Dream Bigger With QNB ដែលបានបង្ហោះដោយធនាគារ QNG ដែលជាអ្នកគាំទ្រផ្លូវការរបស់ការប្រកួតពានរង្វាន់ FIFA World Cup 2022 នៅកាតា។ 
 
Khaby ដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់កីឡាករល្បីៗជាច្រើនផងនោះ ត្រូវបានធនាគារ QNB សម្រេចជ្រើសរើសជាជាទូតសុច្ឆន្ទៈឱ្យធនាគារខ្លួន សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ តែម្តង។ តារា TikTok វ័យ ២២ឆ្នាំរូបនេះ បានបង្ហាញភាពរីករាយខ្លាំង ហើយក៏បានអះអាងថានេះជាក្តីស្រមៃធំរបស់គេជាយូរមកហើយទៀតផង។ 
 
«ខ្ញុំពិតជាសប្បាយចិត្តដែលបានក្លាយជាឯកអគ្គរដ្ឋទូតរបស់ QNB អំឡុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 »។ Khaby Lame និយាយបែបនេះក្នុងថ្ងៃដែលបង្ហាញខ្លួនជាមួយ QNB។
 
បើតាមការបញ្ជាក់របស់អ្នកស្រី Heba Ali Al-Tamimi ដែលជានាយកប្រតិបត្តិទូទៅនៃក្រុមហ៊ុនទំនាក់ទនង QNB ការជ្រើសរើស Khaby Lame ជាទូតសុច្ឆន្ទៈសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក គឺសក្តិសមបំផុត។
 
សូមជម្រាបថាការប្រកួត World Cup 2022 នៅកាតានឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ហើយក្នុងព្រឹត្តិការណ៍ទៀតសោត ធនាគារ QNB នឹងពង្រាយប្រព័ន្ធម៉ាស៊ីនដកប្រាក់ជាង ៤៧០០កន្លែងទូទាំងទីក្រុងដូហា ព្រមទាំងបុគ្គលិកជាង ២៧,០០០នាក់នឹងត្រៀមបម្រើការងារដល់អ្នកធ្វើដំណើរដែលទៅទស្សនាការប្រកួត World Cup ទាំងនោះ៕
 
 
 

Tag:
 TikTok
  Khaby Lame
  World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com