អន្តរជាតិ
សំណុំរឿងរុស្ស៊ីលេបទឹកដីអ៊ុយក្រែន ធ្លាក់ដល់ដៃមហាសន្និបាត UN
11, Oct 2022 , 10:59 am        
រូបភាព
មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានបើកការជជែកដេញដោលនៅថ្ងៃទី១០ ខែតុលា​លើសេចក្ដីព្រាងនៃសេចក្ដីសម្រេចមួយក្នុងការថ្កោលទោសរុស្ស៊ីដែលបានកាត់យកតំប​ន់​អ៊ុយ​ក្រែន​ចំនួ​នបួន។ ស្របពេលជាមួយគ្នានេះ បណ្ដាប្រទេសលោកខាងលិច​ក៏កំពុងព្យាយាម​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិដាក់សម្ពាធលើរុស្ស៊ីបន្ថែមទៀតចំពោះទង្វើខុសច្បាប់មួយនេះ។

 
ក្រោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបរាជ័យក្នុងការថ្កោលទោស រុស្ស៊ីដែលបានកាត់យកទឹកដីអ៊ុយក្រែនដោយសារតែរុស្ស៊ីបោះឆ្នោតវ៉េតូកាលពីថ្ងៃទី៣០ ខែកញ្ញា​កន្លងមក មហាសន្និបាត ដែលមានប្រទេសសមាជិក១៩៣ និងគ្មានសំឡេងវ៉េតូ ក៏បើកកិច្ចពិភាក្សា ដើម្បីឈានដល់ការបោះឆ្នោតលើសេចក្តីព្រាងនៃសេចក្ដីសម្រេចថ្កោលទោសសកម្មភាពរុស្ស៊ី។
 
«វាពិតជាសំខាន់ណាស់»។ តំណាងសហភាពអឺរ៉ុប (EU) ប្រចាំអង្គការសហប្រជាជាតិ (UN) លោក Olof Skoog បានសង្កត់ធ្ងន់បែបនេះដោយសំដៅលើការបោះឆ្នោតសេចក្ដីព្រាងនៃ សេចក្ដី​សម្រេច​ខាង​លើ។ លោក Skoog ក៏បានចូលរួមក្នុងការព្រាងជាមួយអ៊ុយក្រែន និងបណ្ដា​ប្រទេសផ្សេ​ង​ៗ​ទៀត​ដែល​ប្រឆាំងនឹងទង្វើរុស្ស៊ីផងដែរ។
ទន្ទឹមនេះ អ្នកតំណាងស៊ុយអ៊ែតបានប្រាប់អ្នកសារព័ត៌មានថា ការបោះឆ្នោតនឹងធ្វើមិនហួសថ្ងៃទី១២ ខែតុលានោះឡើយ។
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP សេចក្ដីព្រាងនៃសេចក្តីសម្រេចនេះថ្កោលទោសរុស្ស៊ី​ក្នុងការ​ក្ដោប​យក​ទឹកដីអ៊ុយក្រែនមួយចំនួនជារបស់ខ្លួនរួមមានតំបន់ Donetsk, Luhansk, Zaporizhzhia​, និង Kherson ក្រោយការធ្វើប្រជាមតិមួយ។ សេចក្តីព្រាងខាងលើក៏បានទទូចឱ្យរដ្ឋទាំងអស់ ស្ថាប័ន​អន្តរជាតិ និងទីភ្នាក់ងារផ្សេងៗកុំឱ្យទទួលស្គាល់ការកាត់យកទឹកដីអ៊ុយក្រែន ហើយបាន​ទាមទា​រ​ឱ្យ​រុស្ស៊ីដកទ័ពចេញជាបន្ទាន់ពីអ៊ុយក្រែនផងដែរ។
 
ជាការឆ្លើយតប រុស្ស៊ីក្នុងលិខិតមួយទៅកាន់សមាជិក UN ទាំងអស់ បានរិះគន់ចំៗ​លើ​តំណាង​មក​ពី​ប្រទេសលោកខាងលិច ដោយចាត់ទុកសកម្មភាព​របស់​ពួក​គេមិន​ពាក់ព័ន្ធ​នឹង​ការ​ការពារ​ច្បាប់​អន្តរជាតិនិង​គោលការណ៍​នៃ​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិអ្វីឡើយ។ តំណាងរុស្ស៊ីលោក Vassily Nebenzia ដែលបានចុះហត្ថលេខាលើលិខិតខាងលើនេះក៏ បានថ្កោលទោសអាម៉េរិក និងសម្ព័ន្ធមិត្តដែលបានដាក់សម្ពាធលើប្រទេសសមាជិកដទៃ។ ខណៈមើលឃើញថា លម្អៀងបែបនេះលោក Nebenzia បានបន្តជំរុញឱ្យ UN បោះឆ្នោតជាសម្ងាត់ ជាជាងជាសាធារណៈជុំវិញបញ្ហាមួយនេះ។
 
យ៉ាងណាមិញ មហាសន្និបាតច្រានចោលសំណើរបស់រុស្ស៊ី ដោយនឹងបោះឆ្នោតជាសាធារណៈតែម្ដង៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com