អន្តរជាតិ
ជប៉ុនស្នើឱ្យក្រុមហ៊ុនវេជ្ជសាស្រ្តបង្កើនផលិតឧបករណ៍ធ្វើតេស្តជំងឺកូវីដ-១៩ និងជំងឺផ្តាសាយរួមគ្នា
13, Oct 2022 , 7:29 pm        
រូបភាព
រូបភាពយកពីក្រុមហ៊ុន H.U. Group Holdings
រូបភាពយកពីក្រុមហ៊ុន H.U. Group Holdings
ជប៉ុន បានស្នើក្រុមហ៊ុនវេជ្ជសាស្រ្តស៊្វីស Roche និងក្រុមហ៊ុនវេជ្ជសាស្រ្តផ្សេងទៀត បង្កើនការផលិតឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩ និងជំងឺផ្តាសាយរួមគ្នា ខណៈពេលរដូវរងាជិតមកដល់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី១២ ខែតុលា។

 
កន្លងមក វាមានតែឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩ ប៉ុណ្ណោះ ដោយប្រជាជនអាចទិញនៅកន្លែងលក់ថ្នាំពេទ្យ ឬតាមប្រព័ន្ធអនឡាន។ ឧបករណ៍មួយនេះ គឺងាយស្រួល ដើម្បីរកជំងឺកូវីដ-១៩ ទាំងនៅផ្ទះ ឬមន្ទីរពេទ្យឯកជនផ្សេងៗ។ 
 
ស្របពេលរដូវរងាជិតមកដល់ រដ្ឋាភិបាលជប៉ុន​ បានអំពាវនាវឱ្យបង្កើតឧបករណ៍ធ្វើតេស្តមួយសម្រាប់ជំងឺកូវីដ-១៩ ផង និងជំងឺផ្តាសាយផង ដើម្បីអាចស្វែងរកប្រភេទជំងឺបានក្នុងរយៈពេលខ្លី។ កន្លងមក ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩ ប្រើពេលប្រមាណ ១៥នាទី ដើម្បីដឹងពីលទ្ធផល។ 
 
ក្រសួងសុខាភិបាលជប៉ុន បានស្នើឱ្យក្រុមហ៊ុនវេជ្ជសាស្រ្តដូចជា ក្រុមហ៊ុន DENKA, ក្រុមហ៊ុន H.U. Group Holdings រួមទាំងក្រុមហ៊ុនស្វ៊ីស ផលិតឧបករណ៍បែបនេះឡើង។ ជាការឆ្លើយតប ក្រុមហ៊ុនទាំងនោះ កំពុងដាក់ចេញវិធានការ ដើម្បីអាចផលិតឧបករណ៍ធ្វើតេស្តឱ្យបានចាប់ពី ៣៥លាន ទៅ៤០លាន សម្រាប់រដូវត្រជាក់ខាងមុខ។ 
 
ក្រៅពីជប៉ុន អេស្ប៉ាញ និងអូស្រ្តាលី ក៏បានបង្កើតឧបករណ៍ធ្វើតេស្តរកជំងឺទាំងពីរផង ដើម្បីអាចឱ្យប្រជាជនប្រើប្រាស់ និងដាក់លក់នៅកន្លែងលក់ថ្នាំពេទ្យ។ 
 
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ប្រជាជនជប៉ុនប្រមាណ ១០លាននាក់ បានឆ្លងជំងឺផ្តាសាយ។ បើទោះករណីឆ្លងមានការថយចុះ ដោយសារវិធានរឹតត្បិតជំងឺកូវីដ-១៩ នាពេលកន្លងមកក្តី។ ប៉ុន្តែអ្នកជំនាញបានរំពឹងថា ករណីឆ្លងជំងឺផ្តាសាយនឹងហក់ឡើងវិញ នៅក្នុងរដូវរងានេះ ខណៈជំងឺកូវីដ-១៩ កំពុងមាននៅក្នុងប្រទេស និងពិភពលោកផង។
 
មកទល់ពេលនេះ ករណីឆ្លងជំងឺកូវីដ-១៩ នៅជប៉ុនសរុបមានចំនួនជាង ២១លាននាក់ ដោយមានករណីឆ្លងប្រចាំថ្ងៃប្រមាណ ៤ម៉ឺននាក់។ ចំណែកអ្នកស្លាប់ដោយសារជំងឺឆ្លងសកលមួយនេះ មានចំនួន ជាង៤ម៉ឺននាក់៕ 
 

Tag:
 ជប៉ុន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com