អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កងទ័ពអូស្ត្រាលីនិងប៉ាពូអាស៊ីនូវែលហ្គីណេ នឹងធ្វើការរួមគ្នាកាន់តែញឹកញាប់ក្រោមកិច្ចព្រមព្រៀងសន្តិសុខ
13, Oct 2022 , 8:29 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី Ricahrd Marles ។ រូបថត AFP
រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី Ricahrd Marles ។ រូបថត AFP
នាទីក្រុងព័រម៉ូរេសប៊ី រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles លើកឡើងថា អូស្ត្រាលីចង់ចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសជិតខាងខ្លួនដូចជាប៉ាពូអាស៊ីនូវែលហ្គីណេ ដែលក្នុងកិច្ចព្រមព្រៀងនោះនឹងមានកងទ័ពជើងគោក កងទ័ពជើងទឹក និងទ័ពអាកាសប្រទេសទាំងពីរធ្វើការជាមួយគ្នាញឹកញាប់ជាងមុន។



ដំណើរទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles នៅប៉ាពូអាស៊ី នូវែល បានធ្វើឡើងបន្ទាប់ពីអាម៉េរិកអះអាងថាខ្លួននឹងចាប់ផ្តើមកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិជាមួយរដ្ឋាភិបាលប្រទេសកោះប៉ាពូអាស៊ី នូវែលហ្គីណេ។ ក្នុងដំណើរទស្សនកិច្ចក្រុងព័រម៉ូរេសប៊ី ថ្ងៃទី១៣ ខែតុលា រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី អះអាងថា អូស្ត្រាលីចង់ចុះកិច្ចព្រមព្រៀងសន្តិសុខដើម្បីធ្វើការរួមគ្នាកាន់តែច្រើនជាមួយប៉ាពូអាស៊ី នូវែលហ្គីណេ។
 
លោក Marles ថ្លែងទៅកាន់អ្នកសារព័ត៌មានថា អូស្ត្រាលីចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខរបស់ខ្លួនជាមួយប៉ាពូអាស៊ី នូវែលហ្គីណេ ឱ្យដល់កម្រិតសន្ធិសញ្ញាទ្វេភាគីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ 
 
«ទំនាក់ទំនងការពារជាតិ ជាចំណុចខ្លាំងមួយនៃទំនាក់ទំនងទ្វេភាគី ហើយនេះពិតជាការខិតខំដើម្បីទៅឱ្យដល់ចំនុចខ្លាំងមួយនោះ»។ លោក Marles លើកឡើងបែបនេះដោយបន្ថែមថា មន្រ្តីភាគច្រើននៃកងកម្លាំងការពារជាតិប៉ាពូអាស៊ី នូវែលហ្គីណេបានទៅហ្វឹកហាត់នៅអូស្ត្រាលីរួចខ្លះហើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
បើតាមរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី កិច្ចព្រមព្រៀងថ្មី នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងអូស្ត្រាលី និងប៉ាពូអាស៊ីនូវែលហ្គីណេកាន់តែជិតស្និទ្ធជាងមុខ ខណៈប្រទេសទាំងពីរកំពុងមានកងកម្លាំងការពារជាតិមួយចំនួនធ្វើការជាមួយគ្នាហើយនៅដែនសមុទ្រ ដែនអាកាស និងលើគោក។ 
 
គួរបញ្ជាក់ថា ប៉ាពូអាស៊ី នូវែលហ្គីណេ បានស្នើឱ្យមានសន្ធិសញ្ញាសន្តិសុខជាមួយអូស្ត្រាលីដែរ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong នៅប្រទេសនេះកាលពីខែសីហាកន្លងទៅ។
 
បំណងចុះកិច្ចព្រមព្រៀងសន្តិសុខរបស់អូស្ត្រាលីធ្វើឡើង ដើម្បីរឹតបន្តឹងចំណងមិត្តភាពជាមួយបណ្ដាប្រទេសកោះប៉ាស៊ីហ្វិក ស្របពេលមានការប្រកួតប្រជែងកាន់តែខ្លាំងជាមួយចិនលើបញ្ហាសន្តិសុខក្នុងតំបន់។ រដ្ឋាភិបាលអូស្ត្រាលី បានប្ដេជ្ញាថានឹងបង្កើតសាលាបណ្តុះបណ្តាលទាហានសម្រាប់កោះប៉ាស៊ីហ្វិកផងដែរ៕
 

Tag:
 អូស្ត្រាលី
  ប៉ាពូអាស៊ីនូវែលហ្គីណេ
© រក្សាសិទ្ធិដោយ thmeythmey.com