អន្តរជាតិ
មកស្គាល់សមាសភាពក្បាលម៉ាស៊ីនដឹកនាំចិនថ្មីទាំង៧រូប!
23, Oct 2022 , 1:59 pm        
រូបភាព
សមាជិកទាំង៧នាក់នៃគណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន៖ លោក ស៊ី ជិនភីង, លោក លី ឈាំង, លោក ចាវ ឡឹជី, លោក វ៉ាង ហ៊ូនីង, លោក ឆៃ ឈី, លោក ទីង សៀស៊ាំង និងលោក លី ស៊ី។ រូបថត AFP និង Xinhua
សមាជិកទាំង៧នាក់នៃគណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន៖ លោក ស៊ី ជិនភីង, លោក លី ឈាំង, លោក ចាវ ឡឹជី, លោក វ៉ាង ហ៊ូនីង, លោក ឆៃ ឈី, លោក ទីង សៀស៊ាំង និងលោក លី ស៊ី។ រូបថត AFP និង Xinhua
គណៈមជ្ឈិមបក្សកុម្មុយនីសចិន នៅថ្ងៃទី២៣ ខែតុលា បានបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យនយោបាយ និងសមាជិកគណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយក្នុងកិច្ចប្រជុំដំបូងរបស់ខ្លួន។ អ្វីដែលគេទន្ទឹងមើល គឺសមាសភាពគណៈអចិន្ត្រៃយ៍ដែលជាក្បាលម៉ាស៊ីនដឹកនាំដ៏មានអំណាច។​ មានសមាជិក៧នាក់ គណៈអចិន្រ្តៃយ៍នេះហើយដែលកាច់ចង្កូតបក្សកុម្មុយនីស្ត និងចិនទាំងមូល។

 
នរណាខ្លះជាសមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយ? សមាសភាពថ្មីភាគច្រើនជាមនុស្សជំនិតរបស់លោក ស៊ី ឬមន្ត្រីដែលធ្លាប់ធ្វើការជាមួយលោកនាពេលកន្លងមក។
 
១. លោក ស៊ី ជិនភីង
លោក ស៊ី ជិនភីងជាសមាជិកលំដាប់ទី១ និងទើបជាប់ជាអគ្គលេខាធិការបក្សអាណត្តិទី៣ ដែលធ្វើឱ្យលោកជាមេដឹកនាំចិនដ៏មានអំណាចបំផុត។ ក្រៅតំណែងលេខាបក្ស លោក ស៊ី ក៏បន្តធ្វើជាប្រធានគណៈកម្មការយោធាមជ្ឈិម ហើយនឹងបន្តអង្គុយកៅអីប្រធានាធិបតីនៅក្នុងកិច្ចប្រជុំសភាខែមីនា ឆ្នាំ២០២៣ដែរ។

លោក ស៊ី ជិនភីង។ រូបថត Xinhua
 
២. លោក លី ឈាំង
ឈរលំដាប់ទី២ គឺលោក លី ឈាំង ដែលជាលេខាបក្សក្រុងសៀងហៃ។ លោក លី ធ្លាប់ធ្វើការជាមួយលោក ស៊ី ពេលលោកកាន់តំណែងលេខាបក្សខេត្តជឺជាំង។ តាមពិតទៅ លោក លី ត្រូវរំពឹងថា មិនអាចឡើងតំណែងឡើយ ដោយសារកំហុសរបស់លោកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំរបស់ប្រទេស។​ ជាមួយបទពិសោធផ្នែកសេដ្ឋកិច្ច លោក លី វ័យ៦៣ឆ្នាំ នឹងកាន់តំណែងនាយករដ្ឋមន្រ្តីបន្តពីលោក លី ខឹឈាំង។
 

 លោក លី ឈាំង ។ រូបថត AFP
 
៣. លោក ចាវ ឡឹជី

លោក ចាវ ឡឹជី រក្សាកៅអីក្នុងគណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយដដែល ប៉ុន្តែលោកឡើងពីរលេខរៀងទី៧ មកលំដាប់ទី៣ វិញ។ បច្ចប្បន្ន លោក ជាប្រធានគណៈកម្មការមជ្ឈិមត្រួតពិនិត្យវិន័យ ដែលដឹកនាំយុទ្ធនាការបោសសម្អាតអំពើពុករលួយ។ លោកទំនងជានឹងកាន់តំណែងប្រធានសភាប្រជាជនវិញ។

លោក ចាវ ឡឹជី។ រូបថត AFP
 
៤. លោក វ៉ាង ហ៊ូនីង

មិនខុសពីលោក ស៊ី និងលោក ចាវ ឡើយ លោក វ៉ាង ហ៊ូនីង បន្តអង្គុយកៅអីក្នុងគណៈអចិន្រ្តៃយដ៍ដែរ។ លោកនៅតែស្ថិតក្នុងលំដាប់លេខទី៤ ដដែល។ ជាអ្នករៀបចំគោលនយោបាយសំខាន់របស់មេដឹកនាំកំពូល លោក វ៉ាង ទំនងជានឹងកាន់តំណែងប្រធានសភាពិគ្រោះយោបល់ក្នុងជួរស្ថាប័នរដ្ឋ។

លោក វ៉ាង ហ៊ូនីង។ រូបថត AFP
 
៥. លោក ឆៃ ឈី

ជាសមាជិកថ្មីថ្មោងក្នុងគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយ និងឈរលំដាប់ទី៥ លោក ឆៃ ឈី ក៏ធ្លាប់ធ្វើការក្រោមលោក ស៊ី ដែរ។ សព្វថ្ងៃ លោកវ័យ៦៦ឆ្នាំ ជាលេខាបក្សរដ្ឋធានីប៉េកាំង។

លោក ឆៃ ឈី។ រូបថត AFP
 
៦. លោក ទីង សៀស៊ាំង

លោក ទីង សៀស៊ាំង ក៏ទើបជាសមាជិកគណៈអចិន្រ្តៃយ៍នៅអាណត្តិនេះដែរ ហើយឈរលំដាប់ទី៦។ លោក ទីង ជាមនុស្សជំនិតបំផុតរបស់លោក ស៊ី ដោយកាន់ការងាររបស់លោក ស៊ី និងកិច្ចការសន្តិសុខថ្នាក់ដឹកនាំកំពូលផងដែរ។ ទោះកាន់តំណែងខ្ពស់ក្នុងជួរបក្ស លោកមិនមានបទពិសោធក្នុងការដឹកនាំរដ្ឋឡើយ។ វ័យ៦០ឆ្នាំ លោក ទីង អាចធ្វើជាឧបនាយករដ្ឋមន្រ្តី។

លោក ទីង សៀស៊ាំង។ រូបថត AFP
 
៧. លោក លី ស៊ី

លោក លី ស៊ី ឈរលេខរៀងចុងក្រោយក្នុងស្ថាប័នកំពូលរបស់បក្សកុម្មុយនីស្តចិន។ មានវ័យ៦៦ឆ្នាំ លោក ក៏ជាមនុស្សជិតសិ្នទ្ធរបស់លោក ស៊ី ដែរ។​ បទពិសោធក្នុងការដឹកនាំខេត្តគ័ងតុងដែលជាខេត្តសក្ដានុពល លោក លី នឹងដឹកនាំគណៈកម្មការមជ្ឈិមត្រួតពិនិត្យវិន័យជំនួសលោក ចាវ ៕

លោក លី ស៊ី ។ រូបថត AFP
 
  

© រក្សាសិទ្ធិដោយ thmeythmey.com