អន្តរជាតិ
គ.ល.ក៖ មិនមានការផ្តល់សិទ្ធិស្របច្បាប់ សម្រាប់ក្រុមហ៊ុនល្បែងពាណិជ្ជកម្មអនឡាញ OL Group ឡើយ
25, Oct 2022 , 10:29 pm        
រូបភាព
អគ្គលេខាដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បដិសេធដាច់ខាតជុំវិញការផ្តល់សិទ្ធិស្របច្បាប់ទៅឱ្យក្រុមហ៊ុនល្បែងពាណិជ្ចកម្ម OL Group ឬ OL Football Club ដើម្បីចរាចរល្បែងភ្នាល់បាល់ស្របច្បាប់តាមអនឡាញ។ នេះបើតាមសេចក្តីប្រកាសរបស់ អគ្គលេខាដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក នៅថ្ងៃទី២៥ ខែតុលា។


ការអះអាងរបស់ គ.ល.ក ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនានាថា ក្រុមហ៊ុន OL Group ឬ OL Football Club ជាក្រុមហ៊ុនល្បែងពាណិជ្ជកម្មស្របច្បាប់ និងកំពុងធ្វើសកម្មភាពភ្នាក់បាល់តាមអនឡាញ។
 
នៅក្នុងលិខិតដែលត្រូវបានបង្ហោះក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ គ.ល.ក បានបដិសេធចំពោះការផ្សព្វផ្សាយថា គ.ល.ក បានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនឈ្មោះ OL Group ឬ OL Football Club ដើម្បីធ្វើប្រតិបត្តិការល្បែងពាណិជ្ជកម្មស្របច្បាប់នៅកម្ពុជា។
 
អគ្គលេខាដ្ឋាននៃ គ.ល.ក ក៏បានអំពាវឱ្យសាធារណជន និងអ្នកពាក់ព័ន្ធវិស័យល្បែងពាណិជ្ជកម្មទាំងអស់ប្រយ័ត្ន និងកុំជឿតាមការអូសទាញឱ្យចូលរួមភ្នាល់បាល់តាមអនឡាញ និងវិនិយោគផ្សេងៗក្នុងសកម្មភាពខុសច្បាប់នេះ។
 
កន្លកមក និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ក្រោមកិច្ចសហការជាមួយអគ្គស្នងការដ្ឋាននគរបាល បានសម្រេចបិទខ្ទប់គេហទំព័រចំនួនជាង២០០ជាបន្តបន្ទាប់ ដែលប្រតិបត្តិការផ្តល់សេវាល្បែងអនឡាញ និងល្បែងឆ្នោតខុសច្បាប់នៅកម្ពុជា។
 
ការបង្រ្កាបនេះ ធ្វើឡើងក្នុងគោលដៅចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។ ជាមួយគ្នានេះ ន.ទ.ក. បានប្រាប់លេខទូរសព្ទ ៦៧៨៩ និងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនសម្រាប់សាធារណជនរាយការណ៍ផងដែរ៕
 

Tag:
 ល្បែងភ្នាល់តាមអនឡាញ
© រក្សាសិទ្ធិដោយ thmeythmey.com