អន្តរជាតិ
ហ្វីលីពីន លើកលែងកាតព្វកិច្ចពាក់ម៉ាសនៅកន្លែងបិទជិត
26, Oct 2022 , 11:59 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីនលោកស្រី Christina Garcia Frasco នៅថ្ងៃទី២៥ ខែតុលាបានអះអាងថាប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr នឹងចេញបទបញ្ជាថ្មីមួយដែលអនុញ្ញាតឱ្យពលរដ្ឋមិនពាក់ម៉ាសនៅកន្លែងបិទជិតទៀតឡើយ។



ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែតុលា រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន Christina Frasco ប្រកាសថា បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយប្រធានាធិបតី Ferdinand Marcos Jr ហ្វីលីពីនសម្រេចអនុញ្ញាតឱ្យពលរដ្ឋពាក់ម៉ាសតាមការស្មគ្រចិត្តនៅកន្លែងបិទជិត​។ 
 
«ជាលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ បទបញ្ជាដែលអនុញ្ញាតឱ្យពលរដ្ឋពាក់ម៉ាសតាមការស្មគ្រចិត្តនៅកន្លែងបិទជិតនៅទូទាំងហ្វីលីពីន​នឹងត្រូវប្រកាសដោយប្រធានាធិបតី»។ លោកស្រី Frasco បានប្រាប់អ្នកកាសែតបែបនេះ។ យ៉ាងណាមិញ លោកស្រីក៏សង្កត់ធ្ងន់ថា ការពាក់ម៉ាសនៅតែត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងលើបុគ្គលដែលមិនបានចាក់វ៉ាក់សាំង អ្នកដែលមានជំងឺ ក៏ដូចជាមនុស្សវ័យចំណាស់ផងដែរ។ 
 
លោកស្រីក៏បានបន្ថែមថា វិធានការនេះអនុវត្តឡើងដោយមានគោលបំណងបន្ធូរបន្ថយការរឹតបន្តឹងផ្សេងៗលើវិស័យទេសចរណ៍ ដើម្បីអនុញ្ញាតឱ្យហ្វីលីពីនមានគោលនយោបាយស្មើគ្នាជាមួយនឹងប្រទេសជិតខាងអាស៊ានដែលបានអនុវត្តគោលការណ៍លើកលែងនេះជាយូរមកហើយ។ 
 
ការលើកលែងច្បាប់តម្រូវឱ្យពាក់ម៉ាសនៅកន្លែងបិទជិតនេះ បានកើតឡើងជាងមួយខែបន្ទាប់ពីប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr ប្រកាសពីការលើកលែងការតម្រូវឱ្យពាក់ម៉ាសនៅទីសាធារណៈ។ 
 
បើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន ក្រោយការលើកលែងការតម្រូវឱ្យពាក់ម៉ាសនៅទីសាធារណៈនេះក្តី អត្រាអ្នកឆ្លងជំងឺកូវីដ-១៩ នៅហ្វីលីពីន បានថយចុះ៕ 
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com