អន្តរជាតិ
លោក ស៊ី ជួបលោក បៃឌិន ដោយផ្ទាល់លើកដំបូងនៅឥណ្ឌូណេស៊ីនៅសប្ដាហ៍ក្រោយ
12, Nov 2022 , 12:59 pm        
រូបភាព
ដោយ:
ប្រធានាធិបតីចិន ស៊ី ជិនភីង នឹងមានជំនួបទ្វេភាគីជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន ដោយផ្ទាល់នៅថ្ងៃទី១៤ ខែវិច្ឆិកា នៅពេលទៅចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២ (G20) នៅឥណ្ឌូណេស៊ី។ ក្រោយចេញពី G20 លោក ស៊ី នឹងទៅចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចិននៅថ្ងៃទី១១ ខែវិច្ឆិកា។

 
នេះនឹងក្លាយជាជំនួបដោយផ្ទាល់លើកដំបូងរវាងប្រធានាធិបតីចិន លោក ស៊ី ជិនភីង និងសមភាគីអាម៉េរិក លោក ចូ បៃឌិន តាំងពីលោក បៃឌិន ចូលកាន់តំណែងជាប្រធានាធិបតីអាម៉េរិក។ ជំនួបនេះធ្វើឡើង ស្របពេលមេដឹកនាំទាំងពីរកំពុងស្វែងរកវិធីជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យស្ថិតក្នុងស្ថិរភាពមួយ បើទោះតានតឹងជុំវិញបញ្ហាតៃវ៉ាន់ សមុទ្រចិនខាងត្បូង ពាណិជ្ជកម្ម និងបញ្ហាផ្សេងទៀតក៏ដោយ។
 
ក្រៅពីលោក បៃឌិន ក្រសួងការបរទេសចិនប្រកាសថា លោក ស៊ី នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីសេណេហ្គាល់ Macky Sall ប្រធានាធិបតីអាហ្សង់ទីន Alberto Fernandez និងមេដឹកនាំប្រទេសផ្សេងៗទៀតក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០(G20)នៅឥណ្ឌូណេស៊ីពីថ្ងៃទី១៤-១៧ ផងដែរ។ 
 
បន្ទាប់ចេញពីកិច្ចប្រជុំ G20 ប្រធានាធិបតីចិននឹងធ្វើដំណើរទៅថៃដើម្បីចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) ក៏ដូចជាធ្វើទស្សនកិច្ចនៅថៃពីថ្ងៃទី១៧-១៩ ខែវិច្ឆិកាក្រោមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា។ ចំណែក លោក បៃឌិន នឹងមិនចូលប្រជុំ APEC ទេដោយបញ្ជូនអនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស ជំនួសវិញ ដោយសារជាប់រវល់រៀបចំមង្គលការចៅស្រីនៅសេតវិមាន៕

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com