ជាតិ
បង្កាន់ដៃនាគខាងត្បូងប្រាសាទអង្គរវត្តកំពុងជួសជុលកែលម្អឡើងវិញ
03, Sep 2023 , 7:59 am        
រូបភាព
ការជួសជុលបង្កាន់ដៃនាគច្រកខាងត្បូងប្រាសាទអង្គរវត្ត។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ការជួសជុលបង្កាន់ដៃនាគច្រកខាងត្បូងប្រាសាទអង្គរវត្ត។ រូបភាពពីអាជ្ញាធរជាតិអប្សរា
សៀមរាប៖ បង្កាន់ដៃនាគច្រកខាងត្បូងប្រាសាទអង្គរវត្ត កំពុងទទួលបានការជួសជុលឡើងវិញ ខណៈទីតាំងនេះរងការខូចខាតរចនាសម្ព័ន្ធមួយផ្នែក។

បុរាណវិទូលោក សយ សុភារិន្ទ បានឱ្យដឹងថា បង្កាន់ដៃនាគច្រកខាងត្បូងត្រូវបានជួសជុល និងពង្រឹងគ្រឹះឱ្យមានភាពរឹងមាំឡើងវិញ។ លោកពន្យល់ថា ទីតាំងនេះមានហានិភ័យដូចជា ទឹកភ្លៀងហូរច្រោះដី ធ្វើឱ្យថ្មញែកចេញពីគ្នា និងអាចដួលរលំ។ 
 
ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានចាប់ផ្តើមរើថ្មខឿនបង្កាន់ដៃនាគ នៅដើមខែកក្កដា និងបានបង្ហាប់ដីឱ្យហាប់ល្អធ្វើយ៉ាងណាឱ្យគ្រឹះខឿនមានភាពរឹងមាំ ធានាបានការ ប្រើប្រាស់យូរអង្វែង។ លោក សយ សុភារិន្ទ ដែលដឹកនាំការងារជួសជុល​បានពន្យល់ថា៖« ថ្មខឿនវា​ញែកចេញពីគ្នាដោយសារទឹកភ្លៀងហូរច្រោះនាំដី រុញហូរតាមចន្លោះថ្មពីមួយដុំទៅៗ ទើបយើងត្រូវ​ធ្វើម៉េចបង្ហាប់គ្រឹះឱ្យជាប់ល្អ ទើបយើងរៀបថ្មបង្កាន់ដៃនាគទៅវិញ»។ 
 
តាមការពន្យល់ពីលោក សុភារិន្ទ គ្រឹះនៃបង្កាន់ដៃនាគ ខាងក្នុងគេបានរៀបថ្មបាយក្រៀមដើម្បីទប់ដី រីឯខាងក្រៅគេប្រើថ្មភក់។ ដោយសារអាយុកាលធ្វើឱ្យថ្មខ្លះនៃគ្រឹះមានការខូចខាត ស្អុយ ដែលការជួសជុល ដកថ្មស្អុយនោះចេញ ដោយប្រើថ្មថ្មីជំនួសមួយផ្នែកផងដែរ។ ចំណុចខ្លះ​​មានការ​បាក់បែក បាត់ថ្ម ដែលត្រូវយកថ្មថ្មីមកជំនួសដូចគ្នា។ នេះជាការបញ្ជាក់ពីប្រធានការដ្ឋានលោក សយ សុភារិន្ទ។
 
មន្រ្តីអាជ្ញាធរជាតិអប្សរារូបនេះបន្តថា៖« ចំពោះនាគ ក៏មានកន្លែងខ្លះបាក់ និងពុកផុយដែរ ក៏ត្រូវជួសជុល ត ផ្គុំឡើងវិញ ទើបយកទៅដាក់ទីតាំងដើម ជើងទម្រនាគក៏ដូចគ្នា ថ្មដែលបាក់បែក ខូច ត្រូវដាក់ថ្មថ្មី​ជំនួស ឬឆ្លាក់ឡើងវិញ»។ 
 
គួរបញ្ជាក់ថា បង្កាន់ដៃនាគច្រកខាងត្បូងប្រាសាទអង្គរវត្ត ដែលកំពុងជួសជុលនៅពេលនេះ មាន​ប្រវែង​ប្រហែល១០ម៉ែត្រ។ ច្រកនេះជាទីតាំងសំខាន់មួយ ដែលជាចរាចរសំខាន់សម្រាប់ភ្ញៀវទេសចរ។​ ការរៀបចំ និងកែលម្អសោភ័ណភាពឡើងវិញ ជាផ្នែកមួយសំខាន់ដើម្បីលើកតម្លៃនៃបុរាណដ្ឋានឡើងវិញ។ ក្រៅពីច្រកខាងត្បូងនេះ អ្នកបុរាណវិទ្យា សយ សុភារិន្ទ បញ្ជាក់ថា ច្រកផ្សេងទៀតក៏សុទ្ធតែមាន​ហានិភ័យ ដែលត្រូវឱ្យអាជ្ញាធរយកចិត្តទុកដាក់ និងជួសជុលឡើងវិញដូចគ្នា។ លោករំពឹងថា ការងារជួសជុលខាងលើនេះ អាចនឹងរួចរាល់ជាស្ថាពររយៈពេលបីខែ ប្រសិនពុំមានការរំខានដោយសារ ភ្លៀងធ្លាក់ញឹកញាប់៕
 
 
 
 

Tag:
 អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com