ជាតិ
តើស្វានៅប្រាសាទសុទ្ធតែកាច ឬមកពីវាឃ្លានចំណី?
03, Sep 2023 , 10:00 am        
រូបភាព
សត្វស្វាកំពុងដើរនៅតាមផ្លូវនៅច្រកខាងលិចប្រាសាទបាយ័ន
សត្វស្វាកំពុងដើរនៅតាមផ្លូវនៅច្រកខាងលិចប្រាសាទបាយ័ន
សៀមរាប៖ អ្នកធ្លាប់បានទៅលេងប្រាសាទអង្គរវត្ត ឬនៅប្រាសាទបាយ័ន ច្បាស់ជាបានជួបនិងឃើញ សត្វស្វាជាញឹកញាប់ហើយ។ ពួកវាតែងរត់សំដៅមករកភ្ញៀវ ពេលឃើញមានយួរថង់ និងប្រអប់អាហារ ផ្សេងៗ។ ច្បាស់ហើយ គេត្រូវទម្លាក់ឱ្យវាភ្លាមប្រសិនមិនចង់មានរឿងជាមួយវា។ វាអាចបង្ហាញអាការៈខឹង និងស្ទុះមកខាំដណ្ដើមក៏មាន។ តើស្វាទាំងនោះសុទ្ធតែកាចៗ ឬមកពីពួកវាគ្រាន់តែចង់ស៊ីអាហារ?

ជារឿយៗគេតែងឃើញពីករណីទេសចរដែលត្រូវស្វាខាំពេលទៅលេងប្រាសាទ មានភាគច្រើន​នៅអង្គរវត្ត និងបាយ័ន។ ស្វាទាំងនោះខាំទាំងក្មេង និងមនុស្សចាស់ ហើយក៏មាន​ជនបរទេសផងដែរ។ ថ្មីៗនេះ ព័ត៌មានជនបរទេសដែលជាជនជាតិថៃត្រូវស្វាខាំ ក៏ត្រូវបានអាជ្ញាធរជាតិអប្សរាផ្សព្វផ្សាយ​ទូលំទូលាយ​ផងដែរ។ ភ្លាមៗក្រុមភ្នាក់ងារទេសចរណ៍បានជួយសង្រ្គោះបឋមដល់បុរសជនជាតិថៃអាយុ ៣៩ឆ្នាំ ដែលត្រូវស្វាខាំនៅ​បណ្ណាល័យខាងត្បូងប្រាសាទអង្គរវត្ត។ 
 
ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត លោក ឡេក គឹមលីន បានឱ្យដឹងថា ករណីខាងលើនេះ ដោយសារស្វាទៅដណ្ដើមសម្ភារភ្ញៀវដែរកំពុងយួរ​ ហើយបុរសទេសចរនោះមិនព្រមឱ្យ ទើបវាត្របាក់ខាំ​តែម្ដង។ ជាសំណាង បុរសរូបនោះ ត្រូវបានស្វាខាំត្រូវកដៃបន្ដិចដែលជារបួសស្រាល។ លោក គឹមលីន បញ្ជាក់ថា​ក្នុងឆ្នាំ២០២៣នេះ ស្វាបានខាំភ្ញៀវជាង២០ករណី​ ក្នុងនោះមាននៅអង្គរវត្ត និងបរិវេណអតីតក្រុង​អង្គរធំ ដូចជាបាយ័ន និងបាភួនជាដើម។ 
 
អ្នកលក់ទឹក និងផ្លែឈើនៅចំណតខាងលិចប្រាសាទអង្គរវត្តដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ស្វាតែងមករំខាន និងកញ្ឆក់យកអាហារពួកគេជារឿយៗ តែត្រូវក្រុមអ្នកលក់ទាំងនោះដេញជាហូរហែ។ អ្នកលក់ម្នាក់បានប្រាប់ថា​ ពួកគេត្រូវមានជំពាមកៅស៊ូមួយត្រៀមដើម្បីទុកបាញ់ស្វា មិនដូច្នោះទេ វានឹងមកទាញយកចេក និងផ្លែឈើផ្សេងៗដែលដាក់លក់មិនខាន។ 
 
ក្រុមស្រ្តីដែលមានគ្នា៣នាក់ជាប់ៗគ្នាអះអាងថា ស្វាខ្លះពិតជាបានខាំភ្ញៀវមែន ហើយខ្លះក៏ស្លូតដែរ។ ពួកគេអះអាងថា៖« កុំតែទៅញ៉ោះវា បើវាទាញអី ត្រូវឱ្យវា»។
 
ជាសត្វក្រមិចក្រមើម រប៉ិលរប៉ូច ភ្ញៀវទេសចរតែងចាប់អារម្មណ៍ហ្វូងសត្វសា្វទាំងនោះ ដោយខ្លះបាន​ទិញចំណី ផ្លែឈើបោះឱ្យវាស៊ីផងដែរ ដើម្បីបានឃើញវា និងឱ្យវាចូលមកជិត។ នៅខាងលិចប្រាសាទបាយ័ន​​ដែលមានដាក់ផ្លែឈើលក់សម្រាប់បូជានោះ ភ្ញៀវខ្លះក៏បានទិញផ្លែចេក និងផ្លែឈើបោះឱ្យហ្វូងស្វាផងដែរ។ តើនេះជាការផ្លាស់ប្ដូរទម្លាប់របស់សត្វដែរឬទេ? ខណៈដែលពីមុនសត្វ ទាំងនោះរស់ពឹងលើធម្មជាតិ មានន័យថា ពីមុនពួកគេត្រូវចូលព្រៃដើម្បីរកអាហារ។ 
 
កំពុងអង្គុយជជែកគ្នានៅក្បែរការដ្ឋានខាងជើងឈៀងខាងលិចប្រាសាទបាយ័ន អ្នកស្រី ហាន ម៉ាច ជាកម្មករលាយបាយអជួសជុលប្រាសាទយល់ថា ការទម្លាប់ឱ្យចំណីពីទេសចរ និងក្រុមអ្នកថតស្វាដើម្បី ធ្វើអាជីវកម្ម ជាចំណែកសំខាន់ធ្វើឱ្យស្វាផ្លាស់ប្ដូរចរិត។ អ្នកស្រីបន្តថា៖« ពីមុនស្វានៅទីនេះមានច្រើន​ជាងនេះ តែវានៅតែក្នុងព្រៃទេ មិនចេញមកជួបមនុស្សដូចរាល់ថ្ងៃទេ។ ប្រហែលដោយសារអ្នកថត​គេយក​ចំណីឱ្យវាស៊ី យូរៗទៅ វាក៏ធ្លាប់ ចាំតែគេយកឱ្យស៊ី ខ្ជិលរកចំណីខ្លួនឯង»។ 
 
កន្លងមកស្វាដែលរពឹសក៏ធ្លាប់ដណ្ដើមចំណី និងតោងខាំអ្នកស្រី ម៉ាច ៣លើកមកហើយ តែមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទេ គឺខាំបានតែក្រណាត់អាវខាងក្រៅប៉ុណ្ណោះ។ អ្នកស្រីរំឭកថា៖«វាមកយកអីយើង យើងមិនឱ្យ ក៏វាខាំទៅ យើងដណ្ដើមពីវាមកវិញ ប្រសិនបើឱ្យវាទៅ អត់អីទេ»។
 
ហេតុនេះហើយ ទើបក្រោយៗមក ស្ត្រីវ័យ៦៦ឆ្នាំ និងជាអ្នកភូមិស្រះស្រង់ជើង  តែងមានឈើឬដំបង​ដាក់ក្បែរខ្លួន ដើម្បីបង្អើលស្វា​​ទាំងនោះពេលវាចង់មកយក ដណ្ដើមថង់អាហារ ឬសម្ភារផ្សេងៗ ឬពេលកំពុង​ពិសាបាយ​ជាដើម។
 
ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទបាយ័ន គឺកញ្ញា ញ៉ុក សាគីម ក៏រអ៊ូរទាំពីការនឿយហត់ក្នុងការ មើលសត្វស្វាកាចៗផងដែរ។ សាគីម ប្រាប់ថា ស្វាកាចៗបានចូលអុកលុកប្រាសាទបាយ័ននៅជ្រុងខាង លិច និងខាងជើង ដូចជាឡើងលើថ្មប្រាសាទ និងរុញផ្ដួលផ្ទាំងបដាព័ត៌មានទេសចរណ៍ជារឿយៗ។ 
 
«ពេលដែលភ្ញៀវកាន់ទឹក ឬថង់មានរបស់ញុំាអី វាតែងដណ្ដើម​ តែប្រសិនភ្ញៀវអត់មានកាន់អីទេ គឺវាធម្មតា។ វាឡើងលើថ្ម បដាទេសចរណ៍អីវាទាញ អង្រួនទាល់តែដួល ទើបវាឈប់ វាអស់ចិត្ត»។ នេះជាការលើកឡើងរបស់ សាគីម ដោយបន្ថែមថា ស្វាខ្លះបានកញ្ឆក់យកទូរសព្ទពីភ្ញៀវទេសចរ ពេលពួកគេកំពុងកាន់ថតក្នុងប្រាសាទផងដែរ។ 
ក្រៅពីបង្កការភ័យខ្លាចដល់ទេសចរហើយ សត្វស្វាបង្កភាពរញ៉េរញ៉ៃនៅតាមធុងសំរាមផងដែរ។ វាបានទៅកកាយដើម្បីរកចំណីដែលគេបោះចោល ក្រែងអាចយកស៊ីបាន។ ភ្នាក់ងារទេសចរណ៍​ នៅប្រាសាទបាយ័ន កញ្ញា សាគីម ប្រាប់ថា ក្រៅពីមើលភ្ញៀវ ក្នុងនោះក៏ត្រូវមើលស្វាមួយទៀតដែរ មិនដូច្នោះវានឹងរើឥវ៉ាន់ និងសម្ភារដែលទុកប្រហែស។
 
ដើម្បីដោះស្រាយបញ្ហាស្វាកាចនៅតំបន់អង្គរនេះ ជាបន្តបន្ទាប់អាជ្ញាធរជាតិអប្សរា សហការជា​មួយ​រដ្ឋបាលព្រៃឈើ បានដកហូតស្វាទាំងនោះដើម្បីយកទៅដោះលែងនៅតំបន់ភ្នំតាម៉ៅ។ តួយ៉ាងនៅចុងឆ្នាំ ២០១៩ ស្វាកាចៗមួយចំនួនត្រូវបានដកចេញ។ តែសកម្មភាពនេះត្រូវបានក្រុមថតវីដេអូស្វាបង្ហោះតាម ប្រព័ន្ធយូធូប ប្រតិកម្មជាខ្លាំង និងរិះគន់អាជ្ញាធរថាកំពុងប្រព្រឹត្តិអំពើអសីលធម៌ទៅលើពួកស្វា ក៏ដូចជាការធ្វើទារុណកម្មសត្វស្វាជាដើម​។ ពួកគេយល់ថា ទង្វើនេះ កំពុងបំបែកក្រុមគ្រួសារស្វា ដែលខ្លះបែកបាក់មេប៉ាខណៈកូនៗនៅតូចៗ មិនអាចរកចំណីចិញ្ចឹមខ្លួនឯងបាន។ 
 
យ៉ាងណា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បកស្រាយថា អាជ្ញាធរដកតែស្វាកាចៗ​ប៉ុណ្ណោះដែលពួកវាតែងបង្កហានិភ័យដល់ទេសចរ និងបំផ្លាញសម្ភារតាមប្រាសាទមានបដា​ព័ត៌មាន​ទេសចរណ៍ និងរុញថ្មប្រាសាទបានបាក់ធ្លាក់ជាដើម៕
 
 
 
 
 
 
 
 
 

Tag:
 ស្វា
  ប្រាសាទ
© រក្សាសិទ្ធិដោយ thmeythmey.com