ជាតិ
បច្ចេកវិទ្យាមានឥទ្ធិពលកម្រិតណាទៅលើអាជីវកម្មសព្វថ្ងៃ?
04, Sep 2023 , 9:29 am        
រូបភាព
វេទិកាស្រ្តីដើម្បីអ្នកទាំងអស់គ្នាក្រោមប្រធានបទ គំនិតច្នៃប្រឌិតសហគ្រិនក្នុងបរិបទបច្ចេកវិទ្យាទំនើប ដែលរៀបចំនៅថ្ងៃទី២ កញ្ញា។
វេទិកាស្រ្តីដើម្បីអ្នកទាំងអស់គ្នាក្រោមប្រធានបទ គំនិតច្នៃប្រឌិតសហគ្រិនក្នុងបរិបទបច្ចេកវិទ្យាទំនើប ដែលរៀបចំនៅថ្ងៃទី២ កញ្ញា។
សៀមរាប៖ បច្ចេកវិទ្យាកំពុងដើរតួសំខាន់ក្នុងបរិបទរស់នៅសព្វថ្ងៃ មិនថាទៅលើអាជីវកម្ម។ សហគ្រិនស្រ្តីបានជួបជជែកគ្នានៅក្នុងវេទិកាមួយក្នុងបរិបទនៃការផ្លាស់ប្ដូរក្នុងសង្គមបច្ចុប្បន្ន ដែលតម្រូវ​ឱ្យម្ចាស់អាជីវកម្មទាំងអស់រត់ឱ្យទាន់បច្ចេកវិទ្យា ដើម្បីបន្តឱ្យអាជីវកម្មអាចរស់ទៀតបាន។

អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី គង់ សូរីតា យល់ថា ដើម្បីឱ្យអាជីវកម្មជោគជ័យទៅបាន ម្ចាស់អាជីវកម្មទាំងអស់ត្រូវយល់ឱ្យច្បាស់ពីបច្ចេកវិទ្យា។ ចំពោះមុខសហគ្រិនស្រ្តីប្រមាណ​ជិត២០០នាក់​ នៅក្នុងវេទិកាស្រ្តីដើម្បីអ្នកទាំងអស់គ្នា នាថ្ងៃទី២ កញ្ញា លោកស្រី សូរីតា ពន្យល់ថា​បច្ចេកវិទ្យា កំពុង​ដើរគ្របដណ្ដប់​លើគ្រប់វិស័យ ទាំងការទិញទំនិញអនឡាញ ដែលប្រជាពលរដ្ឋបានផ្លាស់ប្ដូរ​បរិបទ​នៃការរស់នៅ។
 
ក្រៅពីផ្នែកអាជីវកម្ម នៅតាមស្ថាប័នក្រុមហ៊ុនខ្លះដូចជាការគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកធនធានមនុស្ស ក៏ត្រូវការទាញប្រព័ន្ធបច្ចេកវិទ្យាមកប្រើប្រាស់ផងដែរ។ ការធ្វើដូច្នេះនឹងជួយឱ្យក្រុមហ៊ុនទាំងនោះ​មានរបៀបរបប​គ្រប់គ្រងដែរល្អ ច្បាស់លាស់ និងចំណេញពេលវេលា រួមនិងថវិកា។ 
 


លោកស្រីអនុរដ្ឋលេខាធិការបន្ថែមថា៖« សរុបមកបច្ចេកវិទ្យាដើរតួសំខាន់នៅក្នុងការគ្រប់គ្រងអាជីវកម្ម ការរស់នៅ ប្រសិនមានឱកាសគួរ​ស្វែងយល់ការគ្រប់គ្រងអាជីវកម្មបែបបច្ចេកវិទ្យា ក្នុងការដែលអាច​ឱ្យ​អាជីវកម្មអាចរីកចម្រើន និងមានជីវិតបន្តទៀត»។
 
លោក ឃីម សុខហេង ស្ថាបនិកសាលា LSi និងជាវាគ្មិនក្នុងវេទិកាខាងលើមួយរូប លើកឡើងថា គ្រប់ជំនួញទាំងអស់ត្រូវការបច្ចេកវិទ្យា ពិសេសឆ្លងកាត់សម័យកូវីដ ឥទ្ធិពលនៃបច្ចេកវិទ្យាធ្វើឱ្យគេដឹងថា​វាអស្ចារ្យកម្រិតណា និងអាចជួយឱ្យអាជីវកម្មប្រសើរកម្រិតណា។​ លោកបន្តថា អ្នកលក់បានផ្លាស់ប្ដូរពីការ ជួបអតិថិជនដោយផ្ទាល់ មកជួបគ្នាតាមអនឡាញ និងមិនដែលស្គាល់ក៏មាន។ 
 
ជាមួយគ្នានោះ លោក ឃីម សុខហេង ផ្តល់ដំបូន្មានដល់សហគ្រិនស្រ្តីឱ្យរៀនសូត្រ និងពូកែលើការ​ប្រើប្រាស់បណ្ដាញសង្គមដែលមានសម្បូរបែប និងប្រើឱ្យចំអតិថិជនគោលដៅ ដើម្បីទាញប្រយោជន៍ ពីប្រព័ន្ធទាំងនោះ។ 
 
លោកស្រី ចេន សុភាព សហស្ថាបនិក និងនាយិកាសិប្បកម្មកីតម្បាញខ្មែរ ដែលជាសហគ្រិន​ជោគជ័យ​មួយរូបនោះ ក៏បានចែករំលែកបទពិសោធន៍ទៅសហគ្រិនស្រ្តីឯទៀតផងដែរ។ លោកស្រីយល់ថា ការធ្វើឱ្យអាជីវកម្មអាចរស់បានក្នុងពេលកំពុងមានវិបត្តិ គឺជាការលំបាក តែប្រសិនយើងអាចធ្វើបាន គឺនោះហើយជាភាពជោគជ័យរបស់សហគ្រិន។​ 
 
ក្រៅពីមានពេលប៉ិនប្រសព្វលើប្រព័ន្ធបច្ចេកវិទ្យាហើយនោះ លោកស្រី ចេន សុភាព យល់ថា ម្ចាស់អាជីវកម្មត្រូវចេះប្រើញាណទាំង៥ដើម្បីអភិវឌ្ឍន៍អាជីវកម្មពួកគេ។ លោកស្រីពន្យល់ថា៖« ចង់បង្កើតគំនិតអាជីវកម្មរបស់យើង សំខាន់ត្រូវគិតលើញាណទាំង៥ ទី១ភ្នែកតើយើងបង្កើតទាក់ទាញ អតិថិជនកម្រិតណា យើងត្រូវដឹងចិត្តអតិថិជន។ ទី២ បង្កើតផលិតផលឱ្យទាក់ទាញច្រមុះ​ ទី៣ មាត់ គឺរសជាតិ ទី៤ត្រចៀក បើចូលមកក្នុងហាងមានភ្លេងរង្គំពិរោះយើងមានអារម្មណ៍បែបណា ទាក់ទាញអតិថិជនកម្រិតណា ទី៥ទាក់ទងស្បែក ដូចសិប្បកម្មតម្បាញ បើយើងស្លៀកទៅតឹង ស្អុះស្អាប់ យើងចង់ទិញទេ ទាល់តែផលិតផលនោះស្លៀកទៅស្រួល អង្គុយស្រួលដើរស្រួលទើបយើងចង់ទិញ»។
 
លោកស្រី ចេន សុភាព បន្ថែមទៀតថា៖​ ​«បងប្អូនត្រូវគិតថា គំនិតច្នៃប្រឌិតរបស់យើង​តាមទាន់​បច្ចេកវិទ្យាមែន ប៉ុន្តែបើយើងជាម្ចាស់ផលិតផល ម្ចាស់សេវាកម្មយើងអត់ឃើញចំណុចហ្នឹងទេ ក៏យើង​អត់អាចធ្វើឱ្យនវានុវត្តន៍ផលិតផលយើងបានដែរ»។
 
គួរបញ្ជាក់ថា សមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំវេទិកាស្រ្តីដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទ គំនិតច្នៃប្រឌិតសហគ្រិនក្នុងបរិបទបច្ចេកវិទ្យាទំនើប នាថ្ងៃទី២ កញ្ញា ដែលមាន​សហគ្រិនស្រ្តីចូលរួមប្រមាណ២០០នាក់ នៅសណ្ឋាគារ អង្គរមីរ៉ាខល រីហ្សត និងស្ប៉ា៕
 
 
 
 
 
 
 
 

Tag:
 អាជីវកម្ម
  សហគ្រិនស្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com