ជាតិ
ពលរដ្ឋចង់ឱ្យអភិបាលខេត្តសៀមរាបថ្មីបន្តធ្វើផ្លូវ និងដាក់ប្រព័ន្ធលូឱ្យបានគ្រប់គ្រាន់
09, Sep 2023 , 8:39 am        
រូបភាព
សៀមរាប៖ លោក ប្រាក់ សោភ័ណ អភិបាលរងត្រូវបានតែងតាំងជាអភិបាលខេត្តសៀមរាបថ្មី ជំនួសលោក ទៀ សីហា ដែលឡើងជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការពារជាតិ។ នៅអាណត្តិថ្មីនេះ ប្រជាពលរដ្ឋក្នុងខេត្តចង់ឱ្យអភិបាលខេត្តថ្មីបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវបន្ថែម ពិសេសដាក់ប្រព័ន្ធលូឱ្យបានគ្រប់ផ្លូវ កុំឱ្យទឹកជន់លិចនារដូវវស្សា។

 
ទោះខេត្តសៀមរាបមានហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដែលរាជរដ្ឋាភិបាលសាងសង់នៅកំឡុង​វិបត្តិកូវីដ-១៩ ដើម្បីលើកសោភ័ណក្រុង ទាក់ទាញភ្ញៀវទេសចរយ៉ាងណាក៏ដោយ ផ្លូវក្នុងក្រុងជាច្រើន​ទៀតមិនទាន់​ល្អប្រសើរនៅឡើយ។ ផ្លូវភាគច្រើនជាផ្លូវក្រួសក្រហម ផ្លូវលំ ដែលពិបាកដល់ប្រជាពលរដ្ឋ។ 
 
ម្ចាស់ផ្សារផលិតផលកម្ពុជា លោក អ៊ុន សាវ៉ាន់ រំពឹងថាអភិបាលខេត្តថ្មីនឹងជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ ឱ្យកាន់តែល្អប្រសើរ ពិសេសដោះស្រាយបញ្ហាជួយឱ្យភ្ញៀវទេសចរមកលេងខេត្តសៀមរាបកាន់តែច្រើន។ ក្រៅពីនេះ លោក សាវ៉ាន់ ក៏ចង់ឱ្យអភិបាលខេត្តពង្រឹងការងារគ្រប់គ្រងបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំសណ្ដាប់ធ្នាប់ និងការលក់ដូរឱ្យមានរបៀបរៀបរយនៅតំបន់ខ្លះដូចជាមាត់ស្ទឹងជាដើម។ 
 
ជាអ្នកបម្រើក្នុងវិស័យទេសចរណ៍មួយរូប លោក សាវ៉ាន់ ក៏ចង់ឱ្យខេត្តបង្កើនការគិតគូរសោភ័ណភាព ដូចជាបំពាក់ភ្លើងបំភ្លឺផ្លូវនៅទីប្រជុំជនបន្ថែមទៀត ដូចជាតំបន់ពេញនិយមផាប់ស្រ្ទីត ដែលមានអំពូល​តែមិនបើកបំភ្លឺ។ លោកបន្ថែមថា៖« ប្រព័ន្ធភ្លើងយប់ឡើងគួរបើក សព្វថ្ងៃបើកខ្លះអត់ខ្លះ ផ្លូវថ្មើរជើង​អត់បើក បើកតែផ្លូវជិះម៉ូតូ ដូចផាប់ស្រ្ទីត កន្លែងខ្លះអត់បើកដែរ»។ 
 
ក្រៅពីនេះ លោក សាវ៉ាន់ ក៏ចង់ឱ្យអភិបាលខេត្តថ្មីបង្កើនការដាំដើមឈើនៅតាមដងផ្លូវ ទីសាធារណៈ​មួយចំនួនបន្ថែមទៀត ពិសេសផ្កាដើម្បីសោភ័ណភាពក្រុងទេសចរណ៍សៀមរាប។ បញ្ហាក្មេងទំនើង ក៏លោក សាវ៉ាន់ យល់ថា គួរមើលឡើងវិញដែរ និងរៀបចំព្រឹត្តិការណ៍ថ្មីៗបន្ថែមទៀត តែកុំរៀបចំកម្មវិធី​ដដែលៗ ដូចជាការលើកតម្កើងសិល្បៈ ផលិតផលក្នុងស្រុកឱ្យបានច្រើន។ល។
 
ចំណែកលោក គា រក្សា ជាពលរដ្ឋរស់នៅសង្កាត់ស្លក្រាម ចង់ឃើញអភិបាលខេត្តថ្មី បន្តទាក់ទាញអ្នកវិនិយោគមកកាន់ខេត្តសៀមរាប ផ្សព្វផ្សាយវិស័យទេសចរណ៍តាមតំបន់ឱ្យកាន់តែ​ទូលំទូលាយ ចាប់ដៃសហការគ្នាកាន់តែល្អជាមួយអាជ្ញាធរជាតិអប្សរាដើម្បីការពារតំបន់បេតិកភណ្ឌអង្គរ រៀបចំស្ទឹងសៀមរាប និងគ្រប់គ្រងសំរាមឱ្យបានល្អ។ បង្កើនការស្ថាបនាផ្លូវក្នុងក្រុង ដាក់ប្រព័ន្ធលូ​រំដោះទឹក ដើម្បីកុំឱ្យជន់លិចពេលភ្លៀងធ្លាក់ម្ដងៗ។ ត្រូវបង្កើនការគ្រប់គ្រងតំបន់ព្រៃលិច និងទប់ស្កាត់ការទន្រ្ទានបន្ថែមពីជនខិលខូច។
 
ដោយឡែកចំណែកកញ្ញា ឆាយ ផាន់នី វិញក៏មានសំណូមពរប្រហាក់ប្រហែលនឹងពលរដ្ឋដទៃទៀតដែរ។ ផាន់នី ចង់ឱ្យថ្នាក់ដឹកនាំខេត្តថ្មី បន្តយកចិត្តទុកដាក់ ដោះស្រាយកង្វល់របស់រាស្រ្តឱ្យបានឆាប់រហ័ស។ កញ្ញាលើកឡើដូច្នេះថា៖« អាជ្ញាធរខេត្តជាសេនាធិការឱ្យរាជរដ្ឋាភិបាល ត្រូវតែមានកិច្ចអន្តរាគមន៍ ជួយសម្របសម្រួលដោះស្រាយទៅតាមអ្វីជាក់ស្ដែង ទាន់ពេលវេលា និងមានតម្លាភាព ដោយមិនប្រកាន់បក្សពួកតូចធំឡើយ»។ 
 
លោក ប្រាក់ សោភ័ណ ត្រូវបានប្រកាសចូលកាន់តំណែង ជាអភិបាលខេត្តសៀមរាប ជា ផ្លូវការនៅថ្ងៃទី៥ កញ្ញា ក្រោមវត្តមានលោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ប្រធាន ស.ស.យ.ក. ខេត្តសៀមរាបរូបនេះ បានក្លាយជាអភិបាលរងខេត្តនៅខែកុម្ភៈ ឆ្នាំ២០២២ ជំនួសលោក ង៉ាន់ ភិរុណ ដែលត្រូវផ្ទេរតួនាទី និងតែងតាំងជាអគ្គារធិការដ្ឋាន នៃក្រសួងមហាផ្ទៃ។ 
 
ក្នុងពិធីប្រកាសជាផ្លូវការនៅចំពោះមុខថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការក្រោមឱវាទរាប់រយនាក់ លោកបានប្ដេជ្ញាប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត និងយកចិត្តទុកដាក់បង្កើនសមត្ថភាពដើម្បី ក្លាយជាមន្រ្តីដែលមានសមត្ថភាព សីលធម៌ បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ពិសេសលើ​កា​រ​បម្រើ​សេវាសាធារណៈជូនពលរដ្ឋ។ ថែរក្សាសន្ដិភាព សន្តិសុខ ធ្វើឱ្យភូមិ ឃុំ សង្កាត់មាន​សុវត្ថិភាព និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទដើម្បីបង្កើនភាពកក់ក្ដៅជូនពលរដ្ឋ។ នេះជាការប្ដេជ្ញាចិត្ត ក្នុងនាមអភិបាលខេត្តថ្មីដែលជាទីរំពឹងរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ប្រមាណជាង១លាននាក់៕
 

Tag:
 ប្រាក់ សោភ័ណ
  ផ្លូវខេត្តសៀមរាប
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com